(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំស្ដីពី ការពង្រឹងសុវត្ថិភាពចំណីអាហារតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ និងអាហារដ្ឋានទេសចរណ៍ ដោយក្នុងនោះក្រសួងក៏បានបញ្ជាក់ដែរថា នឹងសម្រេចដកហូតមកវិញនូវអាជ្ញាបណ្ណទេសចរណ៍ ប្រសិនបើពិនិត្យឃើញថាមូលដ្ឋានអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍នោះ ពុំបានអនុវត្តត្រឹមត្រូវតាមបទដ្ឋានអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ឬមន្ទីរសុខាភិបាល ឬរដ្ឋបាលថ្នាក់ក្រោមជាតិ។

តាមសារាចរណែនាំដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា នាពេលកន្លងមក ក្រសួងទេសចរណ៍ បានសង្កេតឃើញមានការអនុវត្តតាមខ្លឹមសារ នៃបញ្ញត្តិច្បាប់ស្ដីពីទេសចរណ៍បានត្រឹមត្រូវ ចំពោះអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ភាគច្រើននៅទូទាំងប្រទេស ប៉ុន្តែក៏នៅមានអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍មួយចំនួន មិនទាន់បានអនុវត្តកាតព្វកិច្ចស្នើសុំអាជ្ញាបណ្ណទេសចរណ៍ ក៏ដូចជាការអនុវត្តឱ្យបាននូវការស្នើសុំវិញ្ញាបនបត្របញ្ជាក់អនាម័យ ពីក្រសួងសុខាភិបាល ឬមន្ទីរសុខាភិបាល ឬរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។​

ដើម្បីចូលរួមដល់ការពង្រឹងសុវត្ថិភាពចំណីអាហារ នៅតាមមូលដ្ឋានអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត នឹងមិនផ្ដល់អាជ្ញាបណ្ណទេសចរណ៍ដល់គ្រប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ទាំងឡាយណា ដែលមិនមានវិញ្ញាបនបត្របញ្ជាក់អនាម័យ ពីក្រសួងសុខាភិបាល ឬមន្ទីរសុខាភិបាល ឬរដ្ឋបាលថ្នាក់ក្រោមជាតិ។

តាមសារាចរណែនាំបានបញ្ជាក់ថា «ក្រសួងទេសចរណ៍ នឹងសម្រេចដកហូតមកវិញនូវអាជ្ញាបណ្ណទេសចរណ៍ ប្រសិនបើពិនិត្យឃើញថា មូលដ្ឋានអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍នោះ ពុំបានអនុវត្តត្រឹមត្រូវតាមបទដ្ឋានអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ឬមន្ទីរសុខាភិបាល ឬរដ្ឋបាលថ្នាក់ក្រោមជាតិ»

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងក្នុងសារាចរណែនាំ របស់ក្រសួងទេសចរណ៍៖