(ភ្នំពេញ)៖ ទីបំផុតទៅ លោក សម រង្ស៉ី ដែលគេឱ្យរហ័សនាមថា ជាដង្ខៅបាតុកម្ម និងជាអ្នកជំនាញខាងលាបពណ៌បាន បន្ទាបតម្លៃអតីតតំណាងរាស្ត្រ និងមន្ត្រីជុំវិញខ្លួនត្រឹមទឹកប្រាក់១ម៉ឺនដុល្លារប៉ុណ្ណោះ។ អ្នក នយោបាយខ្សោយបញ្ញារូបនេះ បានព្យាយាមរាំងខ្ទប់មន្ត្រីរបស់ខ្លួន មិនឱ្យចាកចោលគាត់តាមរយៈការប្រើវិធីសាស្ត្រគ្រប់គ្រងគោក្នុងក្រោល។
ពីមុននេះ សម រង្ស៉ី បានព្រមានថា អ្នកណាហ៊ានសុំសិទ្ធិធ្វើនយោបាយឡើងវិញចោលគាត់ គឺជាជនក្បត់បក្ស និងលក់ក្បាល។ ឥឡូវនេះ សម រង្ស៉ី បានផ្តល់តម្លៃដល់មន្ត្រីរបស់គាត់ត្រឹម១ម៉ឺនដុល្លារប៉ុណ្ណោះសម្រាប់អ្នកណាដែលមកសុំសិទ្ធិធ្វើនយោបាយឡើងវិញ។
ការសរសេរសារបែបនេះតាមហ្វេសប៊ុក សបញ្ជាក់ឱ្យឃើញថា សម រង្ស៉ី គ្មានមធ្យោបាយអ្វីល្អៗ ដើម្បីបញ្ចុះបញ្ចូលមន្ត្រីរបស់ខ្លួនឱ្យស្មោះស្ម័គ្រជាមួយឡើយក្រៅតែពីការលាបពណ៌ ការប្រមាថ និងវិធីបង្ខាំង។
សម រង្ស៉ី ចាត់ទុកមន្ត្រីរបស់ខ្លួនដូចសត្វគោ ក្របី ដែលត្រូវប្រើរំពាត់ ព្រនង់ និង របងលួស ដើម្បីកុំឱ្យចេញពីក្រោល។ នេះជាការគ្រប់គ្រងមនុស្សតាមរបៀបសត្វតិរច្ឆាន ដែលផ្ទុយស្រឡះពីសីលធម៌ និងមនសិការមនុស្សជាតិ។
នេះមកពីសម រង្ស៉ី គ្មានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការចងចិត្តមន្ត្រីរបស់ខ្លួនឱ្យស្រឡាញ់ និងស្មោះស្ម័គ្រជាមួយខ្លួនក្នុងនាមជាមនុស្សបានទេទើបគាត់ សម្រេចចិត្តប្រើវិធីគ្រប់គ្រងសត្វជាជំនួសវិញ។ តើហេតុអ្វីបានជា សម រង្ស៉ី ព្យាយាមឃុំគ្រងមនុស្សតាមបែបសត្វតិរច្ឆានបែបនេះ? ចម្លើយពិតជាងាយយល់ណាស់ គឺមកពីគាត់ដឹងច្បាស់ថា៖
១៖ មានមន្ត្រីរបស់គាត់តិចតួចណាស់ដែលស្មោះនឹងគាត់ ដូច្នេះបើមិនធ្វើដូច្នេះទេ ច្បាស់ជាពួកគេចាកចេញពីគាត់គ្មានសល់ឡើយ និយាយឱ្យចំគឺ សម រង្ស៉ី ជាអ្នកនយោបាយដែលគ្មានទំនុកចិត្តទៅលើមន្ត្រីជុំវិញខ្លួន។
២៖ ម្យ៉ាងទៀត សម រង្ស៉ី ស្គាល់ខ្លួនឯងច្បាស់ណាស់ថា គាត់គ្រាន់តែជាអ្នកនយោបាយស្គរដែលចេះតែធ្វើឱ្យឮសំឡេង តែខាងក្នុងប្រហោងធ្លុង។ ដូច្នេះ តើឱ្យមន្ត្រីជុំវិញខ្លួនទុកចិត្តលើគាត់ម្តេចបាន?
