(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បើកទូលាយសម្រាប់កិច្ចសន្ទនាដ៏ស្មោះស ជាមួយគណបក្សនយោបាយ សង្គមស៊ីវិល និងមជ្ឈដ្ឋានជឿនលឿនទាំងអស់ ដើម្បីប្រមែប្រមូលគំនិតបញ្ញា និងធនធានមនុស្សពីគ្រប់ប្រភព ដោយគ្មានការបែងចែករើសអើង ដើម្បីបង្កើនកម្លាំងសរុបនៅក្នុងកិច្ចការកសាង និងអភិវឌ្ឍន៍ជាតិ ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសបែបនេះ នៅក្នុងពិធីអបអរសាទរដល់ខួបលើកទី៤០ឆ្នាំ នៃថ្ងៃជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០១៩) ដែលរៀបចំនៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩នេះ។

នៅក្នុងឱកាសនោះ សម្តេចតេជោ បានលើកឡើងថា ឈរលើមូលដ្ឋាននៃកម្មវិធីនយោបាយ ដែលទទួលបាននូវការគាំទ្រដ៏កុះករពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេសនៅក្នុងការបោះឆ្នោតនាខែ កក្កដា ឆ្នាំ ២០១៨ កន្លងទៅ រាជរដ្ឋាភិបាលកំពុងជំរុញអនុវត្តយ៉ាងសកម្មនូវរបៀបវារៈអភិវឌ្ឍន៍ជាតិដ៏ស៊ីជម្រៅ និង ទូលំទូលាយ តាមរយៈ យុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី ៤ ដែលខ្ញុំព្រះករុណាខ្ញុំបានដាក់ចេញដោយផ្ទាល់ ដោយមិនទុកឱ្យស្ថានភាពឤក្រក់ណាមួយមកបង្កជាឧបសគ្គរារាំងដល់ការសម្រេចនូវក្តីប្រាថ្នារបស់យើងនោះឡើយ។

សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលបានបើកទូលាយនូវកិច្ចសន្ទនាដ៏ស្មោះសរជាមួយបណ្តាគណបក្សនយោបាយ សង្គមស៊ីវិល និងរាល់មជ្ឈដ្ឋានជឿនលឿនទាំងអស់ សំដៅប្រមែប្រមូលគំនិតបញ្ញា និងធនធានមនុស្សពីគ្រប់ប្រភព ដោយគ្មានការបែងចែករើសអើង ដើម្បីបង្កើនកម្លាំងសរុបនៅក្នុងកិច្ចការកសាង និងអភិវឌ្ឍន៍ជាតិ»។

សម្តេចមានជំនឿថា សង្គមកម្ពុជាមួយ ដែលមានលក្ខណៈសេរី បើកចំហ និងគោរពតម្លៃមនុស្សនឹងផ្តល់ ថាមពលគ្មានកំណត់ ដល់ការអភិវឌ្ឍសមត្ថភាព និងការច្នៃប្រឌិតបង្កើតថ្មីរបស់បុគ្គលម្នាក់ៗ ក្នុងការចូលរួម ស្ថាបនាជាតិ ជាពិសេសសម្រាប់ស្រទាប់យុវវ័យដ៏ច្រើនកុះករដែលបានទទួលការបណ្តុះបណ្តាលនៅគ្រប់ កម្រិត ព្រមទាំងបានទទួលនូវមរតក ស្នាដៃ ចំណេះដឹង គំនិតបញ្ញា រួមជាមួយនឹងបទពិសោធន៍ពីអ្នកជំនាន់ មុន និងដែលកំពុងបង្ហាញនូវភាពស្វាហាប់ក្នុងការបំពេញការងារគ្រប់ផ្នែក នៅទូទាំងប្រទេស ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន។

សម្តេចបានបន្តទៀតថា ជាមួយនឹងការខិតខំពុះពារប្រឹងប្រែងឥតសំចៃកម្លាំងកាយ ចិត្ត ប្រាជ្ញា និង ស្មារតី យើងពិតជានឹងសម្រេចបាននូវគោលដៅដ៏ឧត្តុង្គឧត្តម គឺការកសាងកម្ពុជាឱ្យកាន់តែរីកចម្រើន ក្លាយទៅជាប្រទេសជឿនលឿនមួយ និងជាសង្គមប្រកបដោយអរិយធម៌ និងសេចក្តីស្រឡាញ់ដោយគ្មានការកើតឡើងជាថ្មីនូវសង្គ្រាម អំពើប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃក្នុងជាតិដូចពេលមុនទៀត ។ ក្នុងស្មារតីនេះ យើងប្តេជ្ញាដាច់ខាតថែរក្សាឱ្យបានគង់វង្ស និងរឹងមាំ នូវសុខសន្តិភាព និងរាល់សមិទ្ធផលនៃការអភិវឌ្ឍ ដែលសម្រេចបានមកដោយលំបាកលំបិន ជាមួយនឹងពលិកម្មដ៏ធំធេង មិនឱ្យកម្លាំងណាមកបំផ្លាញបានឡើយ៕