(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ នៅចុងឆ្នាំ១៩៩៨ សេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើន គួរឱ្យកត់សម្គាល់។ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលជិត ២ទសវត្សរ៍ចុងក្រោយនេះ កម្ពុជាទទួលបានចំណាត់ថ្នាក់ ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងលឿនបំផុតលំដាប់ទី៦ លើពិភពលោក។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញចូលរួមបើកកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៉ី-ប៉ាស៉ីហ្វិក លើកទី២៧ (APPF-27) ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ នៅចុងឆ្នាំ១៩៩៨ សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយចាប់ផ្តើមពីចំណុចសូន្យ ហើយក្នុងរយៈពេលជិត ២ទសវត្សរ៍ចុងក្រោយនេះ កម្ពុជាទទួលបានចំណាត់ថ្នាក់ ជាប្រទេសដែលមាន កំណើនសេដ្ឋកិច្ចខ្ពស់ និងលឿនបំផុតលំដាប់ទី៦ លើពិភពលោក ដោយសម្រេចបានកំណើនជាមធ្យមជាង ៧% ក្នុង១ឆ្នាំ តាមរយៈការរីកចម្រើនឥតឈប់ឈរ លើវិស័យឧស្សាហកម្មកម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ អចលនទ្រព្យ គមនាគមន៍ និងការដឹកជញ្ជូន»។
សម្តេចមានប្រសាសន៍បន្តថា ដោយឡែក រចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា កំពុងផ្លាស់ប្តូរពីប្រទេស ដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្នែកសំខាន់ លើវិស័យឧស្សាហកម្ម និងសេវាកម្ម។ ចំពោះអត្រានៃភាពក្រីក្រក៏បានធ្លាក់ចុះពីប្រមាណ ៥៣,២% នៅឆ្នាំ២០០៤ មកនៅត្រឹមប្រមាណ ១៣,៥% នៅឆ្នាំ២០១៤ និងត្រូវបានរំពឹងថា បន្តថយចុះមកក្នុងរង្វង់ ១០% នាបច្ចុប្បន្ន។
បុរសខ្លាំងកម្ពុជាបានគូសបញ្ជាក់ថា កត្តានេះធ្វើឱ្យកម្ពុជាកាន់តែមានមហិច្ឆតា ខិតខំប្រឹងប្រែងបន្តទៀត ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ លទ្ធផលនេះបញ្ជាក់ច្បាស់ថា មានសន្តិភាពទើបមានការអភិវឌ្ឍ មានការអភិវឌ្ឍខ្លាំងក្លា ទើបធានាបានសន្តិភាព ស្ថិតស្ថេរចីរកាល៕