(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើងថា គោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបញ្ចប់នូវភ្លើងសង្រ្គាម នាំមកនូវសន្តិភាពពេញលេញជូនប្រជាជន និងប្រទេសជាតិ ក្នុងរយៈពេល២០ឆ្នាំ គួរតែទទួលបានពានរង្វាន់ណូប៊ែលសន្តិភាព ទើបសាកសមនឹងស្នាដៃដ៏ល្អឥតខ្ចោះរបស់សម្តេចតេជោ ដែលហ៊ានយកជីវិតធ្វើដើមទុន ប្តូរយកសន្តិភាពទាំងស្រុងជូនមាតុភូមិកម្ពុជាទាំងមូល។ នេះបើតាមកិច្ចសម្ភាសន៍រវាងឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨។
លោក លឹម ជាវុត្ថា បានលើកជាសំណួរថា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះគឺជាថ្ងៃសម្ពោធនូវវិមានអនុវស្សាវរីយ៍ នយោបាយឈ្នះឈ្នះ ដែលជាថ្ងៃបញ្ចប់នូវភ្លើងសង្រ្គាម នាំមកនូវសន្តិភាពពេញលេញជូនប្រជាជន និងប្រទេសជាតិ ក្នុងរយៈពេល២០ឆ្នាំ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន។ តើឯកឧត្តមយល់យ៉ាងណាដែរ ចំពោះការដាក់សម្ពោធវិមានអនុវស្សាវរីយ៍នេះ?
ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង អតីតប្រមុខការទូតកម្ពុជាបានថ្លែងយ៉ាងដូច្នេះ៖ «ការសម្ពោធវិមានឈ្នះ-ឈ្នះ ឱ្យនឹកឃើញដល់ពានរង្វាន់ណូប៊ែលសន្តិភាព ខ្ញុំគិតថានៅប្រទេសកូឡុំប៊ី អាមេរិកឡាទីន មានកងទ័ពបដិវត្តន៍កូឡុំប៊ី ប្រឆាំងរដ្ឋាភិបាល ដែលបានសម្លាប់មនុស្សប្រហែល២២ម៉ឺននាក់តែប៉ុណ្ណោះ ដល់ខែមិថុនា ឆ្នាំ២០១៦ កងទ័ពបដិវត្តន៍ រដ្ឋាភិបាលកូឡុំប៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ ប៉ុន្មានខែក្រោយមកប្រធានាធិបតីកូឡុំប៊ី ទទួលបានរង្វាន់ណូប៊ែលសន្តិភាព»។
ត្រង់ចំណុចនេះឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចឡើងថា ចុះសម្តេចតេជោនាយយករដ្ឋមន្ត្រីកម្ពុជា ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីជាតិ មិនទទួលបានសន្តិភាព ហើយការនិយាយនេះ មិនមែនមានន័យថា ការពារសម្តេចនោះទេ ព្រោះមានបុគ្គលមួយចំនួនតូច គ្រាន់តែធ្វើយុទ្ធនាការបន្តិចបន្តួចសោះ ក៏ទទួលបានពានរង្វាន់ណូប៊ែលសន្តិភាព។ រង្វាន់ណូប៊ែលសន្តិភាពនេះ ហាក់ដូចជាពុំមានយុត្តិធម៌នោះទេ សម្រាប់សម្តេចតេជោ ឧទាហរណ៍ឆ្នាំ១៩៧៧ សម្តេចចាកចេញពីកម្ពុជា ពេលដែលខ្មែរក្រហមកាន់អំណាច ដោយប្រថុយការគ្រោះថ្នាក់គ្រប់យ៉ាង? បើខ្មែរក្រហមតាមទាន់យ៉ាងម៉េច? រត់ទៅដល់វៀតណាមគេចាប់យ៉ាងម៉េច? ឬក៏វៀតណាមចាប់បញ្ជូនមកឱ្យខ្មែរក្រហមវិញ តើមានជីវិតយ៉ាងម៉េច?។
អតីតប្រមុខការទូតកម្ពុជារូបនេះ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ៖ «ដូច្នេះ តាំងពីហ្នឹងមកខ្ញុំបានគិត មិនមានឱកាសនិយាយការដែលយក នយោបាយឈ្នះ-ឈ្នះ រំលាយខ្មែរក្រហម ដែលមានកងទ័ពរាប់សែននាក់ ឃោឃៅសម្លាប់ប្រជាជនខ្មែរជាងបីលាននាក់នេះ តើគួរបានរង្វាន់ណូប៊ែលសន្តិនេះទេ? អញ្ចឹងគ្រាន់តែពិចារណា ការថ្លឹងថ្លែងអ្នកដែលទទួលរង្វាន់សន្តិភាពពីមុនមក»។
ឧបនាយករដ្ឋមន្ត្រី ហោណាំហុង បានបន្ថែមទៀតថា ការម្ពោធវិមានឈ្នះ-ឈ្នះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នេះ គឺជាទិវាប្រវត្តិសាស្ត្រ ដ៏រុងរឿងរបស់ប្រជាជាតិកម្ពុជាទាំងមូល។ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ សម្តេចតេជោ ហ៊ុន សែន បានប្រកាសគោលនយោបាយឈ្នះ-ឈ្នះ ដោយយកជីវិតទៅប្តូរជាមួយគ្រោះថ្នាក់គ្រប់បែបយ៉ាង ដើម្បីប្តូរយកនូវសន្តិភាពជូនជាតិមាតុភូមិកម្ពុជាទាំងមូល៕
សូមស្តាប់កិច្ចសម្ភាសន៍ទាំងអស់របស់ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជាមួយលោក លឹម ជាវុត្ថា នៅខាងលើ៖