(ភ្នំពេញ)៖ ការបោះឆ្នោតរបស់សមាជិកសហគមន៍អឺរ៉ុប ដើម្បីសម្រេចថាដាក់ ឬមិនដាក់គំនាបពន្ធលើអង្ករកម្ពុជា បានធ្វើរួចហើយ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ម្សិលមិញ ប៉ុន្តែលទ្ធផលនៃការបោះឆ្នោតនេះ មិនបានផ្តល់ឲ្យគណៈកម្មការអឺរ៉ុប អាចសម្រេចច្បាស់លាស់ថា ត្រូវដាក់គំនាបពន្ធលើកអង្ករកម្ពុជាបាននោះទេ។
លោក សុង សារ៉ន នាយកប្រតិបត្តិក្រុមហ៊ុននាំចេញអង្កររបស់កម្ពុជា គឺក្រុមហ៊ុន Amru Rice ដែលបានតាមដានយ៉ាងយកចិត្តទុកដាក់ លើបញ្ហាអង្ករនេះ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៥ ខែធ្នូនេះថា ការបោះឆ្នោតរបស់គណៈកម្មការអឺរ៉ុប រៀបចំរួចហើយកាលពីម្សិលមិញ ដោយក្នុងនោះប្រទេសនៃសហគមន៍អឺរ៉ុបចំនួន២៨ប្រទេស មាន៨ប្រទេសបោះឆ្នោតគាំទ្រកម្ពុជា មិនឲ្យដាក់គំនាបពន្ធលើអង្ករកម្ពុជាឡើយ និងប្រទេសចំនួន១៣បោះឆ្នោតគាំទ្រឲ្យអឺរ៉ុប ដាក់គំនាបពន្ធ ខណៈប្រទេស៧ផ្សេង មិនចូលរួមបោះឆ្នោតឡើយ។
បើតាមលោក សុង សារ៉ន ការបោះឆ្នោតអាចឲ្យគណៈកម្មការអឺរ៉ុបសម្រេចថា ដាក់គំនាបពន្ធដារ ឬលុបចោលការដាក់គំនាបបានលុះត្រា តែប្រទេសជាសមាជិកបោះឆ្នោតគាំទ្រ ឬមិនគាំទ្រលើសំឡេង៥៥ភារគយ ស្មើនឹង១៦សំឡេង ប៉ុន្តែប្រទេសសមាជិកអឺរ៉ុបគាំទ្រកម្ពុជាមានតែ៨ប្រទេស និងប្រទេសគាំទ្រឲ្យមានការដាក់គំនាបពន្ធលើកម្ពុជាមានតែ១៣សំឡេងប៉ុណ្ណោះ ដូច្នេះការបោះឆ្នោតនេះ មិនអាចឲ្យគណៈកម្មការអឺរ៉ុប សម្រេចបាននោះទេ។
លោក សុង សារ៉ន បញ្ជាក់ថា «នេះជាដំណឹងល្អសម្រាប់កម្ពុជា ដោយលទ្ធផលនៃការបោះឆ្នោតនេះបានសេចក្តីថា ទាំងកម្ពុជា និងភូមាក៏មិនឈ្នះ ហើយខាងប្រទេសអ៊ីតាលី និងអេស្ប៉ាញ ក៏មិនឈ្នះដែរ គឺអត់មានយោបល់ (No Oppion) បានន័យថា ការសម្រេចត្រូវធ្លាក់ទៅគណៈកម្មាការអឺរ៉ុបដដែល ដើម្បីពនិត្យឡើងវិញ ហើយលទ្ធផលនឹងបង្ហាញនៅពេលឆាប់ៗខាងមុខ»។
បើតាមលោក សុង សារ៉ន ប្រទេសសមាជិកអឺរ៉ុបចំនួន៨ ដែលបោះឆ្នោតគាំទ្រកម្ពុជានោះមាន៖ ប្រទេសឆែក, ដាណាម៉ាក, Estonia, ហ្វាំងឡង់, Luxembourg, ហូឡង់, ស៊ុយអ៊ែត និងអង់គ្លេស។
ក្នុងនាមអ្នកនាំចេញដ៏សំខាន់មួយ នាយកប្រតិបត្តិរូបនេះ ទទូចស្នើសុំឲ្យប្រទេសសហគមន៍អឺរ៉ុប ទម្លាក់ចូលការដាក់គំនាបពន្ធមកលើអង្ករកម្ពុជា និងធ្វើការពិនិត្យអង្កេតឡើងវិញ ប្រកបដោយព័ត៌មានគ្រប់ជ្រុងជ្រោយ រួមទាំងញែកឲ្យដាក់រវាងអង្ករកម្ពុជា និងអង្កររបស់ភូមា ព្រោះអង្ករកម្ពុជា ដែលនាំទៅអឺរ៉ុបភាគច្រើនជាអង្ករក្រអូប ដែលអឺរ៉ុបមិនអាចផលិតបាន។
សូមជម្រាបថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅនេះ ប្រតិភូកម្ពុជាដែលដឹកនាំដោយលោក សុខ ពុទ្ធិវុធ ប្រធានក្រុមប្រឹក្សាភិបាល សហព័ន្ធស្រូវអង្ករកម្ពុជា និងតំណាងរបស់ក្រសួងពាណិជ្ជកម្ម ជាមួយមេធាវីបរទេសការពារក្តីអង្ករកម្ពុជា បានអញ្ជើញទៅដល់ទីស្នាក់ការកណ្តាលសហគមន៍អឺរ៉ុប (EU) នាទីក្រុងប្រ៊ុសសែល ប្រទេសប៊ែលហ្សិក ដើម្បីការពារអង្ករកម្ពុជា ករណី EU ប្រុងដកការលើកលែងពន្ធ លើការនាំចូលអង្ករពីកម្ពុជា។ បន្ថែមលើការងារនេះ សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានចូលជួបស្ថានទូតសំខាន់ៗនៅកម្ពុជា ដើម្បីតវ៉ា និងស្នើឲ្យប្រទេសទាំងនោះគាំទ្រកម្ពុជាផងដែរ។
សហព័ន្ធស្រូវអង្ករកម្ពុជាចាត់ទុកថា ប្រសិនបើការដាក់វិធានការរបស់អឺរ៉ុបលើអង្ករកម្ពុជាសម្រេចនេះ មិនត្រឹមតែប៉ះពាល់ដល់អ្នកនាំចេញអង្ករ និងកសិករកម្ពុជាទេ ក៏នឹងប៉ះពាល់ដល់អ្នកនាំចូល និងអ្នកបរិភោគខ្លួនឯងនៅអឺរ៉ុបផងដែរ ព្រោះតំលៃអង្ករនាំចូលសហគមអឺរ៉ុបនឹងឡើងខ្ពស់ជាងមុន បន្ទាប់ពីបូកបញ្ជូលតំលៃពន្ធ ដោយកម្ពុជាក៏បានទទួលព័ត៌មានពីឈ្មួយទិញអង្ករនៅអឺរ៉ុបជាច្រើននាក់ គេបានថ្អូញថ្អែរ និងព្រួយបារម្ភប្រសិនបើ EU សម្រេចដាក់ពន្ធនាំចូលអង្ករពីកម្ពុជា ក្នុងពេលឆាប់ៗមែននោះ នឹងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពួកគេផងដែរ៕