(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន​សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាមិនចង់ធ្វើសត្រូវជាមួយ ប្រទេសណាមួយនោះទេ គឺចង់ធ្វើមិត្តភក្តិជាមួយប្រទេសទាំងអស់នៅលើពិភពលោក តែមិនត្រូវយកប្រជាពលរដ្ឋកម្ពុជា ១៦លាននាក់ ទៅធ្វើជាចំណាប់ខ្មាំងឱ្យសោះ។

ការមានប្រសាសន៍លើកឡើងរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅថ្ងៃចន្ទ ៩កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេចតេជោ បានអញ្ជើញបើកការដ្ឋានសាងសង់ ផ្លូវក្រវាត់ក្រុងទី៣ ប្រវែងជិត៥៣គីឡូម៉ែត្រឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលគ្រោងថវិកាសាងសង់ជិត ៣០០លានដុល្លារសហរដ្ឋអាមេរិក។

សម្តេចតេជោនាយកររដ្ឋមន្ត្រីកម្ពុជា ក៏បានអំពាវនាវឱ្យបញ្ឈប់នូវការលងល្បែងដកអនុគ្រោះពន្ធពីកម្ពុជា ល្មមនឹងបញ្ឈប់ផងដែរ ហើយនៅលើពិភពលោកនេះគឺគេធុញទ្រាន់ខ្លាំងណាស់ទៅហើយ សម្រាប់សម្តេចគឺជាមេដឹកនាំមួយរូបដែលបានឆ្លងកាត់ការ ដឹកនាំប្រទេសកម្ពុជា ស្របពេលដែលបរទេសហ៊ុព័ទ្ធទាំងនយោបាយ ហ៊ុព័ទ្ធទាំងសេដ្ឋកិច្ច រហូតចម្លងប្រជាជនកម្ពុជា ដែលមានចំនួនជាង៥លាននាក់ ឡើងរហូតមកដល់១៦លាននាក់ ក្នុងពេលបច្ចុប្បន្ននេះ។

បុរសខ្លាំងកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ពិតហើយយើងមិនចង់ធ្វើសត្រូវជាមួយអ្នកណាទាំងអស់ យើងចង់ពង្រីកមិត្តភក្ភិ នៅលើពិភពលោកក៏ប៉ុន្តែសូមមិត្តភក្ភិស្គាល់គ្នាឱ្យច្បាស់ កុំឱ្យលុះទៅដោយការប្រព្រឹត្ត នូវកំហុសដែលយកប្រជាជន១៦លាននាក់ ទៅបម្រើឱ្យគោលដៅនយោបាយរបស់ខ្លួន ក្នុងការបំផ្លិចបំផ្លាញកម្ពុជានោះ»

នាយករដ្ឋមន្ត្រីដ៏មានប្រជាប្រិយ៍ភាពរបស់កម្ពុជា ក៏បានប្រកាសថា មិនអាចយកអធិបតេយ្យភាព ឯករាជ្យភាពរបស់កម្ពុជា ទៅដោះដូរជាមួយជំនួយរបស់បរទេសណាមួយនោះទេ។ បើកម្ពុជា មិនអាចអនុវត្តន៍ច្បាប់ខ្លួនឯងបាន ក៏មិនចាំបាច់ថាមានឈ្មោះជារដ្ឋ អធិបតេយ្យនោះទេ ហើយមិនចាំបាច់មានឈ្មោះជាសមាជិកអង្គការសហប្រជាជាតិនោះដែរ។

សម្តេចតេជោ ហ៊ុន​សែន ក៏បានជំរុញឱ្យមានការប្រជុំធ្វើកិច្ចការកំណែទម្រង់សេដ្ឋកិច្ចផ្ទៃក្នុងឱ្យកាន់តែលឿនផងដែរ ហើយក្នុងឱកាសមុនក៏បានផ្តាំទៅអ្នកវិនិយោគិនទាំងឡាយ និងអ្នកធ្វើធុរកិច្ចទាំងឡាយនៅពេលខាងមុខ នឹងមានការដាក់ចេញវិធានការណ៍ កាត់បន្ថយការចំណាយទាំងផ្លូវការ និងមិនផ្លូវការរបស់អ្នកវិនិយោគ ដើម្បីឱ្យអ្នកវិនិយោគទាំងនោះ មានឱកាសកាន់តែខ្លាំង សម្រាប់ការប្រកួតប្រជែង ទៅលើវិស័យសេដ្ឋកិច្ច បម្រើឱ្យការប្រើប្រាស់ក្នុងស្រុកកាត់បន្ថយការនាំចូល និងជំរុញការចេញផងដែរ៕