(ហាណូយ, វៀតណាម)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កម្ពុជា និងវៀតណាម នៅតែអាចរក្សាបានទំនាក់ទំនងល្អប្រសើរជាមួយភាពជឿជាក់ បើទោះបីស្ថានការណ៍នយោបាយនៅលើពិភពលោកនាពេលបច្ចុប្បន្នមានការប្រែប្រួលយ៉ាងស្រួចស្រាវ និងពិបាកប៉ានស្មានក៏ដោយនោះ។
ការលើកបង្ហាញនូវការរក្សាបាននូវភាពរឹងមាំនៃទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈសុន្ទរកថាក្នុងពេលចូលរួមពិធីលាងសាយភោជនដែលរៀបចំដោយនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ៊្វុក នៅយប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨នេះនៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ក្នុងប្រវត្តិសាស្ត្របានបង្ហាញថា ក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ កម្ពុជា និងវៀតណាម តែងតែមានការប្រេះឆាទំនាក់ទំនងនឹងគ្នា ព្រោះតែឥទ្ធិពលមនោគមន៍របស់ប្រទេសមហាអំណាច។ តួយ៉ាងដូចជាក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត ដែលមានចិនជាបង្អែក និងវៀតណាម ដែលមានអតីតសហភាពសូវៀតជាបង្អែកនោះ គឺមានជម្លោះយ៉ាងស្រួចស្រាវជាមួយគ្នា។
ការប្រជែងគ្នាជាថ្មីរបស់ប្រទេសមហាអំណាចក្នុងលោកអាមេរិកក្នុងចិន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជាថ្មី ជាពិសេសបម្រែបម្រួលទំនាក់ទំនងក្នុងពេលបច្ចុប្បន្នកម្ពុជា ស្និទ្ធជិត វៀតណាម ស្និទ្ធអាមេរិក ជាហេតុនាំឲ្យមានមន្ទិលសង្ស័យនៃទំនាក់ទំនងរវាងកម្ពុជា-វៀតណាម។ នៅក្នុងពិធីលាងសាយភោជននៅទីក្រុងហាណូយ រដ្ឋធានីបេះដូងរបស់វៀតណាមនៅយប់ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា ទំនាក់ទំនងកម្ពុជា និងវៀតណាម នៅតែបន្តរក្សាបានភាពល្អប្រសើរជាមួយនឹងភាពជឿជាក់ បើទោះបញ្ហានយោបាយពិភពលោកប្រែប្រួលយ៉ាងលឿនក៏ដោយនោះ។
សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ «ទោះបីសភាពការណ៍នយោបាយនៅលើសកលលោកមានការប្រែប្រួលយ៉ាងស្រួចស្រាវ ឆាប់រហ័ស និងពិបាកប៉ានស្មានយ៉ាងណាក៏ដោយ ក៏ប្រទេសយើងទាំងពីររក្សាបាននូវមិត្តភាពមនោសញ្ចេតនា និងការយោគយល់គ្នាប្រកបដោយស្មារតីជឿជាក់គ្នាទៅវិញទៅមកក្នុងភាពជាប្រទេសភូមិផងរបងតែមួយ»។
សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា ជាមួយនឹងការជឿជាក់ និងភាតរភាពនេះ កម្ពុជា និងវៀតណាម ត្រូវរួមគ្នាអនុវត្តន៍ឲ្យម៉ឹងម៉ាត់ ដើម្បីសម្រេចឲ្យបានជោគជ័យរាល់ទិសដៅដែលប្រទេសទាំងពីរបានដាក់ចេញ។ ក្នុងនោះត្រូវខិតខំរួមគ្នាបន្តដោះស្រាយឲ្យបានឆាប់នូវបញ្ហាមួយចំនួនដែលនៅសេសសល់ដូចជាខណ្ឌសីមា និងបោះបង្គោលព្រំដែន ការសម្រេចឲ្យបានទំហំពាណិជ្ជកម្ម ៥ពាន់លានដុល្លារនៅឆ្នាំ២០២០ និងការតភ្ជាប់គ្រប់វិស័យរវាងកម្ពុជា និងវៀតណាម និងការទប់ស្កាត់ទង្វើខុសច្បាប់គ្រប់ទម្រង់ និងគ្រប់រូបភាពនៅតាមព្រំដែនជាដើម។
ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដែរថា ក្នុងឱកាសប្រារព្ធខួប៤០ឆ្នាំ នៃថ្ងៃជ័យជម្នះ ៧ មករា នៅឆ្នាំ២០១៨នេះ កម្ពុជានឹងរៀបចំប្រារព្ធពិធីឲ្យបានអធឹកអធម ដើម្បីបង្ហាញនូវសច្ចភាពប្រវត្តិសាស្ត្រថ្ងៃ ៧ មករា ដែលបានរំដោះប្រទេស រំដោះជីវិតប្រជាពលរដ្ឋជាថ្មី។ បើតាមសម្តេចតេជោ ការប្រារព្ធពិធីនេះ ក៏ជាការរំលេចឲ្យឃើញពីតួនាទីដ៏សំខាន់របស់ប្រទេសវៀតណាមក្នុងការជួយរំដោះប្រទេស និងទប់ស្កាត់ប្រទេសកុំឲ្យរបបខ្មែរក្រហមវិលត្រឡប់មកវិញផងដែរ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមទៀតថា រដ្ឋាភិបាល និងប្រជាជនកម្ពុជា ចងចាំជានិច្ចចំពោះការលះបង់ និងការជួយជ្រុំជ្រែងរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម រំដោះប្រទេស និងប្រជាជនកម្ពុជាចេញពីរបបខ្មែរក្រហម។
នៅក្នុងពិធីលៀងសាយភោជននេះ លោកនាយករដ្ឋមន្រ្តីវៀតណាម បានសម្តែងនូវការវាយតម្លៃខ្ពស់ជូនចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានចំណាយ នូវពេលវេលាដ៏មានតម្លៃបំផុត ឆ្លើយតបតាមអញ្ជើញរបស់លោក បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាព ក្នុងនាមជាប្រទេសជិតខាងនឹងគ្នា។
លោកនាយករដ្ឋមន្រ្តីបន្តថា «យើងពិតជាមានការរីករាយ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់នាំ មន្រ្តីពាក់ព័ន្ធ នៃប្រទេសទាំងពីរ ដែលមានការយចិត្តទុកដាក់ខ្ពស់ចំពោះផលប្រយោជន៍ជាតិ និងប្រជាជន នៃប្រទេសទាំងពីរ»។
លោក ង្វៀន សួនហ៊្វុក បន្តថា រដ្ឋាភិបាល ក៏ដូចជាប្រជាជនវៀតណាម បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់ប្រទេសវៀតណាមនៅពេលនេះ គឺជាកិត្តិយសដ៏ធំធេង ក្នុងការពង្រឹងនូវទំនាក់ទំនងវៀតណាម-កម្ពុជា ដែលជាមិត្តស្និទ្ធស្នាល និងជាប្រទេសភូមិផងរបងជាមួយគ្នា។
សូមបញ្ជាក់ថា ប្រទេសទាំងពីរកម្ពុជា-វៀតណាម បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧។ តែត្រូវបានកាត់ផ្តាច់នៅខែមីនាឆ្នាំ១៩៧០ និងបានភ្ជាប់ទំនាក់ទំនងឡើងវិញ នៅខែមករា ឆ្នាំ១៩៧៩។ វៀតណាម និងកម្ពុជា គឺជាប្រទេសដែលមានភូមិផងរបងជាមួយគ្នា មានព្រំប្រទល់រួមគ្នាប្រវែងប្រមាណជាង ១,២៧០គីឡូម៉ែត្រ៕