(ភ្នំពេញ)៖ ទឹកភ្លៀង និងការដឹកលើសទម្ងន់នៅក្នុងរដូវវស្សាកន្លងទៅនេះ បានធ្វើឲ្យផ្លូវជាតិលេខ៤៨ តភ្ជាប់ពីផ្លូវជាតិលេខ៤ ក្នុងស្រុកស្រែអំបិល ឆ្ពោះទៅកាន់ខេត្តកោះកុង បានរងការខ្ទេចខ្ទាំយ៉ាងខ្លាំង។

ផ្លូវជាតិលេខ៤៨ ដើរតួនាទីយ៉ាងសំខាន់សម្រាប់ការដឹកជញ្ជូន និងធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ជាពិសេសសម្រាប់ប្រជាពលរដ្ឋទៅលេងកម្សាន្តក្នុងពេលប្រារព្ធពិធីបុណ្យសមុទ្រថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨នេះ។ បើផ្លូវនេះបន្តស្ថិតក្នុងស្ថានភាពលំបាកច្បាស់ណាស់នឹងបង្កការលំបាកសម្រាប់ប្រជាពលរដ្ឋ ហើយក៏អាចបង្អាក់ទឹកចិត្តពួកគេឲ្យរារែកក្នុងការចូលរួមលេងកម្សាន្តក្នុងពិធីបុណ្យនេះផងដែរ។

ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ត្រូវស្តារ និងជួសជុលផ្លូវមួយខ្សែនេះឲ្យរួចរាល់មុនពិធីបុណ្យសមុទ្រ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រឹងប្រែងជំរុញយ៉ាងខ្លាំងលើការងារនេះ ដោយបានដាក់កម្លាំងសាងសង់ផ្លូវរបស់ក្រសួងសាធាណការ និងដឹកជញ្ជូន រួមទាំងកម្លាំងមកពីកងវិស្វកម្មលេខ១៧៨ ស្ពាន-ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិផងដែរ។

កងវិស្វកម្មលេខ១៧៨ ស្ពាន-ថ្នល់ បានធ្វើការយ៉ាងសកម្មក្នុងការស្តារ និងជួសជុលផ្លូវមួយនេះ ដោយបានដាក់គ្រឿងចក្រ ៥៧គ្រឿង និងកងកម្លាំង ៦៣នាក់ ចូលរួមជួសជុលផ្លូវនេះ ចាប់តាំងពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨មក រហូតធ្វើឲ្យការស្តារ និងជួសជុលបានសម្រេចទាន់ពេលវេលាជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅលេងបុណ្យសមុទ្រ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជាក្នុងពិធីបើកបុណ្យសមុទ្រនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ បានថ្លែងកោតសរសើរដល់ក្រសួងសាធារណការ និងដឹកជញ្ជូន និងកងវិស្វកម្ម ដែលបានប្រឹងប្រែងរួមគ្នាស្តារ និងជួសជុលផ្លូវមួយខ្សែនេះរួចរាល់មុនពិធីបុណ្យសមុទ្រចាប់ផ្តើម។

«ថែស្នេហ៍ឧត្តម» គឺជាចម្រៀងមួយបទ ដែលបានរៀបរៀង និងចងក្រងឡើយដោយកងវិស្វកម្មលេខ១៧៨ ដើម្បីលាតត្រដាងពីអនុស្សាវរីយ៍ និងកិច្ចប្រឹងប្រែងក្នុងការជួសជុល និងស្តារផ្លូវនេះឡើងវិញ។ ដើម្បីបានជ្រាបច្បាស់ពីកម្រងអនុស្សាវរីយ៍ និងការប្រឹងប្រែងក្នុងការស្តារ និងជួសជុលផ្លូវជាតិលេខ៤៨ សូមសូមទស្សនាបទចម្រៀង «ថែស្នេហ៍ឧត្តម»៕