(កំពង់ធំ)៖ ផ្ទះខ្នងទី១០៦ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​​កម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានប្រគល់ជូនលោក នួន សាខន ជាអតីតមន្ត្រីនគរបាលចូលនិវត្តន៍ រស់នៅនៅ​ភូមិ​ព្រែក​ស្បូវ​ សងសង្កាត់អូរកន្ធរ ក្រុង​ស្ទឹង​សែន​ ខេត្តកំពង់ធំ។

ការប្រគល់នេះ ត្រូវបានធ្វើឡើងនាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត។

លោក​អនុ​សេនីយ៍​ឯក​ នួន សាខន​ អតីត​មន្ត្រី​នគរបាល​ A3 (នគរបាល​ប្រយុទ្ធ​)​ ក្រោយ​មក​ជា​មន្ត្រី​នគរបាល​ខេត្ត​កំពង់ធំ​ មាន​អាយុ​៦១​ឆ្នាំ​ បាន​ចូលរួម​បម្រើ​ក្នុង​ជួរ​នគរបាល​ នៅឆ្នាំ​១៩៨៨​ ហើយ​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​ប្រកាស​ដាក់​ឲ្យ​ចូល​និវត្តន៍​ នៅឆ្នាំ​២០១៤។

លោក នួន សាខន​ មាន​ភរិយា​ឈ្មោះ​ សូ រិយា​ អាយុ​៦៤ឆ្នាំ​ មាន​កូន​ចំនួន៤នាក់​ និង​ចិញ្ចឹម​ចៅ​តូចៗ​ចំនួន​២នាក់​បន្ថែម​ទៀត​។ បច្ចុប្បន្ន​គាត់​គ្មាន​មុខ​របរ​អ្វី​ក្រៅ​ពី​ប្រាក់​បៀវត្ស​ប្រចាំ​ខែ​ ដែល​រាជរដ្ឋាភិបាល​ផ្តល់​ជូន​នោះ​ទេ​ ដោយ​សារ​គាត់​ទាំង​ពីរ​នាក់​មាន​ជំងឺ​ប្រចាំ​កាយ​មិន​អាច​ប្រកប​មុខរបរ​អ្វី​បាន​។

ផ្ទះថ្មីដែលទើបសាងសង់រួចប្រគល់ជូនគាត់នៅពេលនេះ សាងសង់​ពីឈើ​ជញ្ជាំង​ និង​រនាប​ក្តារ​ ដំបូល​ប្រក់​ស័ង្កសី​ សាងសង់​ខ្ពង់​ខ្ពស់​ផុត​ពី​ដី​ ដែល​បាន​ចំណាយ​ថវិកា​ក្នុង​ការ​សាងសង់​អស់​ទឹក​ប្រាក់​ចំនួន​ ៦,៩៩៨,០០០​រៀល​។

ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងក្រុមគ្រួសារអតីតយុតីតយុទ្ធជន ដែលបានចូលរួមនៅពេលនេះ លោក សោម ស៊ុន ក៏បានពាំនាំផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និង​បាន​ជម្រាប​ជូន​អតីត​យុទ្ធ​ជន​​ពីអត្ថប្រយោជន៍ ដែលត្រូវទទួលបានមានជាអាទិ៍ដូចជា៖ ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម​ (ប​.ស​.ស) ដែល​បងប្អូន​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​រដ្ឋ​នៅ​គ្រប់​ទី​កន្លែង​ដោយ​មិន​អស់​ប្រាក់ ការទទួលបានប្រាក់បេឡាមរណសង្គ្រោះចំនួន ៤លានរៀល សម្រាប់គ្រួសារសពសមាគមអតីតយុទ្ធជនធ្វើបុណ្យទាន់ពេលវេលា ការ​សាងសង់​ផ្ទះ​ជូន​អតីត​យុទ្ធ​ជន​​ដែលមានដី-គ្មានផ្ទះ ឬមានផ្ទះរស់នៅមិនសមរម្យ​ និង​កំពុង​ដោះស្រាយជូន​អតីត​យុទ្ធ​ជន​ដែលគ្មានដី-គ្មាន​ផ្ទះ​ ដើម្បី​រៀបចំ​ដីសម្បទាន​សង្គម​កិច្ច​សាងសង់​ផ្ទះ​ជូន​​ស្នាក់នៅ​ និងបង្កបង្កើនផលផងដែរ ហើយដីសម្បទាននេះ អាជ្ញាធរ​ខេត្ត​កំពង់ធំ​កំពុងដំណើរ​ការ​ដោះ​ស្រាយ​នៅ​តំបន់​ចំបក់​ធំ​ ឃុំ​ក្រយា​ ស្រុក​សន្ទុក​ ខេត្ត​កំពង់ធំ​។

លោក និងក្រុមការងារក៏បានពាំនាំនូវអំណោយរបស់សម្ដេចតេជោ​ ហ៊ុន សែន​ តាម​រយៈលោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត​ ផ្ដល់ជូនគាត់បន្ថែមទៀត រួមមាន៖ អង្ករចំនួន៥០គីឡូក្រាម មីយើងចំនួន២កេស ទឹក​ត្រី​ទឹក​ស៊ីអ៉ីវចំនួន២យួរ មុង​ជ្រលក់​ថ្នាំ​ចំនួន​១ និង​ថវិកា​ចំនួន ២០០,០០០​រៀល​ផងដែរ៕