(ភ្នំពេញ)៖ សម័យប្រលងជ្រើសក្របខណ្ឌមន្ត្រីនគរបាលជាតិឆ្នាំ២០១៨ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ នៅមណ្ឌលវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ដោយនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការកណ្តាលរៀបចំការប្រឡងប្រជែងជ្រើសរើសឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ បានអញ្ជើញបើកកញ្ចប់វិញ្ញាសារប្រលងជ្រើសក្របខណ្ឌមន្ត្រីនគរបាលជាតិ។

ក្នុងការងារដំណើរការរៀបចំប្រឡងជ្រើសក្របខណ្ឌមន្ត្រីនគរបាលជាតិឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ ប្រធាននាយកដ្ឋានបុគ្គលិក និង ជាប្រធានមណ្ឌល បានដឹកនាំក្រុមការងារបែងចែកតួនាទីភារកិច្ច និងត្រួតពិនិត្យការងារប្រឡងជ្រើសឲ្យប្រព្រឹត្តទៅបានល្អប្រសើរ។

ការប្រឡងជ្រើសក្របខណ្ឌមន្ត្រីនគរបាលជាតិ២០១៨ នៅមណ្ឌលវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក មានបេក្ខជនចូលរួមប្រឡង ចំនួន១,៨១៦នាក់ បានបែងចែកជា៧៤បន្ទប់ ដែលនិងត្រូវជ្រើសចូលបម្រើការងារក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចំនួន៥៩០នាក់ សម្រាប់១១នាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ។

នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ ប្រធាននាយកដ្ឋានបុគ្គលិក និងជាប្រធានមណ្ឌល ក៏បានធ្វើការ ផ្តាំផ្ញើ និងលើកទឹកចិត្តដល់បេក្ខជនទាំងអស់ខិតខំឲ្យអស់លទ្ធភាពក្នុងការប្រឡងនាឱកាសនេះ ឲ្យទទួលបានជោគជ័យ៕