(ភ្នំពេញ)៖ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា ឲ្យដឹងថា បច្ចុប្បន្ននេះតម្លៃជ្រូករស់បានកើនឡើងវិញហើយ ប៉ុន្ដែទោះបីជាតម្លៃកើនយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋនៅតែស្ទាក់ស្ទើរ ក្នុងការវិលត្រឡប់មកចិញ្ចឹមជាថ្មីដែរ។

ការស្ទាក់ស្ទើរក្នុងការចិញ្ចឹមជ្រូកសារជាថ្មី របស់ប្រជាពលរដ្ឋបណ្ដាលមកពីកត្តាផ្សេង។ ជាក់ស្ដែងកាលពីពេលកន្លងទៅ ពួកគាត់ធ្លាប់ជួបប្រទះនឹងបញ្ហាប្រឈមគឺ ការធា្លក់តម្លៃជ្រូករស់នៅកម្ពុជា ដោយសារការនាំចូលជ្រូកវៀតណាមវាយលុកពីផ្សារកម្ពុជា ដែលធ្វើឲ្យជ្រូកនៅកម្ពុជាធ្លាក់ថ្លៃខ្លាំង ធ្វើឲ្យម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក និងប្រជាពលរដ្ឋខាតដើម និងដួលរលំជាបន្ដបន្ទាប់។ នេះបើតាមការបញ្ជាក់ពី ប្រធានសមាគមរូបនេះ។

លោកបន្ដថា បន្ទាប់ពីទទួលបានបទពិសោធន៍ខាតដើមដូច្នេះហើយ ទើបប្រជាជនស្ទាក់ស្ទើរក្នុងការចិញ្ចឹមឡើងវិញ ទោះបីជាពួកគាត់ចង់ចិញ្ចឹមឡើងវិញក៏ពួកគាត់ ចាំបាច់ត្រូវតែពិចារណាជាមុនសិនព្រោះថា ការចិញ្ចឹមជ្រូកមិនមែនចិញ្ចឹម១ខែ ឬ៤-១០ថ្ងៃបានលក់នោះទេ។

លោកបន្ថែមថា «ហេតុដូច្នេះហើយទើបធ្វើឲ្យជ្រូកនៅកម្ពុជាថយចុះ ធ្វើឲ្យកម្ពុជានៅតែបន្ដពឹងផ្អែក ការនាំជ្រូកចូលពីប្រទេសថៃ និងវៀតណាម។ តាំងពីខ្ញុំធ្វើជាប្រធានសមាគម អស់រយៈពេល១០ឆ្នាំនេះ ខ្ញុំឃើញថាការនាំចូលឥតខានឡើយថ្ងៃណាក៏កម្ពុជា នាំជ្រូកចូលមកពីប្រទេសជិតខាង យ៉ាងហោចណាស់១-២ពាន់ក្បាលក្នុងមួយថ្ងៃ»

លោកបញ្ជាក់ថា «ជាមួយនឹងបញ្ហានេះដែរ ខ្ញុំសូមសំណមពរ ដល់កសិដ្ឋានចិញ្ចឹមជ្រូក ចិញ្ចឹមសត្វនៅកម្ពុជា​ពង្រីកឡើងវិញ ដើម្បីបំពេញទីផ្សារព្រោះថា កន្លងមកកម្ពុជាខ្វះខាត ហើយនៅតែបន្ដខ្វះខាត និងបន្ដនាំចូលដដែល»

លោកបញ្ជាក់ថា យោងតាមស្ថិតិរបស់សមាគមក្នុង១ថ្ងៃ កម្ពុជាទទួលទានសាច់ជ្រូកពី៤-៥ពាន់ក្បាល ហើយអាចនាំចូលពី១-២ពាន់ក្បាល៕