(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយកនយោបាយ និងកិច្ចការបទេស នៃក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសិក្សាស្រាវជ្រាវសាងសង់សំណង់វិមានឈ្នះ-ឈ្នះ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ បានបង្ហាញនូវពីលទ្ធផល និងបទពិសោធចំនួន៣ បន្ទាប់ពីដំណើរការសាងសង់ ការដាក់សម្ភោធឱ្យប្រើប្រាស់ការប្រារព្ធខួបលើកទី២០ នៃទិវានយោបាយឈ្នះ-ឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ បាន២សប្តាហ៍ដែលមានសារសំខាន់ៗដូចខាងក្រោម៖

*ទី១៖ អត្ថន័យ និងខ្លឹមសារ នៃនយោបាយឈ្នះ-ឈ្នះ ត្រូវរំលេចឡើងក្នុងមជ្ឈដ្ឋានប្រជាជន មានការយល់ដឹងកាន់តែច្រើន និងជ្រៅជ្រះអំពីខ្លឹមសារ ដំណើរការអនុវត្ត និងគុណតម្លៃនៃ នយោបាយឈ្នះ-ឈ្នះ។ ប្រៀបធៀបពីមុនក៏មានការយល់ដឹងខ្លះដែរ ប៉ុន្ដែក្នុងកម្រិតមួយដែលខុសពីបច្ចុប្បន្ន គឺជាការឃើញជាក់ស្ដែង នៃលទ្ធផល សមិទ្ធផល និងប្រវត្តិដែលបានឆ្លងកាត់ ដោយការអនុវត្ដនយោបាយឈ្នះ-ឈ្នះ ដែលជាតម្លៃប្រវត្ដិសាស្ដ្រ នៃការដឹកនាំរបស់សម្តេចតេជោ បានដាក់ចេញដោយសម្ដេចតេជោ ហើយឆ្លុះបញ្ចាំងដោយសមិទ្ធផល ដែលទទួលបានជាក់ស្ដែង ជាសច្ចៈសង្គមកម្ពុជា។ ទន្ទឹមនឹងប្រវត្ដិនៃការដឹកនាំកន្លងមក បានឆ្លុះឱ្យឃើញយ៉ាងខ្ពស់ត្រដែត និងគុណតម្លៃដ៏ធំធេងនៃនយោបាយឈ្នះ-ឈ្នះ។

*ទី២៖ ចេញពីចំណុចនេះ លទ្ធផលក្នុងការបំពេញបន្ថែមទំព័រប្រវត្តិសាស្ដ្រកម្ពុជា​ឱ្យឃើញកាន់តែច្បាស់លាស់ថែមទៀត​នូវចន្លោះប្រហោង​ដែលធ្លាប់មានខ្លះ ទោះតិចតួចក្ដី ប៉ុន្ដែមានសារសំខាន់នោះ គឺជាប្រវត្តិដែលបានចាប់ផ្ដើមនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ការកកើតរៀបចំកម្លាំងអង្គភាព១២៥ មុនមកដល់ការរៀបចំរណសិរ្ស២ធ្នូ និងបន្ដមកទៀត។ ​ជាក់ស្ដែងប្រវត្តិសាស្រ្ត​ គឺមានរួចមកហើយ នូវអ្វីដែលជាតឹកតាងពិតប្រាកដ​ ប៉ុន្ដែគ្រាន់តែនៅមានចំណុចខ្លះ ពុំទាន់មានលក្ខណៈ​គ្រប់គ្រាន់ទាំងស្រុង។ ដូច្នេះវិមានឈ្នះ-ឈ្នះ បានបង្ហាញឱ្យឃើញនូវគុណតម្លៃ នៃការដឹកនាំមួយក្នុងការចាប់ផ្ដើម ទម្រាំមានលទ្ធផលដោយនយោបាយឈ្នះ-ឈ្នះ ជាដើមចម និងចុងទង នៃដំណើរការប្រវត្តិសាស្ត្រជាតិមួយ និងត្រូវតែបំពេញដោយមិនអាចខានបាន។

