(ភ្នំពេញ)៖ បន្ទាប់ពីការខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅខាងលើអស់រយៈពេលពីរឆ្នាំមក គ្រឹះស្ថានឧត្តមសិក្សាចំនួន៣ រួមមានសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងវិទ្យាស្ថានជាតិអប់រំ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើត មជ្ឈមណ្ឌលស្រាវជ្រាវអន្តរគ្រឹះស្ថានឧត្តមសិក្សា ដើម្បីពង្រឹងវិស័យមនុស្សសាស្រ្ត-សង្គមសាស្រ្ត។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ បានធ្វើឡើង នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា ជំទាវបណ្ឌិត ភឿ សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកអគ្គរដ្ឋទូតសហគមអ៊ឺរ៉ុប តំណាងឯកអគ្គរដ្ឋទូត សាធារណៈរដ្ឋបារាំង និងអគ្គនាយិកានៃវិទ្យាស្ថានជាតិភាសា និងអរិយធម៌បូព៌ាប្រទេស របស់បារាំងផងដែរ (INALCO- Institut National des Langues et Civilisations Orientales)។
បណ្ឌិតសភាចារ្យហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា បានលើកឡើងថា កិច្ចព្រមព្រៀងដ៏មានសារៈសំខាន់មួយនេះ នឹងក្លាយទៅគោលការណ៍ សម្រាប់បង្កើត មជ្ឈមណ្ឌលស្រាវជ្រាវ។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ គឺជាព្រឹត្តការណ៍មួយដែលអនុញ្ញាតឱ្យភាគីពាក់ព័ន្ធបង្ហាញពីជំហរឆន្ទៈរបស់ខ្លួនក្នុងការ ចូលរួមសហប្រតិបត្តិការគ្នា ដែលសបញ្ជាក់ឱ្យឃើញថាមជ្ឍមណ្ឌលនឹងមានដំណើរការល្អក្នុងពេលអនាគត។
លោករដ្ឋមន្រ្តីបានបន្ថែមថា កន្លងមកក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់ ហើយបានលើកកម្ពស់ និងវិនិយោគជាច្រើន ខាងផ្នែកវិទ្យាសាស្រ្ត ដូចជាការបង្កើតអាគារវិទ្យាសាស្រ្តថ្មី នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អាគារវិទ្យាសាស្រ្តថ្មី នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក៏ដូចជាការវិនិយោគក្នុងគម្រោងផ្សេងៗ ទៅលើបន្ទប់ពិសោធន៍ ទៅលើអាគារខាងផ្នែកវិទ្យាសាស្រ្ត និងវិស្វកម្ម ជាដើម។
ជាមួយគ្នានោះ ក៏យើងត្រូវការអ្នកឯកទេស ខាងផ្នែកវិទ្យាសាស្រ្តសង្គមផងដែរ មានដូចជាអក្សរសិល្ប៍ ភាសា ប្រវត្ថិសាស្រ្ត ភូមិវិទ្យា ទស្សនវិជ្ជា ដែលផ្តល់ជាសញ្ញាណវិជ្ជមានមួយ ក្នុងការលលើកម្ពស់អត្ដសញ្ញាណជាតិ វប្បធម៌ជាតិជាដើម។
កម្ពុជានៅមិនទាន់មានអ្នកស្រាវជ្រាវច្រើនដែរ នេះអាចជាឱកាសមួយលើកទឹកចិត្តឲ្យសិស្សយើងមិនត្រឹមតែរៀនផ្នែកវិទ្យាសាស្រ្តសង្គមឲ្យមានគុណភាព ហើយបន្តការសិក្សាទៀតទាំងនៅក្នុងស្រុក និងក្រៅប្រទេស។
គួរបញ្ជាក់ថា វិទ្យាស្ថានជាតិ ភាសា និងអរិយបូព៌ាប្រទេស ប្រទេសបារាំង ដែលជាស្ថាប័នសម្របសម្រួលគម្រោង ហើយដៃគូផ្សេងទៀតនៃគម្រោងរួមមាននៅកម្ពុជាមានក្រសួង (ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងអប់រំ យុវជន និងកីឡា) និងគ្រឹះស្ថានឧត្តមសិក្សាបី (សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានជាតិអប់រំ) និងនៅអ៊ឺរ៉ុប មានគ្រឹះស្ថានឧត្តមសិក្សាពីរទៀត (សាកលវិទ្យាល័យឡេតូនី និងសាកលវិទ្យាវិទ្យាសាស្រ្តអប់រំនៃលីទូអានី) វិទ្យាស្ថានស្រាវជ្រាវដើម្បីអភិវឌ្ឍន៍ និងទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង។ មជ្ឈមណ្ឌលនេះ នឹងក្លាយជាកម្លាំងចលករ ចូលរួមលើកកម្ពស់វប្បធម៌នៃការស្រាវជ្រាវផ្នែកមនុស្សសាស្ត្រ-សង្គមសាស្ត្រនៅកម្ពុជា តាមរយៈការពង្រឹងវិស័យអប់រំ និងរៀបចំរចនាសម្ព័ន្ធនៃការស្រាវជ្រាវ៕