(ការ៉ាកាស់)៖ ប្រធានសភាជាតិវេណស៊ុយអេឡាមកពីគណបក្សប្រឆាំង លោក Juan Guaido ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ ហើយតែមួយម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកត្រូវបានទីភ្នាក់ងារស៊ើបការណ៍សំងាត់រដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ចាប់ខ្លួនកាលពីថ្ងៃអាទិត្យ។ នេះបើ តាមភរិយារបស់លោក ដកស្រង់ដោយសារព័ត៌មាន Straitstimes នៅថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩។
យោងតាមលោកស្រី Fabiana Rosales លោក Guaido ត្រូវបានទីភ្នាក់ស៊ើបការណ៍សំងាត់វេណេស៊ុយអេឡា២នាក់ចាប់ខ្លួននៅអំឡុងពេលធ្វើដំណើរទៅចូលរួមកិច្ចប្រជុំនយោបាយមួយនៅខាងក្រៅរដ្ឋធានីការ៉ាកាស់។ លោកស្រី Rosales បានបន្ថែមដូច្នេះថា៖ «អរគុណដល់អ្នកគ្រប់គ្នាដែលបានប្រតិកម្មភ្លាមៗក្នុងការគាំទ្រប្រឆាំងនឹងរបបផ្ដាច់ការដែលបានរំលោភបំពានលើស្វាមីរបស់ខ្ញុំ... ហើយរបបផ្ដាច់ការមួយនេះមិនអាចបំបែកបំបាក់ស្មារតីតស៊ូរបស់គាត់បានឡើយ»។
គួរបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងការ៉ាកាស់ មិនបានបញ្ជាក់ពីហេតុផលចាប់ខ្លួនលោក Juan Guaido នោះទេ។ ប៉ុន្តែការចាប់ខ្លួននេះកើតមាន ឡើងបន្ទាប់ពីលោកបានបង្ហាញជំហរជំទាស់នឹងភាពស្របច្បាប់របស់លោក នីកូឡាស់ ម៉ាឌូរ៉ូ ក្នុងនាមជាប្រធានាធិបតីវេណេស៊ុយអេឡា ដែលទើបតែបានស្បថឡើងកាន់តំណែងសម្រាប់អណត្តិទី២របស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន៕