(សៀមរាប)៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍លើកឡើងថា បច្ចុប្បន្ននេះនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក រួមទាំងពិភពលោកផង កំពុងតែប្រឈមនឹងបញ្ហាសកល ដូចជាសង្គ្រាមពាណិជ្ជកម្ម, សង្គ្រាមសព្វាវុធ, អំពើភេរវកម្ម ឆ្លងដែន, ការជួញដូរឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ, ការប្រែប្រួលអាកាសធាតុ, គ្រោះមហន្តរាយធម្មជាតិ, អសន្តិសុខស្បៀង និងភាពក្រីក្រដែលកំពុងតែគំរាមដល់សន្តិសុខសកល និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ពិភពលោក។
ការមានប្រសាសន៍លើកឡើងរបស់ប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ និងជាសមាជិកនៃរដ្ឋសភា បានអញ្ជើញចូលរួមបើក កិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ (APPF-27) ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះ៖ «ពេលនេះ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក រួមទាំងពិភពលោកផង កំពុងតែប្រឈមនឹងបញ្ហាសកល ដូចជា សង្គ្រាមពាណិជ្ជកម្ម, សង្គ្រាមសព្វាវុធ, អំពើភេរវកម្ម ឆ្លងដែន, ការជួញដូរឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ, ការប្រែប្រួលអាកាសធាតុ, គ្រោះមហន្តរាយធម្មជាតិ, អសន្តិសុខស្បៀង និងភាពក្រីក្រដែលកំពុងតែគំរាម ដល់សន្តិសុខសកល និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ពិភពលោក»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍បន្តថា ដូច្នេះនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើទី២៧ នៃវេទិការសភាអាស៊ី-ប៉ាស៊ីហ្វិក នាពេលនេះ ពិតជាមានសារសំខាន់សម្រាប់ប្រទេស នៅក្នុងតំបន់រួមទាំងកម្ពុជាផងដែរ។ ដើម្បីពង្រឹងភាពជាដៃគូសភាអាស៊ី-ប៉ាស៊ីហ្វិក ឈានទៅសម្រេចបាននូវសន្តិភាព សន្តិសុខ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
បុរសខ្លាំងរបស់កម្ពុជារូបនេះ បានបញ្ជាក់ថា កិច្ចប្រជុំនេះស្របពេលដែលកម្ពុជា ទើបតែបានធ្វើពិធីរំលឹកខួបប្រវត្តិសាស្ត្រធំៗចំនួន២គឺទី១៖ ខួបលើកទី៤០ នៃទិវាជ័យជម្នះ ៧ មករា និងខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលកម្ពុជា បានដោះស្រាយបញ្ហាជាតិដោយខ្លួនឯងផ្ទាល់ ហើយបានបញ្ចប់ដោយភាពជោគជ័យនូវសង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជា និងបាននាំមកនូវ សន្តិភាពពេញលេញ ឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង នៅចុងឆ្នាំ១២៩៩៨ ដោយគ្មានការបង្ហូរឈាម គ្មានការប្រើប្រាស់អាវុធ និងគ្មានការបង្គាប់បញ្ជា ឬជួយជ្រោមជ្រែងពីបរទេស ហើយនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដំបូងបង្អស់នៅកម្ពុជា ដែលពុំធ្លាប់កើតមានអស់រយៈពេលជាង៥០០ឆ្នាំកន្លងទៅ។
សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍បន្ថែមទៀតថា បច្ចុប្បន្ន កម្ពុជា បានសាងសង់វិមានឈ្នះ-ឈ្នះដែលមានអត្ថន័យ ជាប្រវត្តិសាស្ត្រ គឺការបញ្ចប់សង្គ្រាមជាស្ថាពរ និងតំណាងឱ្យកម្ពុជា មានសុខសន្តិភាព និងឈ្នះជានិរន្តរ៍ ហើយបានកត់ត្រាទុកនូវសមិទ្ធផលសង្គមជាតិច្រើនឥតគណនា សម្រាប់កូនចៅជំនាន់ក្រោយបានសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្រកម្ពុជា៕