(អាមេរិក)៖ លោក កុក ស មេដឹកនាំជនជាតិភាគតិចម៉ុងតាញ៉ា ឬយួនដឺហ្ការ (Degar) នៅភូមិភាគកណ្ដាល នៃប្រទេសវៀតណាម បានទទួលមរណភាព នៅរដ្ឋខារ៉ូលីណាខាងជើង សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ។ នេះបើតាមការផ្សព្វផ្សាយរបស់បណ្តាញក្រុមប្រឆាំង និង Twitter របស់លោក សម រង្ស៊ី។
សូមជម្រាបថាលោក កុក ស មេដឹកនាំជនជាតិភាគតិចវៀតណាម និង លោក សម រង្ស៉ី បានចុះហត្ថលេខារួមគ្នាមួយ នៅលើទឹកដីសហរដ្ឋអាមេរិក កាលពីអំឡុងឆ្នាំ២០១៣ ដោយលោក សម រង្ស៉ី បានសន្យាថា នៅពេលគណបក្សសង្គ្រោះជាតិដឹកនាំរដ្ឋាភិបាល លោកនឹងកាត់ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះឲ្យក្រុមជនជាតិភាគតិចវៀតណាម Degar (ម៉ុងតាញ៉ា) ដឹកនាំដោយ លោក កុក ស ដើម្បីគ្រប់គ្រងផ្តល់ស្វ័យភាព និងមានសិទ្ធិពេញលេញ អាចរស់នៅនិងមានសិទ្ធិដូចប្រជាជនកម្ពុជាដែរ។
ជាមួយគ្នានេះ តាមរយៈកិច្ចសម្ភាសន៍ ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ លោក សម រង្ស៉ី ពុំបានខ្លាចច្បាប់នោះទេ ថែមទាំងបានសារភាពថា លោកពិតជាបាន ចុះហត្ថលេខា ជាមួយលោក Kok Ksor នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣នោះ ពិតប្រាកដមែន។
ពាក់ព័ន្ធករណីនេះ តំណាងអយ្យការ ក៏បានចេញដីកាកោះហៅលោក សម រង្ស៉ី ឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ផងដែរ ប៉ុន្តែ លោក សម រង្ស៉ី បានអវត្តមានក្នុងការចូលបំភ្លឺ។ ទោះជាយ៉ាងនេះក្តី តំណាងអយ្យការបានអះអាងថា ខ្លួននឹងបន្តនីតិវិធីរបស់ខ្លួនបន្តទៀត ចំពោះសំណុំរឿងនេះ៕