(ភ្នំពេញ)៖ នាឱកាសវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧ (APPF-27) ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី១៣-១៨ ខែមករា នៅខេត្តសៀមរាបនោះ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជសារអំពាវនាវទៅកាន់ប្រជាជាតិអាស៊ី-ប៉ាស៊ីហ្វិកទាំងឡាយ ត្រូវរួមគ្នារិះរកមធ្យោបាយក្នុងការពង្រឹងមូលដ្ឋានគ្រឹះនៃសន្តិភាព សេរីភាព លទ្ធិប្រជាធិបតេយ្យ និងវិបុលភាព ព្រមទាំងរកដំណោះស្រាយលើបញ្ហានានាទៅថ្ងៃអនាគតផងដែរ។
ក្នុងព្រះរាជសារដែលអង្គភាពព័ត៌មានទទួលបាន នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ព្រះករុណា ទ្រង់មានព្រះរាជបន្ទូលថា កម្ពុជាមានកិត្តិយស និងមានមោទនភាព ក្នុងការរៀបចំវេទិកា ដ៏មានសារសំខាន់នេះឡើង ដើម្បីពិភាក្សាគ្នាអំពីបញ្ហាអន្តរជាតិទាំងឡាយ ដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ននេះ ក៏ដូចជាចូលរួមចែករំលែកនូវការព្រួយបារម្ភ និងទស្សនវិស័យរួមទាំងអស់គ្នា ក្នុងគោលបំណងស្វែងរកនូវដំណោះស្រាយរួមនានា ចំពោះបញ្ហា និងការប្រឈមទាំងនោះ ដែលកំពុងកើតមាននៅក្នុងសតវត្សទី២១ ក្រោមប្រធានបទ «ការពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព»។
ព្រះអង្គមានព្រះរាជបន្ទូលបន្តថា «យើងទាំងអស់គ្នាកំពុងឈានចូលយុគសម័យថ្មីមួយ នៃវិស័យទំនាក់ទំនងអន្តរជាតិ តាមរយៈការវិវត្តនៃសណ្តាប់ធ្នាប់ពិភពលោក ដែលកំពុងប្រឈមមុខ នូវបញ្ហាស្មុគ្រស្មាញ និងប្រទាក់ក្រឡាគ្នាជាច្រើន។ គ្មានប្រទេសណាមួយអាចដោះស្រាយបញ្ហាសកលតែម្នាក់ឯងបានទេ ទោះបីប្រទេសនោះមានអំណាចយ៉ាងណាក៏ដោយ»។
ព្រះអង្គបានបន្តទៀតថា «យើងចាំបាច់បង្កើតកិច្ចសន្ទនាគ្នា និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយនូវបញ្ហាមួយចំនួន ដូចជាការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ ភាពក្រីក្រ និងវិសមភាពជាដើម»។
ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «នេះគឺជាពេលវេលាដ៏ល្អមួយ ដែលយើងទាំងអស់គ្នាបានមកជួបជុំគ្នានៅទីនេះ ដើម្បីត្រិះរិះពិចារណានូវបទពិសោធន៍ ទាំងឡាយរបស់យើង នាពេលកន្លងមក ព្រមទាំងប្រមើលមើលនូវនិន្នាការធំៗ ដែលនឹងមានឥទ្ធិពលចំពោះតំបន់អាស៊ីប៉ាស៊ីហ្វិក និងធ្វើការរំពឹងទុកចំពោះមធ្យោបាយរួមនានាទៅថ្ងៃអនាគត ដើម្បីពង្រឹងនូវមូលដ្ឋានគ្រឹះនៃសន្តិភាព សេរីភាព លទ្ធិប្រជាធិបតេយ្យ និងវិបុលភាព»។
ប្រព័ន្ធពហុភាគីនិយម និងប្រព័ន្ធមូលដ្ឋានច្បាប់អន្ដរជាតិ ក៏កំពុងទទួលរងនូវការគំរាមកំហែងផងដែរ ដែលបណ្តាលមកពីការកើនឡើងនូវឯកតោភាគីនិយម ការការពារនិយម ភាពជ្រុលនិយម ជាតិនិយម និងប្រជានិយមនៅតាមបណ្តាប្រទេសផ្សេងៗ នៅលើពិភពលោក។
ព្រះរាជឱង្ការរបស់ព្រះករុណា បានបញ្ជាក់ថា «យើងចាំបាច់ត្រូវមានភាពធន់ និងធ្វើការរួមគ្នាដើម្បីលើកកម្ពស់ប្រព័ន្ធពហុភាគីមួយ ដែលមានលក្ខណៈបើកចំហ ស្របតាមមូលដ្ឋានច្បាប់ និងប្រកបដោយបរិយាប័ន្ន។ យើងត្រូវកសាងភាពជាដៃគូអន្តរជាតិឲ្យកាន់តែរឹងមាំថែមទៀត ដើម្បីឈានទៅរកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ នៅឆ្នាំ២០៣០ ខាងមុខនេះ»។
ក្នុងន័យនេះ ព្រះរាជាណាចក្រកម្ពុជា ដែលជាសមាជិកដ៏សកម្មនៃសហគមន៍អន្តរជាតិ បានរៀបចំបញ្ចូលយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់ខ្លួន ជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយធ្វើការប្តេជ្ញាចិត្តដើម្បីរួមចំណែកចំពោះកិច្ចខិតខំប្រឹងប្រែងអន្តរជាតិទាំងឡាយ ក្នុងការដោះស្រាយបញ្ហាជាសកលទាំងនេះ៕