(ភ្នំពេញ)៖ ​បន្ទាប់ពីព្រះមហាក្សត្រ ឡាយព្រះហស្ថលេខាលើព្រះរាជក្រមដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពី វិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ បើកផ្លូវឱ្យអ្នកនយោបាយ ដែលជាប់បំរាមមិនឱ្យធ្វើនយោបាយស្នើសុំនីតិសម្បទា ដើម្បីធ្វើនយោបាយឡើងវិញ លោក គង់ គាំ ដែលជាអតីតឧត្តមទីប្រឹក្សា និងលោក គង់ បូរ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយដោយច្បាប់បានដាក់លិខិត ទៅកាន់សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្របទៅតាមច្បាប់ដែលចែង។ នេះគឺជាការទាមទារសិទ្ធិធ្វើនយោបាយឡើងវិញ ដើម្បីអនុវត្តច្បាប់ដែលទើបតែនឹងចូលជាធរមាននេះ ខណៈក្រសួងមហាផ្ទៃបាននិងកំពុងពិនិត្យលើសំណើ។

ការទាមទារនីតិសម្បទានយោបាយឡើងវិញ របស់ឪពុកកូនពីរនាក់នេះ ដែលធ្លាប់តែជាសម្ព័ន្ធមិត្រចាក់ទឹកមិនលិចជាមួយ សម រង្ស៊ី គឺជាការសំពងក្បាល សម រង្ស៊ី ពីរដំបងយ៉ាងពេញទំហឹង និងបង្ហាញថាអ្វីដែល សម រង្ស៊ី អំពាវនាវផងគំរាមផង ចោទថាក្បត់បក្សផង ដើម្បីកុំឱ្យអតីតសមាជិកខ្មោចគណបក្សសង្គ្រោះជាតិ ជាប់បំរាមទាំង ១១៧ នាក់ (ជាម ច័ន្ទនី អ្នកនយោបាយជាប់បំរាមម្នាក់បានទទួលមរណភាព) ស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ត្រូវបានបរាជ័យយ៉ាងអាម៉ាស់បំផុត។

បរាជ័យរបស់ សម រង្ស៊ី នឹងកើតមានជាបន្តបន្ទាប់ថែមទៀត ព្រោះមានអ្នកនយោបាយជាប់បំរាមជាច្រើនរូបផ្សេងទៀត បាននិងកំពុងត្រៀមដាក់លិខិតទៅក្រសួងមហាផ្ទៃ ដើម្បីទាមទារសិទ្ធិធ្វើនយោបាយឡើងវិញ ដោយមិនជឿតាមការគំរាម និងការបោកប្រាស់របស់សម រង្ស៊ីឡើយ។

ការធ្វើលិខិតដើម្បីទទួលបាន នីតិសម្បទាធ្វើនយោបាយឡើងវិញគឺជាទម្រង់មួយនៃ «ការទាមទារសិទ្ធិ» ពុំមែនជាការធ្វើលិខិតសុំទោស ឬទទួលស្គាល់កំហុស ដូចដែល សម រង្ស៉ី និងទណ្ឌិតមួយចំនួនបានធ្វើកន្លងមក ជូនទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដើម្បីទទួលបានការលើកលែងទោស និងធ្វើនយោបាយឡើងវិញនោះទេ។ ប៉ុន្តែធ្វើជាអ្នកនយោបាយ ប្រសិនបើមិនអាចធ្វើសកម្មភាពនយោបាយបាន គឺជាអ្នកនយោបាយដែលមិនមានសម្បទាពេញលេញ ​និងជាអ្នកនយោបាយដែលពិការ។ ហើបមាត់មិនរួច និងធ្វើអ្វីមិនបាន តើជួយជាតិបានដែរឬទេ? ឧត្តមគតិរបស់អ្នកនយោបាយ គឺការធ្វើសកម្មភាពតស៊ូ ចូលរួមប្រជែងគ្នា ដើម្បីកសាងជាតិឱ្យសម្បូណ៌រុងរឿង និងប្រជាជនរស់នៅបានសុខសាន្ត។ ប្រសិនបើមានតែគំនិត តែគ្មានសកម្មភាព គឺបានត្រឹមតែស្រម៉ៃយល់សប្តិប៉ុណ្ណោះ។

ដូច្នេះ អ្នកនយោបាយត្រូវចេះ «ក្តាប់ឱកាស, បង្កើតឱកាស និងប្រើឱកាស» ហើយក្រុមលោក គង់ គាំ បាននិងកំពុងតែក្តាប់ឱកាសទាំងនេះ ព្រោះលោកយល់ថាអ្វីៗដែលសម រង្ស៊ី និយាយលើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមដល់អ្នកគាំទ្រខ្លួនវា នឹងមិនអាចកើតមានឡើងឡើយ ពោលគឺ ខ្មោចបក្សសង្គ្រោះជាតិមិន អាចរស់ឡើងវិញបានឡើយ អាសនៈក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ ក៏មិនអាចទទួលបានមកវិញទេ ហើយ ការទាមទារឱ្យមានការរៀបចំការបោះឆ្នោតឡើងវិញ ក៏កាន់តែមិនអាចធ្វើកើត។

