(ភ្នំពេញ)៖ កម្មករ-កម្មការិនីជាង១០០នាក់ ក្នុងចំណោម៤២០នាក់ ដែលកំពុងធ្វើការក្នុងរោងចក្រ «​ឡុ​ង វី​ច​ថូ​រី អ៊ី​ន​ធើ​ណេ​សិន​ណ​ល (​ខេ​ម​បូ​ឌា​) លី​មី​ធី​ត​» ​ស្ថិត​នៅ​ក្នុងភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ ​បាន​ផ្ទុះ​កូដកម្មមិនព្រមចូលធ្វើការ​ជា​ថ្មី​ម្តងទៀត​ហើយ បន្ទាប់ពីថៅកែ និងរដ្ឋបាលរោងចក្រ ព្យាយាមបញ្ឈប់ការងារ និងដឹកជញ្ជូនសម្ភារចេញពីរោងចក្រ។

តាមការបញ្ជាក់របស់កម្មករ​-​កម្មការិនី​ ការផ្ទុះកូដកម្មនេះ បានធ្វើឡើង៣ លើកមកហើយ ដោយសារតែថៅកែ និងរដ្ឋបាលរោងចក្រ ជាស្រីម្នាក់ កំពុងហាមដាច់ខាតមិនមិនអនុញ្ញាតឲ្យអ្នកកាសែត ចូលទៅខាងក្នុង ដើម្បីថតផ្ដិតយករូបភាពឡើយ ខណៈខាងរោងចក្រកំពុងយករថយន្ដមកដឹកសម្ភារ និងម៉ាស៊ីនចេញពីរោងចក្រជាបន្តបន្ទាប់ ក្នុងបំណងបញ្ឈប់ការងារពួកគាត់ ហើយគេចវេសមិនបើកប្រាក់អតីតភាពការងារផ្សេងៗ មុនអណត្តិរយៈពេល៦ខែម្ដង ដែលភាគីរោងចក្របានសន្យានាពេលកន្លងមក។

កម្មករ​-​កម្មការិនី​រោងចក្រ បានឲ្យដឹងថា កាលពីព្រឹកម្សិលមិញថ្ងៃទី១៤ និងកាលពីថ្ងៃទី១២ ខែមករា ពួកគាត់ជាង៤២០នាក់ ក្នុងចំណោមកម្មករ១៤០០នាក់ ក្នុងរោងចក្រ «ឡុ​ង វី​ច​ថូ​រី អ៊ី​ន​ធើ​ណេ​សិន​ណ​ល (​ខេ​ម​បូ​ឌា​) លី​មី​ធី​ត​» ​ដែលត្រូវបានបញ្ឈប់ការងារខ្លះទៅហើយនោះ បាននាំគ្នាផ្ទុះការតវ៉ា២ដងរួចមកហើយ ដើម្បីទាមទារឲ្យខាងរោងចក្របើកប្រាក់អតីតភាពផ្សេងៗ ហើយកុំបញ្ឈប់ការងារពួកគាត់មុនអណត្តិ ក្នុងរយៈពេល៦ខែម្ដង ដោយគ្មានកំហុស និងស្នើឲ្យខាងរោងចក្រដាច់ខាតត្រូវតែបិទទ្វារ ដើម្បីកុំឲ្យមានការដឹកជញ្ជូនឥវ៉ាន់ សម្ភារផ្សេងៗ និងម៉ាស៉ីនចេញពីរោងចក្រ។

កម្មករ​-​កម្មការិនី ​បានឲ្យដឹងទៀតថា ក្រោយពីពួកគាត់ផ្ទុះកូដកម្មតវ៉ា ឃើញថា ខាងរោងចក្រ បានមកធ្វើការសម្របសម្រួល តាមការស្នើសុំរបស់កម្មករ-កម្មការិនីពិតមែន ប៉ុន្តែក្រោយពេលពួកគាត់ កំពុងតែធ្វើការជាធម្មតាវិញ បែរជាមិនបានបិទទ្វាររោងចក្រ ហើយយករថយន្ដទៅដឹកឥវ៉ាន់ និងសម្ភារ មានទាំងម៉ាស៉ីន ចេញពីរោងចក្រ ជាបន្តបន្ទាប់ ដោយមិនអនុវត្តតាមការជជែកសន្យាគ្នាឡើយ។

ទាក់ទងបញ្ហាកម្មករ-កម្មការិនី ផ្ទុះកូដកម្ម ចោទប្រកាន់ទៅខាងថៅកែរោងចក្រ ខាងលើនេះ ភ្នាក់ងារព័ត៌មាន Fresh News មិនអាចសុំការបញ្ជាក់បំភ្លឺពីខាងរោងចក្រ «​ឡុ​ង វី​ច​ថូ​រី អ៊ី​ន​ធើ​ណេ​សិន​ណ​ល (​ខេ​ម​បូ​ឌា​) លី​មី​ធី​ត​» បាននៅឡើយទេ ដោយសារស្រីជាប្រធានរដ្ឋបាលរោងចក្របានដេញអ្នកកាសែតចេញ ពេលចុះទៅយកព័ត៌មាននោះ៕