៣៖ លើសពីស្គរ គាត់ជាមនុស្សក្រឡិចក្រឡុច បាតដៃ ខ្នងដៃ សម្តីយកជាការមិនបាន ហើយជាអ្នកនយោបាយដែលគ្មានយុទ្ធសាស្ត្រ។ ទាំងអស់នេះជាចរិតលក្ខណៈរបស់សម រង្ស៉ី ដូចដែលលោក គង់ គាំ ពិពណ៌នាថា ជាមនុស្ស «គិតមិនដែលត្រូវ យល់មិនដែលច្បាស់ ធ្វើមិនដែលកើត»។ មនុស្សបែបនេះ មិនអាចទាក់ទាញភាពស្មោះត្រង់ ការស្រឡាញ់ ពីមន្ត្រី និងមហាជនបានទេ។ មានវិធីតែមួយគត់ដែលអាចប្រើបានទោះជាចាស់គំរឹលយ៉ាងណាក៏ដោយ នោះគឺការឃុំគ្រងមនុស្សតាមបែបសត្វគោ ក្របី នេះឯង។
មធ្យោបាយមួយទៀតដែល សម រង្ស៉ី បាននិងកំពុងប្រើប្រាស់ដើម្បីបោកប្រាស់មហាជន និងអ្នកគាំទ្ររបស់ខ្លួនដែរនោះគឺ ការរារាំងមិនឱ្យអតីតគូសត្រូវរបស់ខ្លួនគឺកឹម សុខា មានសេរីភាពឡើយ។ មូលហេតុគឺ ប្រសិនបើលោក កឹម សុខា មានសេរីភាពឡើងវិញ សម រង្ស៉ី នឹងត្រូវគេផាត់ចោលដូចសំរាម អីចឹង។ បុគ្គលិកលក្ខណៈរបស់ សម រង្ស៉ី ក៏ត្រូវបាន ហុង លីម អតីតសម្ព័ន្ធមិត្តចាក់ទឹកមិនលិច របស់ខ្លួនពិពណ៌នាថា ជាសំពាយអនាថា បើអ្នកណាជឿគឺមិនខុសពីស្ពាយសំពាយអនាថានោះតាមខ្លួនឡើយ។ ក្នុងន័យនេះ សម រង្ស៉ី ហ៊ានធ្វើអ្វីគ្រប់យ៉ាងដើម្បីកុំឱ្យកឹម សុខា មានសេរីភាពឡើងវិញ។ អ្វីដែលគាត់បានធ្វើរួចហើយគឺ ការយកសេរីភាពរបស់លោក កឹម សុខា មកភ្នាល់ជាមួយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន, ការដណ្តើមអំណាចពីលោក កឹម សុខា តាមរយៈបក្សប្រហារកាលពីថ្ងៃ២ធ្នូ នៅអាត្លង់តា សហរដ្ឋអាមេរិក និងការកាឡៃ ទាត់ចោលសម្តីរបស់លោក កឹម សុខា, មេធាវីលោក កឹម សុខា និងក្រុមគ្រួសារលោក កឹម សុខា ជាដើម។
ពេលនេះ សម រង្ស៉ី កំពុងបារម្ភខ្លាចក្រែងលោក កឹម សុខា រួចផុតពីការឃុំឃាំង។ សម រង្សី កំពុងព្យាយាមធ្វើព្យុះភ្លៀងបន្តទៀតដោយលើកម្តងហើយម្តងទៀត អំពីកាលបរិច្ឆេទដែលត្រូវដោះលែងកឹម សុខា ក្រោមសម្ពាធអន្តរជាតិ។ នរណាក៏ដឹងដែរថា បំណងរបស់លោក សម រង្ស៉ី គឺញុះកុំឱ្យតុលាការ ដោះលែង កឹម សុខា ពីព្រោះកឹម សុខា គឺជាបន្លាក្នុងកែវភ្នែករបស់ សម រង្ស៉ី។ ប៉ុន្តែ ដើម្បីបន្លំភ្នែក សាធារណជន ពិសេសអ្នកគាំទ្រគាត់ សម រង្ស៉ី ធ្វើជាអះអាងថា រូបគាត់ និងលោក កឹម សុខា គឺជាមនុស្សតែមួយ។ ប៉ុន្តែល្បិចរាក់កំភែលនេះ សូម្បីកូនក្មេងក៏អាចយល់បានដែរ។
