(ភ្នំពេញ)៖ ដើម្បីជំរុញឲ្យវិស័យសេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មរបស់កម្ពុជា រក្សាបាននូវកំណើននៃអភិវឌ្ឍន៍នោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសធ្វើកំណែទម្រង់ប្រព័ន្ធ សេដ្ឋកិច្ចផ្ទៃក្នុងប្រទេស និងដាក់នូវវិធានការណ៍កាត់បន្ថយការចំណាយផ្លូវការ និងមិនផ្លូវការ សម្រាប់វិនិយោគិន និងអ្នកធ្វើពាណិជ្ជកម្ម ដើម្បីជំរុញការនាំចេញ។
ការប្រកាសការធ្វើកំណែទម្រង់សេដ្ឋកិច្ចនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានផ្លូវក្រវាត់ក្រុងទី៣ ប្រវែងជិត៥៣គីឡម៉ែត្រ នាថ្ងៃចន្ទ ៩កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមករា គ.ស ២០១៩។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ឥឡូវនេះត្រូវមានការប្រជុំ ហើយធ្វើកិច្ចការកំណែទម្រង់សេដ្ឋកិច្ចផ្ទៃក្នុងឲ្យកាន់តែលឿន។ ថ្ងៃមុនខ្ញុំបាននិយាយបន្តិចហើយ សុំផ្តាំទៅអ្នកវិនិយោគិនទាំងឡាយ អ្នកធ្វើធុរកិច្ចទាំងឡាយ នៅពេលខាងមុខនឹងមានការដាក់ចេញនូវ វិធានការណ៍កាត់បន្ថយការចំណាយទាំងផ្លូវការ និងមិនផ្លូវការរបស់អ្នកវិនិយោគ ដើម្បីឲ្យអ្នកវិនិយោគទាំងនោះ មានឱកាសកាន់តែខ្លាំងសម្រាប់ការប្រកួតប្រជែង ទៅលើវិស័យសេដ្ឋកិច្ចបម្រើឲ្យការប្រើប្រាស់ក្នុងស្រុក កាត់បន្ថយការនាំចូល និងជំរុញការនាំចេញ»។
ការដាក់ចេញនូវវិធានការណ៍យ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងដើម្បីទប់ស្កាត់ផលប៉ះពាល់សម្រាប់សេដ្ឋកិច្ចកម្ពុជា នៅគ្រាដែលសហគមន៍អឺរ៉ុប ដែលជាទីផ្សារដ៏ធំមួយសម្រាប់ការនាំចេញរបស់កម្ពុជា មានបំណងដកចង់ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា (EBA) ខណៈអ្នកនយោបាយមួយចំនួនបានប្រើប្រាស់ EBA ឲ្យបរទេសដាក់គំនាបលើរាជរដ្ឋាភិបាលកម្ពុជា។
សូមជម្រាបថា ក្នុងឱកាសជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន ប្រមាណជាង៥ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌កោះពេជ្រ កាលល្ងាចថ្ងៃទី១១ ខែមករា ឆ្នា២០១៩ បានបញ្ជាឲ្យទុកតែ២ស្ថាប័នប៉ុណ្ណោះ គឺស្ថាប័នគយ និងនគរបាលអន្ដោប្រវេសន៍ នៅតាមច្រកទ្វារព្រំដែន ហើយក្រៅពីស្ថាប័នពីរនេះ ត្រូវដកចោលទាំងអស់។ ការសម្រេចនេះ ដើម្បីកុំឲ្យមានភាពស្មុគស្មាញ នៅក្នុងការនាំចេញ នាំចូល និងដោះស្រាយការកាត់បន្ថយតម្លៃដើម របស់អ្នកនាំចេញផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា បើទោះបីកម្ពុជាគ្មានការអនុគ្រោះសម្រាប់ទំនិញនោះ ក៏កម្ពុជាមិនស្លាប់ដែរ៕