(សៀមរាប)៖ នៅមុនពេលចាប់ផ្តើមកិច្ចប្រជុំសមាជិកសភាស្រី្ត នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី២៧ នាសណ្ឋាគារសុខា ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោកស្រី ង្វៀន ធិគឹមងិន ប្រធានរដ្ឋសភាវៀតណាម។
លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្នុងជំនួបនេះ លោកស្រីប្រធានរដ្ឋសភាវៀតណាម បានសម្ដែងនូវការអបអរសាទរ ជូនចំពោះសម្តេចតេជោ អំពីលទ្ធផល នៃសន្និបាតកន្លងមក ក៏ដូចជាខួបលើកទី៤០ ជ័យជម្នះ៧មករា នៃការផ្តួលរំលំរបបប្រល័យពូជសាសន៍ ដែលបានប្រព្រឹត្តទៅយ៉ាងត្រចះត្រចង់ជោគជ័យ។
លើសពីនោះទៅទៀត ប្រធានរដ្ឋសភាវៀតណាម ក៏បានសម្ដែងនូវការអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែនផងដែរ ដែលរយៈពេល២ឆ្នាំ ដែលលោកស្រីបានមកកម្ពុជា កាលពី២ឆ្នាំមុនរហូតដល់ពេលនេះ លោកស្រីបានសង្កេតឃើញថា កម្ពុជាមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ ក្នុងន័យនេះ លោកស្រីបញ្ជាក់ទៀតថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ កម្ពុជានឹងមានការអភិវឌ្ឍកាន់តែខ្លាំងឡើងថែមទៀត។
ជាមួយគ្នានេះ លោកស្រី ង្វៀន ធិគឹមងិន ក៏បានគោរពសម្ដែងរាយការណ៍ ជូនសម្តេចតេជោថា លោកស្រីមកកាន់ប្រទេសកម្ពុជានៅពេលនេះ គឺដឹកនាំប្រតិភូ ដែលមានប្រតិភូជាន់ខ្ពស់ រដ្ឋសភាវៀតណាម ដែលមានទាំងប្រធានអនុប្រធាន និងប្រតិភូផ្សេងៗទៀតផងដែរ ក្នុងន័យនេះលោកស្រីបានសម្ដែងនូវការគាំទ្រ ដល់កិច្ចប្រជុំសមាជិកសភាស្រី្ត នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) នៅកម្ពុជានេះឲ្យបានទទួលជោគជ័យ និងជូនពរឲ្យកិច្ចប្រជុំនេះ ដំណើរការបានជោគជ័យ ព្រោះថាកន្លងមករយៈពេលតាំងពីម្សិលមិញ រហូតមកដល់ថ្ងៃនេះ លោកស្រីបានសង្កេតឃើញថា ដំណើរការនៃកិច្ចប្រជុំនេះ បានប្រព្រឹត្តទៅយ៉ាងរលូន ល្អជាទីបំផុត។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ជូនចំពោះលោកស្រី ង្វៀន ធិគឹមងិន ចំពោះពាក្យពេចន៍សម្ដែងនូវការអបអរសាទរផង ក៏ដូចជាជម្រាបជូន លោកស្រីផងដែរថា ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ រហូតមកដល់ពេលនេះ មិនអាចកាត់ផ្ដាច់បានពីការចូលរួមចំណែក ពីវៀតណាមបានឡើយ។ ក្នុងន័យនេះដែរ សម្តេចក៏បានសម្ដែងនូវអំណរគុណ ហើយក៏បានជូនពរឲ្យប្រតិភូរបស់លោកស្រី ទទួលបានជោគជ័យ ក្នុងបេសកកម្មនៅកម្ពុជា៕