(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ជម្លោះផ្ទៃក្នុងរបស់អតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិនោះ គឺចេញមកយ៉ាងច្បាស់ទៅហើយ ហើយកុំចាំបាច់មកដោះសារថា មនុស្សពីរនាក់ ក្លាយទៅជាមនុស្សម្នាក់នោះ វាមិនអាចទៅរួចនោះទេ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ១៥,៦០៦នាក់ មកពីរោងចក្រសហគ្រាសចំនួន២២ មកពីខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រឿងជម្លោះរបស់បក្សដទៃ ឬក្រុមដទៃទុកឲ្យគេឈ្លោះគ្នាទៅ សម្ដេចមិនខ្វាយខ្វល់នោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «រឿងជម្លោះរបស់បក្សដទៃ ក្រុមដទៃទុកឲ្យគេទាស់គ្នាទៅ។ រឿងហ្នឹងវាបានចេញច្បាស់មកហើយ កុំចាំបាច់មនុស្សម្នាក់ មនុស្សពីរនាក់ ក្លាយទៅជាមនុស្សម្នាក់វាទៅមិនរួចនោះទេ»។
ប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ស្របពេលដែលគេដឹងថា ជម្លោះរបស់អតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ហាក់កាន់តែផ្ទុះឡើងជាបន្ដបន្ទាប់ ពិសេសចេញពីមនុស្សដែលធ្លាប់មានឥទ្ធិពលនៅក្នុងគណបក្សខ្មោចមួយនេះតែម្ដង។ ប៉ុន្ដែព័ត៌មាននេះ ត្រូវបានទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី បញ្ជាក់ថា រូបលោក និងលោក កឹម សុខា ជាមនុស្សតែមួយមិនមានអ្វីខ្វែងគំនិតគ្នានោះទេ។
យ៉ាងណាក៏ដោយ សម្រាប់ការលើកឡើងរបស់ទណ្ឌិតកំសាក់រត់ចោលស្រុករូបនេះ ត្រូវបានលោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៉ី និងជាមនុស្សជំនិតជាន់ខ្ពស់របស់ លោក សម រង្ស៉ី ធ្លាប់បានបង្ហើបប្រាប់បណ្តាញព័ត៌មាន Fresh News ថា លោក សម រង្ស៉ី និង កឹម សុខា ពេលនេះឈានដល់ផ្លូវបំបែកហើយ។
លោក គង់ គាំ បានរំលឹកថា ការសម្រេចដែលធ្វើឡើងដោយក្រុមរបស់ លោក សម រង្ស៉ី នាថ្មីៗនេះមិនអាចយកជាការបានទេ ដោយសារតែរាល់ការសម្រេចរបស់ អតីត CNRP ត្រូវធ្វើឡើងដោយកុងសង់ស៊ីស រវាងលោក សម រង្ស៉ី និងលោកកឹម សុខា ហើយពេលនេះបែរជាពួកគេមិនមានកុងសងស៊ីស ដែលមានន័យថា ការសម្រេចកន្លងមកគឺធ្វើឱ្យបែកបាក់គ្នា។ លោកអះអាងថា អ្វីដែលសម្រេចដោយក្រុមសម រង្ស៉ី គឺជារណសិរ្យមួយប៉ុណ្ណោះ មិនមែនតំណាង អតីតគណបក្សសង្រ្គោះជាតិទាំងមូលទេ។
ការប្រឈមមុខដាក់គ្នារវាងក្រុមរបស់ លោក សម រង្ស៉ី និងក្រុមរបស់ លោក កឹម សុខា បានធ្វើឡើងបន្ទាប់ពីលោកសម រង្ស៉ី រៀបចំសន្និសីទមួយ នៅទីក្រុងអាត្លង់តា រដ្ឋចរចាសហរដ្ឋអាមេរិក ដោយសម្រេចតែងតាំង ខ្លួនលោកជាប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ។
លោកស្រី មូ សុខហួរ និង លោក អេង ឆៃអ៊ាង ដែលជាអតីតអនុប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិនេះ បានគាំទ្រ ព្រមទាំងចេញមុខការពារ លោក សម រង្ស៉ី ក្នុងការកាន់តំណែងស្តីទីនេះ។ ប៉ុន្តែ លោក កឹម សុខា ដែលជាអតីតប្រធាន មិនគាំទ្រនោះទេ។ ក្រុមរបស់ លោក កឹម សុខា បានចាត់ទុកថា សកម្មភាពនេះ គឺជាការដណ្តឹមយកឈ្មោះគណបក្សទៅគ្រប់គ្រង៕