(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង អំពីការប្រារព្ធពិធីឆ្លងឆ្នាំសកល ចូលឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តធ្វើឡើងនៅវិមានឈ្នះឈ្នះ ស្ថិតក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍ លី យ៉ុងផាត់ មហាវិថីឈ្នះឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។

បើតាមសេចក្ដីជូនដំណឹងដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ឆ្នាំនេះគឺជាខួបទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ដូច្នេះទើបសម្រេចប្រារព្ធពិធីឆ្លងឆ្នាំសកល នៅវិមានឈ្នឈ្នះតែម្ដង។

រដ្ឋបាលរាជធានីភ្នំពេញ ដោយមានកិច្ចសហការជាមួយគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ និងគណៈកម្មការអន្ដរក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា ពិធីនៅវិមានឈ្នឈ្នះ ក៏រៀបចំការប្រគំតន្ដ្រីសម័យខ្នាតធំ អមដោយការដាក់ស្ដង់តាំងពិពរណ៌ផលិតផល ការសម្ដែងសិល្បៈបុរាណ ខ្មែរ-សម័យ ជាច្រើនប្រភេទផងដែរ៕​