(ភ្នំពេញ)៖ សាលាអន្តរជាតិអាស៊ាន ដែលទទួលបានការជឿជាក់ ពីសំណាក់មាតាបីតាជាច្រើនពាន់នាក់ ទៅលើការបណ្តុះបណ្តាល ធនធានមនុស្ស បានរៀបចំ​កម្មវិធី​ប្រគល់​បណ្ណ​សរសើរ ជូន​ដល់​បុគ្គលិក​-​ថ្នាក់ដឹកនាំ​ឆ្នើម និង​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា បណ្ណ​សរសើរ និង​អាហារ​រូបករណ៍​ ជូន​ដល់​សិស្ស​ពូកែ​ប្រចាំឆ្នាំ​២០១៨​ ដែលរៀបចំធ្វើឡើងនៅសា​លា​តិច​ណូ រាជធានីភ្នំពេញ នាថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៩។

ពិធីខាងលើនេះ ធ្វើឡើងក្នុងគោលបំណង លើកទឹកចិត្តដល់បុគ្គលិក និងថ្នាក់ដឹកនាំ សម្រាប់ឆ្នាំ២០១៨ សរុប១៣០នាក់ ព្រមទាំងលើកទឹកចិត្ត សិស្សានុសិស្ស ១,០០៨នាក់ ដែលបានបញ្ចប់ការសិក្សា គ្រប់កម្រិត ពីសាលាអន្តរជាតិអាស៊ាន និងមានការផ្តល់អាហារូបករណ៍សិក្សា សម្រាប់ឆ្នាំ២០១៩ ២៤នាក់ សរុបជាទឹកប្រាក់ចំនួន ៦,៤២៦ដុល្លារ។

លោក ហុង លឹម អគ្គនាយកសាលាអន្តរជាតិអាស៊ាន បានលើកឡើងថា វត្តមានរបស់អាណាព្យាបាល និងសិស្សានុសិស្ស ជាងបួនពាន់នាក់ នាឱកាសនេះ បានឆ្លុះបញ្ជាំង និងជាភស្តុតាង បញ្ជាក់យ៉ាងច្បាស់ អំពីសារៈសំខាន់ លើការអប់រំ បណ្តុះបណ្តាល ធនធានមនុស្ស ដើម្បីអោយក្លាយជាទំពាំងស្នងឬស្សី ដ៏ល្អផូផង រឹងមាំសម្រាប់គ្រួសារ និងប្រទេសជាតិ ពីសាលាអន្តរជាតិអាស៊ាន។

លោកបានបន្ដទៀតថា ដើម្បីទទួលបានការអប់រំមួយដ៏ល្អ ឲ្យមានទាំងចំណេះដឹង និងចំណេះធ្វើពិតប្រាកដ ត្រូវផ្អែកលើកត្តាជាច្រើន ដូចជា៖ កត្ដាបុគ្គលិក កត្តាគ្រួសារ កត្តាសាលារៀន ការចូលរួមរបស់សិស្ស ភាពអំណត់ព្យាយាម និងកត្តាពេលវេលាជាដើម។

លោក ហុង លឹម បានជឿជាក់ថា សាលាអន្តរជាតិអាស៊ាន ពិតជាអាចដឹកដៃ និងនាំសិស្សានុសិស្ស ដែលសិក្សានៅទីនេះ ឆ្ពោះទៅកាន់ អនាគតរុងរឿង នាពេលអនាគត ដែលឈរលើគោលការណ៍ គុណភាព និងក្រមវិជ្ជាជីវៈជាធំ។

ជាមួយគ្នានោះ អគ្គនាយកសាលាអន្តរជាតិអាស៊ាន បានឲ្យដឹងថា ​ក្នុង​ឆ្នាំ២០១៩​នេះ សាលា​អន្តរជាតិ​អាស៊ាន និង​ដាក់បញ្ចូល​កម្មវិធីសិក្សា​ថ្មី​ មួយ​មកពី​សហរដ្ឋអាមេរិក ដែល​កម្មវិធី​នេះ ​មាន​សាលា​ជាង ៤,០០០ នៅលើ​ពិភពលោក កំពុង​ដាក់​ឲ្យ​សិស្សានុសិស្ស​សិក្សា​។

លោកថា កម្មវិធី​នេះ មាន​ឈ្មោះថា​កម្មវិធី ទម្លាប់​ល្អ​ទាំង​៧ ​របស់​បុគ្គលិក​ឆ្នើម ដែល​នឹង​បង្រៀន​ឲ្យ​សិស្សានុសិស្ស យល់ដឹង​ពី​ភាពជា​អ្នកដឹកនាំ​ផ្ទាល់ខ្លួន ការរៀបចំ​ផែនការ​សិក្សា និង​ផែនការ​ជីវិត​ប្រចាំថ្ងៃ និង​សម្រាប់​ថ្ងៃ​អនាគត ភាពម្ចាស់ការ​លើ​ជីវិត​រស់នៅ​របស់ខ្លួន ការដោះស្រាយ​បញ្ហា ការធ្វើការងារ​ជា​ក្រុម និង​ជំនាញ​ទំនាក់ទំនង ដែល​ទាំង​សុទ្ធតែជា​ជំនាញ​ដ៏​សំខាន់ៗ និង​ចាំបាច់​ក្នុង​សទវត្ស​ទី​២១៕