សរុបទៅ របៀបឃុំគ្រងមនុស្សបែបផ្តាច់ការ ដូចសត្វតិរច្ឆានរបស់ សម រង្ស៉ី គ្មានតម្លៃទៀតទេសម្រាប់មនុស្សក្នុងសតវត្សរ៍ទី២១នេះ។ ពិតណាស់ថា មានមន្ត្រីជុំវិញសម រង្ស៉ី ខ្លះហាក់រង្គាសចិត្តខ្លះដែរ នៅចំពោះមុខវប្បធម៌លាបពណ៌របស់សម រង្ស៉ី ដោយសារតែពួកគេមិនចង់ប្រឡាក់ពណ៌ដែលសម រង្ស៉ី លាបឱ្យ។ ប៉ុន្តែ សម រង្ស៉ី មិនអាចទាក់ចិត្តមន្ត្រីរបស់គាត់ដោយបេះដូងបានទេ ហើយក៏មិនអាចឃុំគ្រងពួកគេតាម របៀបសត្វបានយូរតទៅទៀតដែរពីព្រោះមនុស្សមិនព្រមរស់នៅតាមរបៀបសត្វឡើយ។ មុន និងក្រោយ, យូរឬឆាប់ ភាពឯកោនឹងក្លាយជារបស់សម រង្ស៉ី តែម្នាក់ឯងគត់ពីព្រោះនេះជាកម្មផលដែលគាត់បានសាង។ ដើម្បីបិទបាំងការឃុំគ្រងមនុស្ស តាមរបៀបសត្វតិរច្ឆានរបស់ខ្លួន សម រង្ស៉ី បានព្យាយាមលួងចិត្តមន្ត្រីរបស់ខ្លួនថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនអាចអូសទាញ មន្ត្រីរបស់ខ្លួនបាន ហើយចាត់ទុកជារឿងអាម៉ាស់ទៀតផង។ ប៉ុន្តែ សម រង្ស៉ី ប្រហែលភ្លេចគិតថា បុរសខ្លាំងឈ្មោះ ហ៊ុន សែន ដែលជាមេដឹកនាំរាជរដ្ឋាភិបាល បក្សកាន់អំណាចសព្វថ្ងៃ បានបំពេញការងាររបស់ខ្លួនរួចរាល់ហើយ នោះគឺការបើកទ្វារឱ្យមន្ត្រីដែលជាប់បម្រាមអាចទទួលសិទ្ធិធ្វើនយោបាយឡើងវិញ។ ចំណែកឯការចាកចេញពីកន្លែងគ្មានសិទ្ធិដើម្បីទៅទទួលបាន សិទ្ធិធ្វើនយោបាយវិញ ឬបន្តស្ថិតនៅក្នុងបន្ទប់ដែលគ្មានសេរីភាពតទៅទៀត មិនមែនជារឿងរបស់រដ្ឋាភិបាលភ្នំពេញទៀតទេ។ ការបន្តស្ថិតនៅក្នុងក្រោលជាមួយសម រង្ស៉ី ឬចាកចេញទៅកន្លែងដែលមានសេរីភាព គឺជាជម្រើសរបស់ក្រុមអ្នកនយោបាយទាំងនោះ ដោយខ្លួនឯង។
ប្រសិនបើពួកគេសុខចិត្តបន្តនៅក្នុងក្រោលដែលបើកចំហរនោះពួកគេត្រូវផ្តល់ចម្លើយដោយខ្លួនឯងថា តើពួកគេជាអ្វី? ចំណែករដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ឯណោះវិញ គឺជារឿងល្អទៅវិញទេប្រសិនក្រុមអ្នកនយោបាយបក្សប្រឆាំងគ្មានសិទ្ធិធ្វើនយោបាយដោយគ្មានអ្នកណាហាមឃាត់នោះ ពោលគឺ មិនខុសពីម្ចាស់កសិដ្ឋានចិញ្ចឹមគោម្នាក់ ដែលអាចធ្វើឱ្យគោរបស់គាត់នៅផ្តុំគ្នាមួយកន្លែងបានដោយមិនចាំបាច់ចំណាយលុយធ្វើរបង។ ក្នុងន័យនេះ តើអ្នកណាចំណេញ អ្នកណាខាត? «សម រង្ស៉ី ប្រហែលបូកលេខច្រឡំម្តងទៀតហើយដូចដែលធ្លាប់បូកលេខខុសតាម រូបមន្តដេកផ្ទះឈ្មះឯង»។
ដោយ៖ អ្នកតាមដាន នយោបាយ តុកាហ្វេ