(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងជួញដូរមនុស្សខេត្ត បានថ្លែងជម្រុញឱ្យមន្ត្រីទាំងអស់ ក៏ដូចជា ដៃគូពាក់ព័ន្ធត្រូវខិតខំបង្ការ ទប់ស្កាត់តាមរយៈការអប់រំផ្សព្វផ្សាយ គ្រប់រូបភាព គ្រប់ទីកន្លែង និងតាមគ្រប់មធ្យោបាយធ្វើយ៉ាងណាក៏ដោយ កុំឱ្យមានក្រុមទុច្ចរិតអាចបោកប្រាស់ ប្រជាពលរដ្ឋឲ្យលង់ខ្លួនខាតបង់លុយកាក់ នឹងធ្លាក់ខ្លួនជាជនរងគ្រោះបានបន្តទៀត។

លោក សុខ លូ បានថ្លែងយ៉ាងដូចនេះ នាថ្ងៃទី​១៤ ខែមករា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ចូលរួមប្រារព្ធពិធីអបអរសាទរប្រយុទ្ធប្រឆាំង ការជួញដូរមនុស្ស ក្នុងទិវាជាតិលើកទី១២ ដែលពិធីនោះក៏មានការអញ្ជើញចូលរួម ពីប្រធានអង្គភាពមន្ទីរជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្សជាង៤០០នាក់។

លោកស្រី លំ គន្ធារី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន ប្រយុទ្ធប្រឆាំងជួញដូរមនុស្ស បានធ្វើរបាយការណ៍សង្ខេប ពីគោលបំណងគឺចង់ឲ្យឃើញថា រាជរដ្ឋាភិបាលនៃកម្ពុជា នៅតែបន្តយកចិត្តទុកដាក់កាន់តែខ្លាំងក្លា ក្នុងការការពារប្រជាពលរដ្ឋ និងប្រទេសជាតិ ដែលមានភាពរងគ្រោះទាំងឡាយ ដោយឧក្រិដ្ឋកម្មជួញដូរមនុស្ស ដែលបានបង្កឱ្យមានវិនាសសកម្មសារជាថ្មី ដល់មនុស្សជាតិហើយបាន និងកំពុងក្លាយជាទាសភាព សម័យទំនើបគួរឲ្យភ័យខ្លា និងស្អប់ខ្ពើម។ សភាពការណ៍បទល្មើសកើតឡើង ៣០លើក គឺករណីប៉ុនប៉ងរំលោភសេពសន្ទវៈ៥ លើករណីអំពើហិង្សាក្នុងគ្រួសារ១៨ លើកករណីអំពើហិង្សា ប្រព្រឹត្តដោយសហព័ន្ធ ឬអនីតិសង្វាសជនចំនួន ៣លើក នឹងករណីរំលោភសេពសន្ថវៈចំនួន៥លើក។

លោក សុខ លូ បានលើកឡើងថា រដ្ឋាភិបាលក៏ដូចជាដៃគូពាក់ព័ន្ធបានខិតខំបង្ការ ទប់ស្កាត់តាមរយៈការអប់រំផ្សព្វផ្សាយ គ្រប់រូបភាព គ្រប់ទីកន្លែងតាមគ្រប់មធ្យោបាយយ៉ាងណាក៏ដោយ ក៏នៅមានក្រុមទុច្ចរិតមួយចំនួន ដែលនៅតែអាចបោកប្រាស់ ប្រជាពលរដ្ឋឲ្យលង់ខ្លួនខាតបង់លុយកាក់ នឹងធ្លាក់ខ្លួនជារងគ្រោះបាន។ ដូច្នេះក្នុងការបង្ការទប់ស្កាត់ ទាមទារឲ្យមានការបង្កើតជាជម្រើស សម្រាប់ការរស់នៅរបស់គ្រួសារបន្ថែមទៀត និងតាមដានសកម្មភាព ក្រុមហ៊ុនទុច្ចរិតមួយចំនួន ដែលមិនមានការទទួលខុសត្រូវ ឲ្យប្រឈមមុខជាមួយច្បាប់ឱ្យបាន។

លោកបានបន្ថែមថា អំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មលើមនុស្ស អំពើហិង្សាផ្លូវភេទលើស្ត្រី និងកុមារអំពើហិង្សាក្នុងគ្រួសារ បញ្ហាគ្រឿងញៀន និងបទល្មើសមួយចំនួន ទោះបីជាត្រូវបានទប់ស្កាត់ បង្ក្រាបជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏បញ្ហាទាំងអស់នេះ នៅតែកើតមានជាហូរហែរ និងតាមរូបភាពប្លែកៗ ដែលបង្កើតជាកង្វល់របស់រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់ទីកន្លែងផងដែរ ដូចនេះហើយមន្ត្រីទាំងអស់ ក៏ដូចជាដៃគូពាក់ព័ន្ធត្រូវខិតខំបង្ការ ទប់ស្កាត់តាមរយៈការអប់រំផ្សព្វផ្សាយ គ្រប់រូបភាព គ្រប់ទីកន្លែង និងតាមគ្រប់មធ្យោបាយ ធ្វើយ៉ាងណាក៏ដោយ កុំឱ្យមានក្រុមទុច្ចរិតអាចបោកប្រាស់ ប្រជាពលរដ្ឋឲ្យលង់ខ្លួនខាតបង់លុយកាក់ នឹងធ្លាក់ខ្លួនជាជនរងគ្រោះបានបន្តទៀត។

លោក សុខ លូ ក៏បានកោតសរសើរ ចំពោះគ្រប់កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រុង ស្រុក មន្ទីរអង្គភាព និងមន្ត្រីរាជការ អង្គការមិនមែនរដ្ឋាភិបាលក្នុងខេត្ត និងអន្តរជាតិ ព្រមទាំងវិស័យឯកជនទាំងឡាយ ដែលតែងបានប្រឹងប្រែងរួមគ្នា ដោះស្រាយបញ្ហាចំពោះមុខដោយមិនខ្លាចនឿយហត់ ប្រឆាំងដាច់ខាតទៅនឹងសកម្មភាព របស់ប្រជាជន ស្របទៅតាមទិសដៅនៃគោលនយោបាយរាជរដ្ឋាភិបាល។ ប្រសិនបើមិនមានការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងមន្ត្រីយើងយ៉ាងសកម្មនោះទេ អំពើជួញដូរមនុស្ស អំពើកេងប្រវ័ញ្ចរំលោភបំពាននោះ និងរីករាលដាលច្រើនឡើងៗ រីឯប្រជាពលរដ្ឋជាច្រើនកាន់ តែប្រឈមនឹងគ្រោះអន្តរាយ ហើយសង្គមជាតិនឹងមិនមានស្ថិរភាពនោះទេ៕