(ត្បូងឃ្មុំ)៖ បន្ទាប់ពីទទួលដំណឹងថា មានប្រជាពលរដ្ឋរងគ្រោះ ដោយសារផ្ទុះក្បាលគ្រាប់ នៅក្នុងទឹកដីឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីព្រឹកមិញនោះ ភ្លាមៗលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ រួមដំណើរដោយអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត រួមជាមួយសាខាកាកបាទក្រហមខេត្ត បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោកផ្ទាល់ ទៅចែកជូនបងប្អូនខ្មែរ-ឥស្លាមទាំង១០គ្រួសារ ដែលរងគ្រោះនៅកន្លែងកើតហេតុ ក៏ដូចជាកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។

ស្ថិតក្នុងឱកាសនោះលោក ជាម ច័ន្ទសោភ័ណ ក៏បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកទុកគ្រួសារ នៃសពក៏ដូចជាអ្នករងគ្រោះ ក្នុងហេតុការណ៍នេះ ដោយលោក បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនរងគ្រោះទាំងអស់ ដែលជានិច្ចជាការ សម្តេចទាំងទ្វេរ បានយកចិត្តទុកដាក់ចំពោះពលរដ្ឋខ្មែរគ្រប់រូប ដោយមិនប្រកាន់ពូជសាសន៍ ជំនឿសាសនា ពណ៍សម្បុរ និងនិន្នាការនយោបាយអ្វីនោះឡើយ។

លោកបន្តថា ជាក់ស្ត្តែងបន្ទាប់ពីលោកទទួលដំណឹងភ្លាមថាមានការផ្ទុះក្បាលគ្រាប់១០៥មីលីម៉ែត្រ ដែលបន្សល់ពីសម័យសង្គ្រម និងជាកេរ្តិ៍មរតករបស់មហាអំណាចអាមេរិក បានបណ្ដាល ឲ្យពលរដ្ឋខ្មែរម្នាក់ស្លាប់ និង០៩នាក់ផ្សេងទៀត រងរបួសនោះ, ភ្លាមៗលោកបានចាត់ឱ្យមន្រ្តី ចុះពិនិត្យ និងជួយសង្គ្រោះ ព្រមទាំងផ្តល់ថវិការមួយចំនួនជាបឋម និងជំនួយជាបន្ទាន់ គឺមានតែកាកបាទក្រហមកម្ពុជានេះហើយ បានយកចិត្តទុកដាក់ផ្តល់ទាំងសម្ភារ និងថវិកា បានទាន់ពេលវេលាមិនថា ទីណា កន្លែងណា ពេលណាឱ្យតែជាប្រជាពលរដ្ឋកម្ពុជា ត្រូវការដោយស្របតាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» មានសម្រាប់ប្រជាជនកម្ពុជាគ្រប់ៗរូប។

ឆ្លៀតក្នុងឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បើប្រទះឃើញគ្រាប់បែកផ្សេងៗ សូមររាយការណ៍ និងប្រគល់មកអាជ្ញាធរ និងមន្ត្រីស៊ីម៉ាក់ ដើម្បីជៀសឆ្ងាយពីគ្រោះថ្នាក់ នៃគ្រាប់បែកនេះ​ ជាពិសេសហាមដាច់ខាត​យកមកកែច្នៃ ដូចករណីនេះដែលបណ្តាលឱ្យស្លាប់ និងរងរបួសត្រឹមមួយពព្រិចភ្នែក។

អំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈកាកបាទក្រហមខេត្ត ដែលចែកជូននាឱកាសនោះរួមមាន៖ ថវិកា២លានរៀល សម្រាប់គ្រួសាររងគ្រោះដល់ស្លាប់ម្នាក់ និង១លានរៀល សម្រាប់០៩គ្រួសារ ដែលរងរបួស ដោយក្នុងនោះក្នុង១គ្រួសារៗ ១លានរៀល អង្ករ២៥គីឡូក្រាម មី១កេះ ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ២យួរ ជាអំណោយសាខាកាកបាទក្រហមខេត្ត៕