(ភ្នំពេញ)៖​​ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៃកម្ពុជា​ និងលោក តេអូឌ័រ ម៉េឡិស្កាណូ រដ្ឋមន្រ្តីការបរទេសរូម៉ានី​ បានឯកភាពគ្នាជំរុញឱ្យមានការបង្កើតក្រុមប្រឹក្សាពាណិជ្ជកម្មកម្ពុជា-រូម៉ានី ក្រុមការងារអន្តរនាយកដ្ឋាន រវាងក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ និងគណៈកម្មាធិការសេដ្ឋកិច្ចចម្រុះ។

តាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ​ ដែលអង្គភាពព័ត៌មាន​ Fresh News ទទួលបាននាថ្ងៃទី១៦​ ខែធ្នូ​ ឆ្នាំ២០១៨នេះ​ បានឱ្យដឹងថាការឯកភាពគ្នានេះ​ធ្វើឡើងក្នុងឱកាសឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អញ្ជើញទស្សនកិច្ចផ្លូវការនៅប្រទេសរូម៉ានី​ ចាប់ពីថ្ងៃទី១២-១៣ ខែធ្នូ ឆ្នាំ២០១៨។

សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់យ៉ាងដូចនេះថា​ ដោយពិនិត្យលើសក្តានុពលដែលកម្ពុជា​ និងរូម៉ានី​មានស្រាប់​ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានគូសបញ្ជាក់ពីភាពចាំបាច់ នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត ដើម្បីពង្រីកភាពជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្ម។​

ភាគីទាំងពីរបានឯកភាពរួមគ្នាជំរុញ ឱ្យមានការបង្កើតក្រុមប្រឹក្សាពាណិជ្ជកម្ម កម្ពុជា-រូម៉ានី ក្រុមការងារអន្តរនាយកដ្ឋានរវាងក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ និងគណៈ កម្មាធិការសេដ្ឋកិច្ចចម្រុះ។

រដ្ឋមន្ត្រីការបរទេសទាំងពីរបានកត់សម្គាល់ថា ប្រទេសទាំង ពីរមានសក្តានុពលជាច្រើន សម្រាប់កិច្ចសហប្រតិបត្តិការនៅក្នុងវិស័យកសិកម្ម ព័ត៌មានវិទ្យា និងប្រេង​ ឧស្ម័នសម្រាប់គ្រឿងម៉ាស៊ីន​ ហើយបានឯកភាពលើកទឹកចិត្តឱ្យស្ថាប័ន ពាក់ព័ន្ធពិភាក្សាគ្នាលម្អិតបន្តទៀត៕