(ក្រចេះ)៖ អាជ្ញាធរ ស្រុក ខេត្ត និងមន្ទីរជំនាញខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ បានជួយដោះស្រាយលើករណីវិវាទដីធ្លី និងបានចុះបង្ហាញទីតាំងដី សម្រាប់គោលដៅសម្បទានសង្គមកិច្ច ដល់ដល់ប្រជាពលរដ្ឋដែលប្ដឹងតវ៉ា ក្នុងចំណុចដីសម្បទានសេដ្ឋកិច្ច ក្រុមហ៊ុនចំការកៅស៊ូមេមត់ ដែលស្ថិតក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
ការចុះបង្ហាញទីតាំងដី សម្រាប់គោលដៅសម្បទានដីសង្គមកិច្ច ក្នុងចំណុចដីសម្បទានសេដ្ឋកិច្ច ក្រុមហ៊ុនចំការកៅស៊ូមេមត់ ក្រោមការដឹកនាំពីលោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្តក្រចេះ ទទួលបន្ទុកដីធ្លី និងលោក បេងហុង សុជាតិខេមរ៉ូ អគ្គនាយកលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធជាច្រើនទៀត។
អាជ្ញាធរបានបញ្ជាក់ថា ដីសម្បទានសង្គមកិច្ច ដែលអាជ្ញាធរ បានចុះមកបង្ហាញទីតាំងដីដីដែលត្រៀមចែកជូនជូនមុខសញ្ញាអ្នកទទួលដីធ្លីបាន ក្នុងចំណុចដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុនចំការកៅស៊ូមេមត់ ចំនួន២ទីតាំង ប្រហែលជាង២៤០០ហិកតា និងត្រូវចែកជូនបន្ទាប់ពីមន្ត្រីជំនាញ និងអាជ្ញាធរ ចុះសិក្សាវាយតម្លៃពីជីវភាពរស់នៅជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ដើម្បីក្លាយទៅមុខសញ្ញាអ្នកទទួលដីសម្បទានសង្គមកិច្ចស្របច្បាប់ និងតាមនីតិវិធីសម្បទានដីសង្គមកិច្ច៕