(សៀមរាប)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលប្រព្រឹត្តទៅលើទឹកដីអង្គរ នៃខេត្តសៀមរាប ពិតជាមានសារៈសំខាន់សម្រាប់ប្រទេសនៅក្នុងតំបន់ រួមទាំងកម្ពុជាផង ដើម្បីពង្រឹងភាពជាដៃគូ សភាអាស៊ី-ប៉ាស៊ីហ្វិក ឈានទៅសម្រេចបាននូវសន្ដិភាព សន្ដិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅពេលនេះតំបន់អាស៊ី-ប៉ាស៊ីហ្វិក រួមទាំងពិភពលោកផង កំពុងប្រឈមនឹងបញ្ហាសកល ដូចជា សង្គ្រាមពាណិជ្ជកម្ម សង្គ្រាមសព្វាវុធ អំពើភេរវកម្មឆ្លងដែន ការជួញដូរឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ ការប្រែប្រួលអាកាសធាតុ គ្រោះមហន្ដរាយធម្មជាតិ អសន្ដិសុខស្បៀង និងភាពក្រីក្រ ដែលកំពុងគំរាមដល់សន្ដិសុខសកល និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ពិភពលោក។
ក្នុងសុន្ទរកថាបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ក្រោមប្រធានបទ «ការពង្រឹងភាពជាដៃគូសភា ដើម្បីសន្ដិភាព សន្ដិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព» សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នាពេលនេះ ពិតជាមានសារសំខាន់សម្រាប់ ប្រទេសនៅក្នុងតំបន់ រួមទាំងកម្ពុជាផង ដើម្បីពង្រឹងភាពជាដៃគូ សភាអាស៊ី-ប៉ាស៊ីហ្វិក ឈានទៅសម្រេចបាននូវសន្ដិភាព សន្ដិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព»។
បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី កិច្ចប្រជុំនេះ ប្រពឹ្រត្តទៅស្របពេលដែលកម្ពុជាទើបតែបានធ្វើពិធីរំលឹកខួបប្រវត្តិសាស្ដ្រធំៗ២ គឺខួបលើកទី៤០ នៃទិវាជ័យជម្នះ៧មករា និងខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះឈ្នះ ដែលកម្ពុជាបានដោះស្រាយបញ្ហាជាតិដោយខ្លូនឯងផ្ទាល់។
បន្ថែមពីនេះ កម្ពុជាបានបញ្ចប់ដោយជោគជ័យនូវសង្គ្រាមរ៉ាំរ៉ៃ និងបាននាំមកនូវសុខ សន្ដិភាពពេញលេញ ឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុងនៅចុងឆ្នាំ១៩៩៨ ដោយគ្មានការបង្ហូរឈាម គ្មានការប្រើអាវុធ និងគ្មានការបង្គាប់បញ្ជា ឬជួយជ្រោមជ្រែងពីបរទេស ហើយនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រដំបូងបង្អស់នៅកម្ពុជា ដែលពុំធ្លាប់កើតមានអស់រយៈពេលជាង៥០០ឆ្នាំកន្លងមក។
សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសរំលេចដែរថា បច្ចុប្បន្នកម្ពុជាបានសាងសង់វិមានឈ្នះឈ្នះ ដែលមានអត្ថន័យជាប្រវត្តិសាស្ដ្រ គឺការបញ្ចប់សង្គ្រាមជាស្ថាពរ និងតំណាងឲ្យកម្ពុជា មានសុខសន្ដិភាព និងឈ្នះជានិច្ចនិរន្ដរ៍ ហើយកត់ត្រាទុកនូវសមិទ្ធផលសង្គមជាតិច្រើនឥតគណា សម្រាប់កូនចៅជំនាន់ក្រោយបានសិក្សាស្វែងយល់អំពីប្រវត្តិសាស្ដ្រកម្ពុជា៕