(ហាណូយ, វៀតណាម)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨នេះ បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅលើទឹកដីនៃប្រទេសវៀតណាម។ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនេះ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅស្តូបយុវជនពលីនៃកងទ័ពប្រជាជនវៀតណាម និងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅស្តូបលោកប្រធានហូជីមិញផងដែរ។
ក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការ ដែលធ្វើឡើងនៅវិមានរដ្ឋ ក្នុងទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចតេជោ ហ៊ុន សែន ត្រូវបានស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុតពីសំណាក់សមភាគីនាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន សួនហ៊្វុក។ នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលអមដំណើរដោយផ្ទាល់ពីសមភាគីនាយករដ្ឋមន្រ្តីវៀតណាម បានអញ្ជើញគោរពទង់ជាតិ និងភ្លេងជាតិ នៃប្រទេសទាំងពីរ។
បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចផ្លូវការរួចមកប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម សម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀន សួនហ៊្វុក បានអញ្ជើញជួបប្រជុំចង្អៀតមួយទល់មួយ ឆ្លងកាត់អ្នកបកប្រែ មុនឈានទៅកិច្ចប្រជុំកំពូលទ្វេភាគី សម្រាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។
បន្ទាប់ពីពិភាក្សាគ្នាក្នុងជំនួបចង្អៀត និងកិច្ចប្រជុំកំពូលទ្វេភាគី ដែលបានចំណាយពេលនជាង ២ម៉ោងប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រួចមក ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ឡាវ បានអញ្ជើញធ្វើជាសាក្សីនៃពិធី ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៦ រួមមាន៖
ទី១៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីយុទ្ធសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន សម្រាប់រយះ ពេល៧ឆ្នាំ ពីឆ្នាំ២០១៨-២០២៥។
ទី២៖ វិសោធនកម្មពិធីសារឆ្នាំ២០០៥ សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងនៃការដឹកជញ្ជូនតាមផ្លូវគោកឆ្នាំ១៩៩៨។
ទី៣៖ វិសោធនកម្មកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនផ្លូវទឹកឆ្នាំ២០០៩។
ទី៤៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម។
ទី៥៖ កិច្ចសម្របសម្រួលជំរុញពាណិជកម្មទ្វេភាគីកម្ពុជា-វៀតណាម សម្រាប់ឆ្នាំ២០១៨-២០១៩ ស្តីពីការអនុគ្រោះលើពន្ធបន្ទាត់ពន្ធគយឲ្យគ្នាទៅវិញទៅមក។
ទី៦៖ កិច្ចព្រមព្រៀងស្តីពីការទប់ ស្កាត់ការជួញដូរ ការជីកកកាយដោយខុសច្បាប់ និងការនាំត្រឡប់មកវិញ នូវសម្បត្តិបេតិកភណ្ឌ នៃប្រទេសទាំងពីរកម្ពុជា វៀតណាម។
សូមបញ្ជាក់ថា ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីទៅកាន់ទីក្រុងណាណូយនៅពេលនេះ ឆ្លើយតបតាមការអញ្ជើញពីសមភាគីនាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន សួនហ៊្វុក បន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីសាជាថ្មីម្តងទៀត ក្នុងរដ្ឋសភានីតិកាលទី៦ កាលពីដើមខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីពីការបោះឆ្នោតសកល ជ្រើស តាំងតំណាងរាស្រ្ត នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០១៨។
ប្រទេសទាំងពីរកម្ពុជា-វៀតណាម បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧។ តែត្រូវបានកាត់ផ្តាច់នៅខែមីនាឆ្នាំ១៩៧០ និងបានភ្ជាប់ទំនាក់ទំនងឡើងវិញ នៅខែមករា ឆ្នាំ១៩៧៩។ វៀតណាម និងកម្ពុជា គឺជាប្រទេសដែលមានភូមិផងរបងជាមួយគ្នា មានព្រំប្រទល់រួមគ្នាប្រវែងប្រមាណជាង ១,២៧០គីឡូម៉ែត្រ។
ដំណើរបំពេញទស្សនកិច្ចផ្លូវការ របស់សម្តេចតេជោ ទៅកាន់ប្រទេសវៀតណាមនៅពេលនេះ គឺដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ឲ្យកាន់តែខ្លាំងក្លាថែមទៀត ពិសេសការខិតខំរួមគ្នា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខតាមព្រំដែន និងកិច្ចសហប្រតិបត្តិការដទៃទៀត ដែលភាគីទាំងពីរធ្លាប់បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា កាលពីពេលកន្លងមក ឲ្យកាន់តែមានភាពប្រសើរឡើងថែមទៀត។
គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី បំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមនាពេលនេះរួមមាន៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ, ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន, លោក វ៉េង សុខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ និងនេសាទ, លោក ប៉ាន់ សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល, លោកបណ្ឌិតសុភាចារ្យ ហង់ ជូនណារ៉ុង រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា, លោក ខៀវ កា ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន, លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេចរណ៍, លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, លោក កែវ បាភ្នំ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, លោក ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