(សៀមរាប)៖​ លោកស្រី​ ឃួន សុដារី អនុប្រធានទី២រដ្ឋសភា និងជាប្រធានកិច្ចប្រជុំសមាជិកសភាស្រ្តី APPF បានដឹកនាំកិច្ចប្រជុំសមាជិកសភាស្រ្តី APPF នៅរសៀលថ្ងៃទី១៤ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាសៀមរាប។

លោកស្រីប្រធានកិច្ចប្រជុំ បានលើកឡើងថា កិច្ចប្រជុំសភាស្រ្តីនៅកម្ពុជានាឱកាសនេះ ជាកិច្ចប្រជុំប្រវត្តិសាស្រ្ត។ ប្រវត្តិសាស្រ្តដោយសារមកដល់ពេលនេះ APPF បានបង្កើតឡើងអស់រយៈពេល២៧ឆ្នាំហើយ តែកិច្ចប្រជុំសមាជិកសភាស្រ្តី ទើបតែក្លាយជាកិច្ចប្រជុំផ្លូវការលើកដំបូង របស់ APPFនៅកម្ពុជានាពេលនេះទេ។

សមាជិក APPF ដែលបានចូលរួមប្រជុំកិច្ចប្រជុំសមាជិកសភាស្រ្តីនេះ មានទំាងស្រ្តីនិងបុរស បានជជែកលើប្រធានបទចំនួន៣។ ប្រធានបទទំាងបីនោះមាន ទី១ ការពង្រឹងភាពជាដៃគូនៃតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីសមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្រ្តី និងក្មេងស្រី ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ប្រធានបទទី២ ការធានានូវសមភាពរវាងស្ត្រី និងបុរស ឲ្យទទួលបានការអប់រំ ការបណ្តុះបណ្តាលបច្ចេកទេស និងបច្ចេកវិទ្យាព័ត៌មាន ដើម្បីសន្តិភាព និងសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងប្រធានបទទី៣ គឺ លើកកម្ពស់ សមភាពយេនឌ័រ និងការផ្ដល់ភាពអង់អាចដល់ស្រ្តីតាមរយៈការបង្កើនការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្ដីសម្រេចនៅគ្រប់កម្រិត។

លោកស្រី ឃួន សុដារី បានលើកឡើងថាសមាជិកកិច្ចប្រជុំ បានចាប់អារម្មណ៍ជាខ្លំាងទៅលើប្រធានបទ ហើយពួគាត់បានលើកឡើងថាស្រ្តីជាធនធានមនុស្សសំខាន់ណាស់ ដែលជំរុញសុខសន្តិភាព។ ជាសុខសន្តិភាព និងសុភមង្គលនៅក្នុងសង្គមគ្រួសារនិងសង្គមជាតិ។លោកបានគូសបញ្ជាក់ថា វិសមភាពរវាងបុរសនិងស្រ្តីនៅកើតមានគ្រប់កន្លែងដូច្នេះទាមទារឲ្យមានការគិតគូជារួម ដើម្បីស្រ្តីបានចូលរួមការងារ ជាអ្នកសម្រេចចិត្តទំាងខាងវិសយឯកជននិងរដ្ឋ។

នៅក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូសភាកម្ពុជា ដែលដឹកនាំដោយលោកស្រី​ ឡោក ខេង បានលើកឡើងផងដែរពីកិច្ចខិតខំលើកកម្ពស់ស្រ្តីរបស់រាជរដ្ឋាភិបាកកម្ពុជា ដូចជាការគំាពារផ្នែកសង្គមដល់ស្រ្តី។ ស្រ្តី ធ្វើការងារនៅក្នុងឧស្សាហកម្មកាត់ដេរនិងស្បែកជើងនៅកម្ពុជា ពេលពពោះនិងសម្រាលទទួលបានប្រាក់ឧបត្ថម្ភនិងការឈប់សម្រាប់ពិសេសការទទួកប្រាក់បៀវត្សរ៍១២០%។

បើតាមលោកស្រី​ ឃួន សុដារី គោលនយោបាយគំាពាrសង្គមរបស់រាជរដ្ឋាភិបាលដល់ស្រ្តីនេះ បានទទួលការកោតសរសើរពីសមាជិក APPF ជាខ្លំាង៕