(សៀមរាប)៖ ក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ លើកទី​២៧ នៃវេទិកា​សភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នេះ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានលើកឡើងថា បញ្ហាប្រឈម នៃភូមិសាស្រ្តនយោបាយ អាចជាល្បែងមួយដែលគ្រោះថ្នាក់ ដល់ប្រទេសតូចតាច និងប្រទេស​ដែលមានទំហំមធ្យមជាច្រើន ហើយក៏អាច​រងទុក្ខដោយសារលទ្ធផល នៃស្នៀតភូមិសាស្ត្រនយោបាយ​របស់មហាអំណាច​ធំៗដែរ។

សម្ដេចពញាចក្រី ហេង សំរិន ក៏បានគូសបញ្ជាក់ដែរថា ពិភពលោកកំពុងប្រឈមនឹងអស្ថិរភាព​ ខណៈដែលការគំរាមកំហែង​ដល់​សន្តិភាពកំពុងកើតមានឡើង​ ក្នុងទម្រង់ជាច្រើន ហើយច្រើនជាងអ្វីដែលយើងបានឃើញ ក្នុងរយៈពេលជាច្រើនទស្សវត្សន៍កន្លងមកនេះ។ ប៉ុន្ដែការចូលរួមរបស់យើងទាំងអស់គ្នានាពេលនេះ ​គឺស្ថិតនៅក្នុងបរិបទ​ដែលប្រជាជាតិកម្ពុជាកំពុងរីករាយ ចំពោះ​ការទទួលបាននូវ​សុខសន្តិភាពពេញលេញ​ ស្ថិរភាពនយោបាយរឹងមាំ និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលមិនធ្លាប់មាន​ពីមុនមកនៅក្នុងប្រវត្តិសាស្រ្ត​របស់ខ្លួន។

ក្នុងសន្និសីទដ៏មានសារសំខាន់មួយនេះ ប្រធានរដ្ឋសភាកម្ពុជា ឆ្លៀតរំលឹកបន្ដិច​ថា «២០ឆ្នាំមុននេះ កម្ពុជាទើបមានសន្តិភាព និងការបង្រួបបង្រួមជាតិត្រូវបាន សម្រេចជាស្ថាពរ​អាស្រ័យដោយនយោបាយឈ្នះ​ឈ្នះ​ និងកិច្ចខិតខំប្រឹងប្រែងដើម្បី ផ្សះផ្សារជាតិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ ចាប់តាំងពីពេលនោះមក ដោយមានសុខសន្តិភាព នៅក្នុងប្រទេស និងសុខសន្តិភាព នៅក្នុងតំបន់ និងដោយមានកិច្ចសហប្រតិបត្តិការ និងការឧបត្ថម្ភគាំទ្រ ពីបណ្តាប្រទេសជាមិត្ត និងស្ថាប័នអន្តរជាតិនានា​ កម្ពុជាបានប្រឹងប្រែង​កសាងប្រទេសជាតិឡើងវិញ និងលើកស្ទួយជូនប្រជាពលរដ្ឋរបស់ខ្លួន​នូវសិទ្ធិ សេរីភាព និងសេចក្តីថ្លៃថ្នូរ ពិសេសរក្សាការពារសន្តិភាព ស្ថិរភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ​ជំរុញការអភិវឌ្ឍ​ និងលើកកម្ពស់ជីវភាពរបស់ប្រជាជនគ្រប់រូប​»។

យ៉ាងណាមិញ ​ក្នុងវេទិកា​សភាអាស៊ី-ប៉ាស៊ីហ្វិក ដែលធ្វើឡើង​ក្រោម​ប្រធានបទ «ពង្រឹងភាពជា ដៃគូសភាដើម្បីសន្តិភាព សន្តិសុខ និងកាអភិវឌ្ឍ ប្រកបដោយ​ចីរភាព» នេះសម្ដេច ហេង សំរិន គឺជាឱកាសដ៏ល្អមួយទៀត ​​ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ បង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក និងលើកកម្ពស់ សន្តិសុខ សន្តិភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាព នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងទូទាំងសកលលោក​ តាមរយៈការចូលរួមអនុម័ត សេចក្ដីសម្រេចនានា ឆ្លើយតាមបំណងប្រាថ្នារួមរបស់សភា​ជាសមាជិក។

បើតាមសម្ដេចប្រធានរដ្ឋសភា ព្រឹត្តិការណ៍ថ្ងៃនេះ​ ជាកាលានុវត្តភាពដ៏ប្រសើរ សម្រាប់យើងទាំងអស់គ្នា ធ្វើសំយោគនូវទស្សនទានប្រកបដោយវិចារណញ្ញាណ បណ្តុះចក្ខុវិស័យវែងឆ្ងាយ សម្រាប់ជាគោលមាគ៌ា ​ក្នុងការធ្វើកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែស៊ីជម្រៅថែមទៀត ស្របនឹងការវិវឌ្ឍនៃសភាពការណ៍ សកលលោក ដែលសព្វថ្ងៃកំពុងប្រឈមទៅនឹងនិន្នាការ ​នៃការវិលត្រលប់នូវការស្អប់ជាតិសាសន៍​ដទៃ ដែលមិនមែនជាតិសាសន៍ខ្លួនឯង និងការបណ្ដុះបណ្ដាល ឲ្យមានភាពតានតឹងនៅក្នុងតំបន់ និងការប្រឈមមុខគ្នា ខាងភូមិសាស្ត្រនយោបាយ​។

សម្ដេចសង្ឃឹមថាវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ​នឹងប្រព្រឹត្តទៅក្នុងបរិយាកាសមិត្តភាព ភាតរភាព សហប្រតិបត្តិការល្អ ដោយឈរលើស្មារតីរួម ក្នុងការលើកយក​បញ្ហាជាក់ស្តែងក្នុងតំបន់ មកជជែក និងពិភាក្សា​ ​​ដើម្បី​ធ្វើឲ្យតំបន់មួយ មាន​សុខសន្តិភាព ​ស្ថិរភាពនយោបាយ និង​ការអភិវឌ្ឍ ប្រកបដោយចីរភាព សំដៅបម្រើផលប្រយោជន៍ប្រជាជាតិពិតប្រាកដ និង​សេចក្តីសុខក្សេមក្សាន្តជូន​ប្រជាពលរដ្ឋរបស់យើង​​។​

នៅទីបញ្ចប់ សម្ដេចពញាចក្រី ហេង សំរិន បានលើកទឹកចិត្តដល់តំណាងសភា នៃប្រទេសសមាជិកវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលមានវត្តមាននៅទីនេះ សូមចូលរួម​ទាំងអស់គ្នាផ្តល់មតិយោបល់ និងចែករំលែកបទពិសោធន៍ល្អៗ សម្រាប់ជា​មូលដ្ឋាន​ក្នុងការឈានទៅសម្រេចឲ្យបាននូវបំណងប្រាថ្នារួមដ៏ឧត្តុង្គឧត្ដម្ភ របស់ប្រជាជាតិអាស៊ី-ប៉ាស៊ីហ្វិក​៕