ម្យ៉ាងទៀត សម រង្ស៊ី មិនអាចធ្វើជានិមិត្តរូប នៃការរួបរួមគ្នាមិនកើតឡើយព្រោះកម្លាំង សម រង្ស៊ី និយម និងកម្លាំង កឹម សុខា និយមបានបែកបាក់ចែកចានចែកឆ្នាំងនឹងគ្នា សម រង្ស៊ី ធ្វើបក្សប្រហារដណ្តើមខ្មោចបក្សសង្គ្រោះជាតិ និងធ្វើអ្វីៗដោយមិនឆ្លងយោបល់ កឹម សុខា និងក្រុម កឹម សុខា និងយកជីវិតនិងសេរីភាព កឹម សុខាធ្វើជាល្បែងភ្នាល់លេងសើច។

ដូច្នេះអ្វីដែលសម រង្ស៊ី កំពុងតែដើរស្រែកចំណុចទាំងបីនេះ គឺគ្រាន់តែជាការផ្តល់ក្តីសង្ឃឹមនៅក្នុង ភាពអស់សង្ឃឹមដើម្បីចិញ្ចឹមក្តីសង្ឃឹម សម្រាប់ចលនារបស់ខ្លួន និងអ្នក សម រង្ស៊ី និយមដែលដើរតាមខ្លួន ទោះបីជាដឹងថា នឹងមិនអាចកើតមានឡើងយ៉ាងណាក៏ដោយ។

ច្បាប់បើកច្រកសម្រាប់ការទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ ចាត់ទុកជាឱកាសមួយ ដែលត្រូវក្តាប់ឱ្យជាប់កុំឱ្យរបូត។ ការទាមទារសិទ្ធិធ្វើនយោបាយឡើងវិញ តាមរយៈការធ្វើលិខិតទៅនាយករដ្ឋមន្ត្រី ឬរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គឺការបង្កើតឱកាសឱ្យខ្លួនឯង មានសេរីភាព រួចផុតពីពិការភាពនយោបាយ។ នៅពេលទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញបាន គឺត្រូវចេះប្រើឱកាសនេះ ឱ្យបានល្អ ដើម្បីធ្វើសកម្មភាពក្នុងនាមជាអ្នកនយោបាយ ដែលមានឧត្តមគតិចង់បម្រើជាតិ និងប្រជាជនឱ្យសុខសាន្ត និងរុងរឿង។ អ្នកនយោបាយជោគជ័យ មិនត្រឹមតែមានឧត្តមគតិជាតិប៉ុណ្ណោះទេ ប៉ុន្តែ ត្រូវមានប្រាជ្ញាញ្ញាណ និងធ្វើសកម្មភាពតាមក្បួនយុទ្ធសាស្រ្ត។

សម រង្ស៊ី បានគំរាមអ្នកនយោបាយ ជាប់បំរាមមិនឱ្យទាមទារសិទ្ធិធ្វើនយោបាយរបស់ខ្លួន តាមអ្វីដែលមានចែងក្នុងច្បាប់វិសោធនកម្មថ្មីនេះ គឺជាការដើរបញ្ជ្រាសនឹងចរន្តច្បាប់ និងនីតិរដ្ឋ។ កាលដែលសម រង្ស៊ី លួងលោមថាមិនចាំបាច់ស្នើសុំសិទ្ធិធ្វើនយោបាយ ព្រោះជាសិទ្ធិដែលមានពីកំណើតមកហើយនោះ និងថានឹងទទួលបានសិទ្ធិទាំងនេះមកវិញ ពេលដែលខ្មោចគណបក្សសង្គ្រោះជាតិ ត្រូវបានប្រស់ឱ្យរស់ឡើងវិញ នោះគឺជាយុទ្ធសាស្ត្របែប«ដេកផ្ទះ ឈ្នះឯង» ដែល សម រង្ស៊ី ធ្លាប់ប្រើម្តងរួចមកហើយអំឡុងពេលយុទ្ធនា ការប្រឆាំងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៩។

