(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងទិវាជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១២ ឆ្នាំ២០១៨ បានអះអាងថា ពេលនេះកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ កំពុងតែបើកការស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់ លើកករណីខ្សែវីដេអូមួយ ដែលមានខ្លឹមសារម្ដាយលក់កូន ដើម្បីដឹងថា រឿងនេះជារឿងពិត ឬប្រឌិត។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «កន្លងទៅនេះមានខ្សែវីដេអូមួយ បានចងក្រងនូវសកម្មភាពមួយអំពីម្ដាយលក់កូន ឥលូវនេះកំពុងស្ថិតក្នុងដំណាក់កាលស្រាវជ្រាវសិក្សា ពីព្រោះថាយកទៅផ្សាយនៅទូរទស្សន៍ RT តើរឿងនោះជារឿងពិត ឬក៏ជារឿងប្រឌិត [...] តែក៏បានព័ត៌មានខ្លះហើយ ពិសេសពីតួអង្គដែរដើរតួក្នុងរឿងនេះ តែយើងត្រូវការប្រភពព័ត៌មានផ្សេងៗទៀត តែមកទល់ពេលនេះព័ត៌មានយើងទទួលបាន យើងអត់ទាន់ធ្វើការសន្និដ្ឋានជាក់លាក់ថាយ៉ាងមិចនោះទេ»។

ក្នុងនាមជាប្រធាន​គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស សម្ដេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់ផងដែរថា ជុំវិញករណីនេះសម្ដេចខ្លួនឯងផ្ទាល់ ក៏មិនទាន់ហ៊ានសន្និដ្ឋានថា ពិតកម្រិតណា ឬមិនពិតកម្រិតណានោះទេ ខណៈកម្លាំងសមត្ថកិច្ចកំពុងតែបើកការស្រាវជ្រាវ រកអ្នកទទួលខុសត្រូវធ្វើ យ៉ាងយកចិត្ដទុកដាក់នៅឡើយ។

សូមជម្រាបថា ពាក់ព័ន្ធករណីនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏​បានបង្ហាញ និងបកស្រាយព័ត៌មានលម្អិត ជុំវិញការឃាត់ខ្លួនបុគ្គលឈ្មោះ រ៉ាត់ រ័ត្នមុនី ពីសំណាក់សមត្ថកិច្ចថៃ ក្រោយ​មានសេចក្ដីរាយការណ៍ ពីកម្លាំងសមត្ថកិច្ចកម្ពុជា ដែលបុគ្គលនេះជាប់ពាក់ព័ន្ធ ​ក្នុងការចូលរួមផលិតវីដេអូ ជាមួយសារព័ត៌មានរុស្ស៊ី (RT) ដោយដាក់ចំណងជើងថា «ម្ដាយខ្ញុំ លក់ខ្ញុំ» បណ្ដាលឲ្យមានការប៉ះពាល់យ៉ាងខ្លាំង ដល់ប្រពៃណី និងកិត្តិយសស្ដ្រីខ្មែរ។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់អំពី ដំណើររឿង​ថា បន្ទាប់ខ្សែវីដេអូ ដែលមានប្រមាណ២៧នាទី ត្រូវបានចែកចាយក្នុងបណ្ដាញសង្គម កាលពីអំឡុងខែតុលា ឆ្នាំ២០១៨នោះ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បានបញ្ជាឲ្យបើកការស្រាវជ្រាវភា្លមៗ​ ព្រោះថាវីដេអូនេះហាក់ដូចជា ការបន្ទាបបន្ថោកយ៉ាងខ្លាំងដល់ស្ដ្រីខ្មែរ ខណៈរាជរដ្ឋាភិបាល កំពុងតែលុបបំបាត់នូវអំពើជួញដូរមនុស្សនេះ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងថា ឆ្លងតាមការស្រាវជ្រាវ និងប្រមូលភ័ស្ដុតាង ព្រមទាំងមានការបំភ្លឺតួអង្គសម្ដែង២នាក់ ក្នុងចំណោមតួអង្គ៣នាក់ ឈ្មោះ កែវ ម៉ាឡៃ អាយុ៤៨ឆ្នាំ និងយុវតីឈ្មោះ ឃៀង ស្រីម៉ិច អាយុ១៨ឆ្នាំ (កូន កែវ ម៉ាឡៃ) បានអះអាងថា រឿងនេះមិនមែនជារឿងពិតនោះទេ ពោលគ្រាន់តែជាការសម្ដែងតែប៉ុណ្ណោះ ក្រោយមានការលួងលោមពីឈ្មោះ រ៉ាត់ រ័ត្នមុនី ដោយពេលកំពុងថតរឿងនេះ មានចំណងជើងថា «ប្រទេសខ្មែរក្រោយរបប ប៉ុល ពត» ប៉ុន្ដែពេលសម្ដែងចប់បែរជាចេញចំណងជើងថា «ម្ដាយខ្ញុំ លក់ខ្ញុំ» ទៅវិញ។

យោងតាមការស្រាវជ្រាវ និងប្រមូលភ័ស្ដុបំភ្លឺរបស់ជនរងគ្រោះឈ្មោះ កែវ ម៉ាឡៃ ​និង​ឈ្មោះ ឃៀង ស្រីម៉ិច កម្លាំងសមត្ថកិច្ចបានសន្និដ្ឋានថា មានតែឈ្មោះ រ៉ាត់ រ័ត្នមុនី ប៉ុណ្ណោះដែលអាចបំភ្លឺជុំវិញករណីដែលកំពុងចែកចាយពេញបណ្ដាញសង្គមនេះបាន អំពីមូលហេតុ ប្រភព និងគោលបំណង នៃការផលិតនូវឃ្លឹបវីដេអូនេះឡើងក្នុងចេតនាទុច្ចរិក ជាពិសេសដើម្បីរកថា ​អ្នកណាជាមេផ្ដើមគំនិត ដែលវាយតម្លៃបន្ថោកកិត្តិយសរបស់កម្ពុជា។

យ៉ាងណាមិញ ជុំវិញការបញ្ជូនខ្លួនឈ្មោះ រ៉ាត់ រ័ត្នមុនី របស់សមត្ថកិច្ចថៃ មកឲ្យសមត្ថកិច្ចកម្ពុជាវិញនោះ ត្រូវបានលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បញ្ជាក់ថា នឹងបញ្ជូនមកកម្ពុជានាពេលឆាប់ៗនេះ ខណៈដែលពេលនេះសមត្ថកិច្ចប្រទេសទាំងពីរ កំពុងតែដំណើរការរឿងនេះទៅតាមនីតិវិធីច្បាប់៕