*ទី៣៖ ឆ្លងតាមស្ថាបត្យកម្ម នៃសំណង់វិមានឈ្នះ-ឈ្នះ បានអន្ទងទឹកចិត្ត និងការចូលរួមរបស់ប្រជាជន ហើយពេលនេះប្រជាជន បានបង្ហាញបេះដូងរបស់គាត់ច្បាស់លាស់ណាស់នូវការស្រឡាញ់ ការគោរព និងការគាំទ្រ ដោយសុទ្ធចិត្តចំពោះការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។ ក្រុមការងារដែលនៅទីនេះ ជួបគ្រប់ទាំងអស់ជាមួយប្រជាជនគ្រប់មជ្ឈដ្ឋាន ហើយយើងបានស្វែងយល់ បន្ថែមទៀតនូវអារម្មណ៍ និងការវាយតម្លៃរបស់ជនបរទេស ប្រតិភូ និងក្រុមការងារនានាដែលបានមកទស្សនាផងដែរ។ សម្រាប់ប្រជាជនកម្ពុជានៅទីនេះ មានការអន្ទះសារចង់ដឹង ចង់ឃើញ ចង់យល់ ទោះបីនៅឆ្ងាយជិត ក្មេង ចាស់ ប្រុស ស្រី តូច ធំ ចង់ឃើញយ៉ាងខ្លាំងនូវវិមានឈ្នះ-ឈ្នះ នេះ។ ការចង់ឃើញនេះគឺជាការចង់ឃើញនូវប្រវត្តិនៃដឹកនាំរបស់សម្ដេចតេជោតែម្ដង។ នៅពេលដែលពួកគេបានឃើញគំនូរ ចម្លាក់ រូបថត និងប្រវត្ដិ តាមពិតគឺមានរួចស្រេចទៅហើយនូវការគោរពស្រលាញ់ ប៉ុន្ដែអ្វីដែលមាននេះគឺជាការបញ្ជាក់ថែមឱ្យកាន់តែនឹងនរ ហើយច្បាស់លាស់ថែមទៀតប៉ុណ្ណោះ។

នាយឧត្តមសេនីយ៍ បានថ្លែងបញ្ជាក់ថា «មានន័យថាពួកគាត់មាន និងអ្វីដែលធ្លាប់បានស្ដែងចេញរួចមកហើយ គឺលទ្ធផល នៃការបោះឆ្នោត តាមរយៈសន្លឹកឆ្នោតដែលពួកគាត់បានបោះ ប៉ុន្ដែនេះគ្រាន់តែជាការបង្ហាញឱ្យឃើញជាក់ស្ដែងថែមទៀត នូវរឿងពិតរបស់សម្ដេចតេជោ។ ដូច្នេះទើបភាពកុះករ មកសម្ដែងនូវគារវកិច្ច ក្តីកត្តញ្ញូដើម្បីចង់ឃើញជាក់ស្ដែងថែមទៀត ធ្វើឱ្យជំនឿ និងទំនុកចិត្តដែលគាត់ធ្លាប់មានកាន់តែរឹងប៉ឹងមាំមួន។ នេះជាអ្វីដែលបានឃើញ ជាក់ស្ដែង និងមានការចូលរួម ការគាំទ្រពេលដែលគាត់បានដឹងរឿងរ៉ាវទាំងអស់។ អ្វីដែលយើងបានឮផ្ទាល់ ត្រចៀកឃើញផ្ទាល់ភ្នែក ថែមទៀតនោះ គឺគាត់បានរ៉ាយរ៉ាប់នូវរឿងរ៉ាវទាំងឡាយដោយខ្លួនឯង និងប្រវត្តិការណ៍ខ្លះដែលមានឱ្យស្ដាប់ ជាអារម្មណ៍នៃយល់ដឹងច្បាស់លាស់ដែរ។ ដូច្នេះវិមានឈ្នះ-ឈ្នះ កាន់តែក្លាយជាតឹកតាងបង្ហាញថែមទៀតឱ្យកាន់តែប្រត្យក្ស និងសម្រាប់អ្នកដែលមិនបានដឹងឱ្យស្វែងយល់ដើម្បីឃើញភស្ដុតាងជាក់ស្ដែងថែមទៀត។ អ្នកដែលបានដឹងហើយដឹងកាន់តែច្បាស់ អ្នកដែលមិនបានដឹងក៏ត្រូវព្យាយាមចិត្តកាយមកទទួលស្គាល់នូវសច្ចធម៌នៃប្រវត្តិសាស្ដ្រដែលបានរៀបទុកដាក់ និងសម្រាប់ឱ្យមានការគោរព រៀនសូត្រ...»

ឥឡូវនេះនិយាយអំពីស្ថានភាពជាក់ស្ដែង ចាស់ៗនៅតែមាន ក្មេងៗនៅតែមក ជំទង់ យុវជនប្រុស ស្រី ក៏នៅតែយ៉ាងសស្រាក់សស្រាំ មានវត្តមាននៅទីនេះ។ អ្វីដែលគាត់មកជាលក្ខណៈឆន្ទៈ ប្រាថ្នាចង់ឃើញចង់ដឹង និងមកជាចង្កោម​មកទាំងកន្សោមនៃមនោសញ្ចេតនា​គ្រួសារដែលមានឪពុក ម្ដាយ យាយ តា កូន ចៅ ប្រុស ស្រីជាហូរហែរ ឬបើពុំដូច្នោះទេ មកជាក្រុមមានជាប្រតិភូ ក្រុមការងារទាំងរួសរាយស្រស់ស្រាយដែលយើងបានឃើញជាក់ស្ដែងតែម្ដងនៅទីនេះ...។ ប្រការទាំងនេះហើយ ក៏បានក្លាយជាឱសថទេពធ្វើឱ្យក្រុមការងារបន្តភារកិច្ចដោយមិនខ្លាចហត់នឿយ និងគ្រប់ពេលវេលា...៕