«ដេកផ្ទះ ឈ្នះឯង» របស់ សម រង្ស៉ី គ្រាន់ជាយុទ្ធសាស្រ្តខុសក្បួន។ សម រង្ស៉ី ជាអ្នកនយោបាយ ដែលធ្វើនយោបាយមិនដែលឈ្នះដោយសារការវាយតម្លៃសភាពការណ៍នៅកម្ពុជា និងការស្ទង់ទឹកចិត្តប្រជាជនខ្មែរ មិនដែលត្រូវ។ នេះ ក៏អាចដោយសារ សម រង្ស៉ី ប្រើភ្នែកក្នុងការវាយតម្លៃ ប៉ុន្តែ មិនប្រើខួរក្បាល ឬក៏ប្រើខួរក្បាលដែរ តែប្រាជ្ញាមិនដល់។ ជាក់ស្តែង «ដេកផ្ទះ ឈ្នះឯង» របស់សម រង្ស៊ី បានបរាជ័យយ៉ាងអាម៉ាស់បំផុត ព្រោះពលរដ្ឋខ្មែរចំនួន ៨៣,០២% ក្នុងចំណោមពលរដ្ឋខ្មែរជាង ៨,៣ លាននាក់បានអញ្ជើញទៅបោះឆ្នោត ចូលរួមក្នុងដំណើរការប្រជាធិបតេយ្យនៅកម្ពុជាយ៉ាងពេញលេញ ដោយមិនខ្វល់នឹងការអំពាវនាវរបស់ សម រង្ស៊ី ឡើយ។

នេះគឺជាយុទ្អសាស្ត្រដេកផ្ទះ ឈ្នះតែម្នាក់ឯង! ធ្វើនយោបាយ ត្រូវតែមានយុទ្ធវិធី និងយុទ្ធសាស្រ្តច្បាស់លាស់ មិនដូច សម រង្ស៊ី ធ្វើនយោបាយចាញ់រហូតឡើយ​ ហើយបាននិងកំពុងតែទាញអ្នកផ្សេង ឱ្យដើរតាមគន្លងបរាជ័យដ៏អាម៉ាស់របស់ខ្លួនទៀត ប៉ុន្តែនៅពេលនេះ ទំនងនឹងគ្មានអ្នកដែលចាញ់ការបោកប្រាស់របស់សម រង្ស៊ីដែលបំផ្លាញឱកាសរបស់ អ្នកផ្សេង ដើម្បីការពារផលប្រយោជន៍របស់ខ្លួន និងដើម្បីតែរក្សាលទ្ធិសួនតួនិយមរបស់ខ្លួនឡើយ។ អ្នកនយោបាយដែលបានដើរតាមសម រង្ស៊ី ដូចលោក គង់ គាំ និងលោក គង់ បូរ៉ា ពិតជាបានដឹងច្បាស់ពីបុគ្គល ភាពរបស់សម រង្ស៊ី ដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន សុខចិត្ត សម្លាប់គេ និងដើរលើសាកសពអ្នកដទៃដើម្បីសម្រេចមហិច្ឆតារបស់ខ្លួន។

បើអ្នកនយោបាយជាប់បំរាមផ្សេងទៀត មិនផ្តល់ឱកាសឱ្យខ្លួនឯង បើជួយខ្លួនឯងមិនបានផង តើអាចទៅជួយ កឹម សុខា ដែលជាប្រធានខ្លួនឯងម្តេចនឹងកើត? ទៅជួយប្រជាជន និងប្រទេសជាតិម្តេចនឹងកើត? ច្បាស់ណាស់ សម រង្ស៉ី បច្ចុប្បន្នបាននិងកំពុងព្យាយាមបិទច្រក តាមគ្រប់មធ្យោបាយដើម្បីកុំឱ្យមានការដោះលែង កឹម សុខា ដោយមិនមានរូបគាត់ នៅក្នុងកញ្ចប់ដំណោះស្រាយឡើយ ហើយក៏មិនចង់ឃើញអ្នកនយោបាយផ្សេងទៀត ទទួលបាននីតិសម្បទានយោបាយឡើងវិញទេព្រោះនឹងធ្វើឱ្យសម រង្ស៊ី បាត់បង់តម្លៃនយោបាយ និងក្លាយជាជនឯកោនយោបាយយ៉ាងពិតប្រាកដ។

ដូច្នេះអ្វីដែល លោក គង់ គាំ និងលោក គង់ បូរ៉ា ទាមទារសិទ្ធិនយោបាយមកវិញ គឺដើម្បីឱ្យមានការអនុវត្តច្បាប់ និងមិនជឿលើការបោកប្រាស់របស់ សម រង្ស៊ី ដែលជាក្លាយជាមនុស្សគ្មានតម្លៃទៅហើយនោះ! ប្រទេសមានច្បាប់ គ្រួសារមានវិន័យ បើមិនធ្វើតាមច្បាប់ប្រទេស តើទៅធ្វើតាមអីទៅវិញ? ដូចនេះ ការស្នើសុំនាពេលនេះ គឺមានខ្លឹមសារជាការទាមទារសិទ្ធិតាមផ្លូវច្បាប់ និងជាការផ្តល់ឱកាសឱ្យខ្លួនឯងធ្វើនយោបាយឡើងវិញ ដើម្បីចូលរួមបម្រើជាតិ និងប្រជាជន។ តើមានអ្វីដែលល្អជាងនេះ សម្រាប់ស្ថានភាពនយោបាយចំពោះមុខរបស់កម្ពុជាបច្ចុប្បន្ន?

ដោយ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១២ ខែមករា ឆ្នាំ ២០១៨