(ភ្នំពេញ)៖ បន្ទាប់ពីហាមឃាត់អស់ជាច្រើនឆ្នាំ ការចិញ្ចឹមត្រីឆ្តោត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឲ្យប្រជាពលរដ្ឋចិញ្ចឹមឡើងវិញកាលពីឆ្នាំ២០១៦កន្លងទៅនេះ។ ការអនុញ្ញាតឲ្យចិញ្ចឹមត្រីឆ្តោឡើងវិញធ្វើឲ្យកម្ពុជាកាត់បន្ថយការនាំចូលត្រីឆ្តោពីប្រទេសវៀតណាមជាង ៤០ពាន់តោននៅក្នុងមួយឆ្នាំ។
ការចិញ្ចឹមត្រីឆ្តោត្រូវបានរាជរដ្ឋាភិបាលហាមឃាត់មិនឲ្យចិញ្ចឹម ក្រោមការពន្យល់ពីអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ចាន់ សារុន ថា ការចិញ្ចឹមត្រីឆ្តោនេះនាំឲ្យហិនហោចដល់កូនត្រីដែលគេនឹងត្រូវចាប់យកមកធ្វើជាចំណីត្រីឆ្តោ។ ការមិនចិញ្ចឹមត្រីឆ្តោនេះ ធ្វើឲ្យប្រជាពលរដ្ឋត្រូវទិញត្រីឆ្តោនាំចូលពីប្រទេសវៀតណាម រាប់ពាន់តោននៅក្នុងមួយឆ្នាំៗ។
លុះដល់ឆ្នាំ២០១៦ ក្រោយពេលលោក វេង សាខុន ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានស្នើរាជរដ្ឋាភិបាលអនុញ្ញាតឲ្យមានការចិញ្ចឹមត្រីឆ្តោឡើងវិញ។ លោកបានពន្យល់ថា ការចិញ្ចឹមត្រីឆ្តោមិនធ្វើឲ្យវិនាសដល់ធនធានត្រីនោះទេ ព្រោះការចិញ្ចឹមត្រីនេះមិនមែនពឹងផ្អែកតែលើការយកកូនត្រីមកធ្វើជាចំណីនោះទេ គឺមានចំណីផ្សេងៗទៀតផងដែរ។
មួយវិញទៀតការបើកឲ្យចិញ្ចឹមត្រីឆ្តោនេះ ក៏ជាការរួមចំណែកលើកកម្ពស់ជីវភាពរបស់អ្នកចិញ្ចឹមត្រី ហើយក៏កាត់បន្ថយការនាំចូលត្រីពីប្រទេសជិតខាង ដែលប្រជាពលរដ្ឋចំណាយលុយយ៉ាងច្រើនជួយចិញ្ចឹមពលរដ្ឋវៀតណាម តាមរយៈការទិញត្រីឆ្តោនេះ។
ក្នុងពេលចុះទៅពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រីឆ្តោមួយកន្លែងរបស់ប្រជាពលរដ្ឋនៅក្នុងឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ម្សិលមិញនេះ លោក វេង សាខុន បានអះអាងថា ការបើកចិញ្ចឹមត្រីឆ្តោឡើងវិញធ្វើឲ្យកម្ពុជាកាត់បន្ថយការនាំចូលត្រីឆ្តោពីប្រទេសវៀតណាម បានជាង ៤០ពាន់តោន។ ពីមុនក្នុងមួយឆ្នាំកម្ពុជានាំចូលត្រីឆ្តោប្រមាណ ៦០ពាន់តោនក្នុងមួយឆ្នាំ តែបច្ចុប្បន្ននាំចូលតែប្រមាណ ១៣ពាន់តោនតែប៉ុណ្ណោះ។
លោករដ្ឋមន្ត្រី បានឲ្យដឹងទៀតថា បច្ចុប្បន្នកម្ពុជាចិញ្ចឹមត្រីឆ្តោបានប្រមាណ ៦០ពាន់តោនក្នុងមួយឆ្នាំ ហើយរំពឹងថា ការចិញ្ចឹមនឹងមានការកើនឡើងជាបន្តបន្ទាប់ នឹងធ្វើឲ្យចំនួននាំចូលត្រីឆ្តោនឹងកាន់តែធ្លាក់ចុះ។
លោក ឡោង ស្រ៊ាង អ្នកប្រកបរបរចិញ្ចឹមត្រី បានបង្ហាញការសាទរ និងរីករាយ ចំពោះការបើកឲ្យចិញ្ចឹមត្រីឆ្តោឡើងវិញនេះ។ លោកបានពន្យល់ថា ពីមុនហាមមិនឲ្យចិញ្ចឹមត្រីឆ្តោធ្វើឲ្យកម្ពុជាខាតច្រើន ដោយទី១មួយត្រូវនាំកូនត្រីលក់ទៅឲ្យប្រទេសជិតខាង ហើយទិញត្រីចិញ្ចឹមគេមកហូបជំនួសវិញ។
តែក្រោយពេលបើកឲ្យចិញ្ចឹមវិញ ធ្វើឲ្យចំណេញការងារដល់ប្រជាពលរដ្ឋ ហើយក៏ធ្វើឲ្យពលរដ្ឋខ្មែរមិនប្រឈមនឹងជំងឺដោយសារហូបត្រីនេះផងដែរ។ នេះបើតាមការបញ្ជាក់របស់អ្នកចិញ្ចឹមត្រីរូបនេះ។
លោក ឡោ ស្រ៊ាង អះអាងថា ត្រីឆ្តោចិញ្ចឹមនៅប្រទេសប្រឈមនឹងជំងឺច្រើន ព្រោះពួកគេចិញ្ចឹមប្រើថ្នាំគីមីច្រើន មិនដូចការចិញ្ចឹមនៅកម្ពុជាមានអាកាសធាតុល្អ ការចិញ្ចឹមមិនប្រើថ្នាំគីមី ហើយស្រដៀងហ្នឹងត្រីធម្មជាតិដែរ មិនបង្កផលប៉ះពាល់ដល់សុខភាពរបស់អ្នកហូបនោះទេ។
អ្នកចិញ្ចឹមត្រីរូបនេះអះអាងទៀតថា ការចិញ្ចឹមត្រីឆ្តោនេះ ក៏មានផ្តល់ចំណេញផងដែរ ព្រោះថាការឲ្យចំណេញ និងរយៈពេលចិញ្ចឹមប្រហាក់ប្រហែលនឹងត្រីប្រភេទដទៃដែរ តែតម្លៃបានខ្ពស់ជាងត្រីប្រភេទដទៃ៕