(ភ្នំពេញ)៖ ករណីគ្រោះអគ្គិភ័យ​ឆេះផ្ទះថ្មលក់ឥវ៉ាន់ចាប់ហួយមួយកន្លែង ​ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងចំណុចផ្ទះលេខ៥៥​ ក្រុមទី១៤​ ភូមិបឹងសាឡាង​ សង្កាត់​ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ ប៉ុន្ដែបានរលត់ទៅវិញ បន្ទាប់ពីកម្លាំងសមត្ថកិច្ចប្រើពេលប្រមាណ២៥នាទី ដើម្បី​អន្ដរាគមន៍ជួយបាញ់សង្គ្រោះ​។

របាយការណ៍របស់លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ស្ដីពីករណីគ្រោះថ្នាក់អគ្គិភ័យខាងលើនេះ បានកើតឡើងទៅលើម្ចាស់​ផ្ទះ​ឈ្មោះ​ ណោ​ ឆេងគីម​ ភេទស្រី​ អាយុ៤៥ឆ្នាំ​ មុខរបរលក់ដូរ​ ក្រោយពីមានកិច្ចអន្តរាគមន៍ពីអាជ្ញាធរ និងលោក គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវ ជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានប្រើរថយន្ដពន្លត់អគ្គិភ័យចំនួន០៦គ្រឿង​ ប្រើប្រាស់ទឹកជួយបាញ់ពន្លត់អស់ចំនួន​​០៣​គ្រឿង។

ក្នុងនោះ​រថយន្ត​របស់ការិយាល័យបង្កាពន្លត់អគ្គីភ័យរាជធានីភ្នំពេញ​ ចំនួន០២គ្រឿង រថយន្តរដ្ឋបាល​ខណ្ឌឫស្សីកែវ​​០១គ្រឿង​ផងដែរ ហើយ​រលត់ទៅវិញទាំងស្រុង​ ដោយពុំបានឆេះរីករាលដាលឆ្លងដល់ផ្ទះប្រជាពលរដ្ឋដ៏ទៃទៀតឡើយ ក្នុងរយៈពេល២៥នាទី ក្រោយពីកើតហេតុឆាបឆេះ នៅម៉ោង១០៖០០នាទី។

នៅក្នុងរបាយការណ៍ដដែលនេះ បានបញ្ជាក់ទៀតថា អគ្គីភ័យដែលឆាបឆេះរយៈពេល២៥នាទីនេះ បណ្តាលឲ្យរងការខូចខាតរថយន្ដ Lexus RX300 ពណ៌មាស​ ពាក់ផ្លាកលេខ​​ភ្នំពេញ​​2V-0897​ នៅផ្នែកមួយកំណាត់មុខ​ រួមជាមួយសម្ភារស្តុកលក់ចាប់ហួយ​មួយចំនួនធំ ដែលមូលហតុមកពីឆ្លងចរន្តអគ្គីសនី​ តែមិនបណ្ដាលឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ៕​