(ឡាវ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចនៅលើទឹកដីប្រទេសឡាវ នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីបានអញ្ជើញដាក់កម្រងផ្កានៅស្តូបយុទ្ធជនពលីជីវិត របស់ប្រទេសឡាវរួចហើយនោះ សម្ដេចបានអញ្ជើញជួបពិភាក្សាជាមួយលោកស្រី ប៉ានី យ៉ាថូទូ ប្រធានរដ្ឋសភាឡាវ។
នៅក្នុងជំនួបនោះ លោកស្រីប្រធានរដ្ឋសភា បានស្វាគមន៍សម្ដេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញមកទស្សនកិច្ចផ្លូវការ នៅប្រទេសឡាវ។ លោកស្រីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។
ក្នុងឱកាសនោះ លោកស្រីក៏បានអបអរសាទរ ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា និងជោគជ័យនៃការបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា។
លោកស្រីប្រធានរដ្ឋសភាបានបន្តថា ជោគជ័យនៃការបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជានៅពេលនេះ គឺបានបង្ហាញពីការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោផងដែរ ហើយលោកស្រីពិតជាមានជំនឿជឿជាក់ថា សម្ដេចតេជោហ៊ុនសែន និងគណបក្សប្រជាជនកម្ពុជា នឹងបន្តអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើន និងទទួលបានជោគជ័យបន្ថែមទៀត មិនថាតែប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺបានចូលរួមចំណែកដល់សុខសន្តិភាព និងការរីកចម្រើនរបស់តំបន់ទាំងមូលផងដែរ។
លោកស្រីប្រធានរដ្ឋសភា ក៏បានអបអរសាទរចំពោះលទ្ធផល នៃជំនួបរវាងនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរកាលពីព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ផងដែរ។
ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្ត្រី បានអរគុណចំពោះពាក្យពេចន៍ដ៏ល្អ របស់លោកស្រីប្រធានរដ្ឋសភាឡាវ។ សម្ដេចបានជម្រាបជូនលោកស្រីប្រធានរដ្ឋសភាឡាវថា ការបោះឆ្នោតនៅកម្ពុជាលើកនេះ បានប្រព្រឹត្តទៅដោយប្រជាធិបតេយ្យសេរី ដែលមានប្រជាជនប្រមាណជាង៨៣% បានទៅចូលរួមបោះឆ្នោត ដែលមានភាគរយច្រើនជាងការបោះឆ្នោតពីអាណត្តិមុនៗ។
សម្តេចតេជោបន្តថា ជោគជ័យនេះ គឺបានមកដោយសារប្រជាជនបានគាំទ្រចំពោះគណបក្សប្រជាជនកម្ពុជា មានជាង៧៧%នៃសំឡេងឆ្នោតបាន បោះឲ្យគណបក្សប្រជាជនកម្ពុជា ក្នុងចំណោមគណបក្សដែលបានចូលរួមបោះឆ្នោតចំនួន២០។
សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនលោកស្រីប្រធានរដ្ឋសភា អំពីលទ្ធផលនៃជំនួបចរចា រវាងសម្ដេចជាមួយនិងនាយករដ្ឋមន្ត្រីឡាវ ដែលពាក់ព័ន្ធនឹងការតភ្ជាប់វារីអគ្គិសនី ការតភ្ជាប់ស្ពានពីខេត្តចំប៉ាសាក់ មកខេត្តព្រះវិហារ ដែលជាការតភ្ជាប់រវាងប្រជាជននិងប្រជាជន ។
លោកស្រីប្រធានរដ្ឋសភាឡាវ បានចាត់ទុកថា ជោគជ័យនៃជំនួបថ្ងៃនេះមានសារៈសំខាន់ ក្នុងការបន្តជំរុញនូវ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។ លោកស្រីចង់ឲ្យនាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ ធ្វើការជាមួយគ្នាឲ្យបានជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហារវាងប្រទេសទាំងពីរ ឲ្យបានប្រសើរឡើងថែមទៀត៕