(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលរវាងកម្ពុជា-ចិន
កម្ពុជា-ព្រុយណេ និងកម្ពុជា-វៀតណាម ចូលជាធរមានចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ។
ជាមួយនឹងការប្រកាសនេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានអំពាវនាវដល់សាធារណជនជាតិ និងអន្តរជាតិ ចូលរួមអនុវត្តកិច្ចព្រមព្រៀងនេះ តាមសេចក្តីណែនាំស្តីពីវិធាន និងនីតិវិធីនៃការអនុវត្តកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលរបស់អគ្គ-នាយកដ្ឋានពន្ធដារ និងបទដ្ឋានគតិយុត្តិដទៃទៀតដែលមានជាធរមាន ឱ្យមានប្រសិទ្ធភាពខ្ពស់។
កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។
កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលព្រុយណេ ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧។
កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨។
ហើយត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១២១៧/០២២ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ និងព្រះរាជក្រមលេខ នស/រកម/១២១៨/០១៩ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។ អនុលោមតាមមាត្រាស្តីពីការចូលជាធរមាន កិច្ចព្រមព្រៀងទាំងបីខាងលើ ត្រូវបានចូលជាធរមាន និងមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ តទៅ៕