(ភ្នំពេញ)៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាសៀមរាប។

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីសម្រេចការងារសំខាន់ៗមួយចំនួនរបស់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា APPF ពិសេសរបៀបវារៈសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ APPF ដែលនឹងប្រារព្ធពិធីបើកជាផ្លូវការនៅថ្ងៃទី១៥ ខែមករា ស្អែកនេះ។

គណៈប្រតិភូ APPF ដែលជាសមាជិកគណៈកម្មាធិការប្រតិបត្តិចូលរួមកិច្ចប្រជុំនាឱកាសនេះមាន ប្រទេសកម្ពុជា កាណាដា អូស្រ្តាលី ជប៉ុន ឈីលី ឡាវ ម៉ុងហ្គោលី រុស្ស៊ី ឥណ្ឌូណេស៊ី។

សូមជម្រាបថា សភាកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧ APPF ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូសភាដើម្បីសន្តិភាព សន្តិសុខ និងកាអភិវឌ្ឍប្រកបដោយចីរភាព»

វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ជាបណ្តុំស្ថាប័ននីតិប្បញ្ញត្តិមួយ ដែលបង្កើតឡើងក្នុងគោលបំណងជំរុញសុខសន្តិភាព និងការអភិវឌ្ឍដោយចីរភាព។ APPF បានបង្កើតនៅឆ្នាំ១៩៩៣ នៅក្នុងប្រទេសជប៉ុន បច្ចុប្បន្នមានសមាជិកចំនួន ២៧ប្រទេស៕