(ភ្នំពេញ)៖ វិទ្យាស្ថានជាតិ ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) បានបើកទទួលពាក្យប្រកួតប្រជែង ពានរង្វាន់ ICT កម្ពុជា ឆ្នាំ២០១៩ ទៀតហើយ!។

កម្មវិធីប្រកួតប្រជែងពានរង្វាន់ ICT កម្ពុជា គឺជាកម្មវិធីប្រកួតប្រជែងពានរង្វាន់ ICT ថ្នាក់ជាតិធំជាងគេ ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ហាញនូវសមិទិ្ធផល ស្នាដៃ និងជោគជ័យនានា លើនវានុវត្តន៍ក្នុងវិស័យ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន(ICT) នៅកម្ពុជា។

ក្រុមហ៊ុន/ស្ថាប័ន អាចដាក់ពាក្យចូលរួមប្រកួតប្រជែង ដែលមានមកពី ក្រុមហ៊ុនឯកជនក្នុងស្រុក ក្រុមហ៊ុនផ្តួចផ្តើមធុរៈកិច្ច (Startup) សហគ្រាសសង្គម អង្គការក្រៅរដ្ឋាភិបាល ឬ ស្ថាប័នរដ្ឋពាក់ព័ន្ធផ្សេងៗ តាមរយៈគេហទំព័រ http://cambodiaictawards.com/ ចាប់ពីថ្ងៃនេះតទៅ រហូតដល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ។

ផលិតផលបច្ចេកវិទ្យា ដែលមានលក្ខណៈច្នៃប្រឌិត និងនវានុវត្តន៍ អាចចុះឈ្មោះចូលរួមប្រកួតប្រជែង។

ក្រុមហ៊ុន/ស្ថាប័ន អាចដាក់ពាក្យចូលរួមប្រកួត តាមប្រភេទពានរង្វាន់ដូចខាងក្រោម៖
១៖ ក្រុមហ៊ុនផ្តួចផ្តើមធុរៈកិច្ចបច្ចេកវិទ្យា ល្អបំផុតប្រចាំឆ្នាំ (Best Tech Startup of the year)
២៖ ស្ថាប័ននវានុវត្តន៍ឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Best Digital Innovation organization of the year)
៣៖ ការស្រាវជ្រាវ និងអភិវឌ្ឍន៍វិទ្យាសាស្ត្រ ល្អបំផុតប្រចាំឆ្នាំ (Best ICT R&D of the year)
៤៖ បច្ចេកវិទ្យានវានុវត្តន៍សង្គម ល្អបំផុតប្រចាំឆ្នាំ (Best Social Innovation of the year)
៥៖ សេវារដ្ឋបាលអេឡិចត្រូនិក ល្អបំផុតប្រចាំឆ្នាំ (Best e-government service of the year)

ក្រៅពីពានរង្វាន់ប្រភេទទាំង៥ខាងលើ គណៈកម្មធិការក៏ធ្វើការវាយតម្លៃ និងជ្រើសរើស ក្រុមហ៊ុន/ស្ថាប័ន ដែលមានស្នាដៃក្នុងវិស័យអទ្ធិភាពមួយចំនួនទៀតដូចជា៖ បច្ចេកវិទ្យាក្នុងវិស័យកសិកម្ម (AgriTech), ធនាគារឌីជីថល (Digital Banking), បច្ចេកវិទ្យាក្នុងវិស័យអប់រំ (EduTech), បច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ (FinTech), បច្ចេកវិទ្យាក្នុងវិស័យសុខភិបាល (HealthTech)។ល។

ក្រុមហ៊ុន/ស្ថាប័ន ដែលបានដាក់ពាក្យចូលរួមប្រកួត នឹងត្រូវបានសម្រាំងជ្រើសរើស ដោយចៅក្រម ដែលមានសមាសភាពមកពី ក្រុមហ៊ុនឯកជន ស្ថាប័នរដ្ឋ សង្គមស៊ីវិល និងអ្នកតំណាងឧស្សាហកម្មក្នុងវិស័យ ICT ។ លក្ខណៈសម្បត្តិវាយតម្លៃ និងជ្រើសរើស ផ្អែកលើគុណសម្បត្តិមួយចំនួនដូចជា ១/នវានុវត្តន៍បច្ចេកវិទ្យា (tech innovation) ២/ដោះស្រាយបញ្ហាក្នុងសង្គម (Problem Solving) ៣/ប្រសិទ្ធភាពនៃប្រតិបត្តិការ (Effeciency of operation) ៤/យុទ្ធសាស្ត្រទីផ្សារ (Marketing Strategy) ។

លោក សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT បានលើកឡើងថា «តាមរយៈការប្រកួតនេះ យើងសង្ឃឹមថា ក្រុមហ៊ុន និងសហគ្រិន ដែលមានស្នាដៃ នឹងទទួលបានការទទួលស្គាល់ទូទាំងប្រទេស ហើយនិងជម្រុញ និងលើកទឹកចិត្តឱ្យយុវជនយើង រៀនបច្ចេកវិទ្យា និងបង្កើតសេវាកម្ម ឬផលិតផលបច្ចេកវិទ្យា ឆ្នៃប្រឌិតថ្មីកាន់តែច្រើន ដើម្បីចូលរួមអភិវឌ្ឍវិស័យ ICT និងជម្រុញសេដ្ឋកិច្ចឌីជីថល នៅកម្ពុជា»។

គួររំលឹកថា ក្នុងឆ្នាំ២០១៨ ក្រុមហ៊ុនដែលទទួលបានជ័យលាភីទាំង៣ គឺ ១/Morakot VB (Core Banking System) បង្កើតឡើងដោយ Morakot Technology ដែលនេះជាកម្មវិធី សម្រាប់គ្រប់គ្រងក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ ។ ២/ Soyo (Cambodia) បង្កើតឡើងដោយ Soyo Entreteniment Co., Ltd. ដែលជាកម្មវិធីមើលភាពយន្តតាមអនឡាញជាលើកដំបូងនៅកម្ពុជា។ ៣/ Banhji បង្កើតឡើងដោយ PCG & Partners Co., Ltd. ជាកម្មវិធីគណនេយ្យ សម្រាប់តម្រូវការសហគ្រាសធុនតូច និងមធ្យមនៅក្នុងអាស៊ាន៕