(ត្បូងឃ្មុំ)៖ ផ្ទុះក្បាលគ្រាប់១០៥មីល្លីម៉ែត្រ ដែលបន្សល់ពីសម័យសង្គ្រាម និងជាកេរ្តិ៍មរតករបស់មហាអំណាចអាមេរិក បានបណ្ដាលឲ្យប្រជាពលរដ្ឋម្នាក់ស្លាប់ និង៩នាក់ផ្សេងទៀតរងរបួស។ ហេតុការណ៍នេះ កើតឡើងនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ នៅចំណុចភូមិព្រែកតូច ឃុំជីរោទ៌ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
លោក ហាក់ សុខមករា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការសកម្មភាពមីនខេត្តត្បូងឃ្មុំ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅមុនពេលកើតហេតុ ប្រជាពលរដ្ឋខ្មែរឥស្លាម បានយកសំបកក្បាលគ្រាប់១០៥ យកមកស្ល និងសំណដើម្បីចាក់ធ្វើជើងអួនម៉ាញ់ (ឧបករណ៍នេសាទ) ស្រាប់តែបណ្ដាលឲ្យផ្ទុះផ្លោងចូលក្នុងផ្ទះ ស្លាប់មនុស្សម្នាក់ អាយុ៣៦ឆ្នាំ និងរងរបួសមនុស្ស ចំនួន០៩នាក់ (ធ្ងន់០៥នាក់)។
ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាននេះ លោកបានចាត់ឲ្យមន្រ្តី ចុះពិនិត្យ និងជួយសង្គ្រោះជាបឋម ព្រមទាំងនាំយកថវិកាជួយដល់អ្នករងគ្រោះដល់ស្លាប់ ចំនួន៤០ម៉ឺនរៀល និងអ្នកដែលរបួស ចំនួន២០ម៉ឺនរៀល ក្នុងម្នាក់ៗជាការជួយសម្រួលក្នុងការដោះស្រាយចំពោះមុខ។
បច្ចុប្បន្នជនរងគ្រោះទាំង៩នាក់ កំពុងសង្គ្រោះ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម ចំនួន០៧នាក់ និងមន្ទីរពេទ្យ៧D ចំនួន០២នាក់៕