(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តម ក្នុងការធ្វើជាម្ចាស់ផ្ទះជាលើកដំបូង សម្រាប់ការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៉ី-ប៉ាស៉ីហ្វិក (APPF)។

សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បែបនេះ ក្នុងឱកាសដែលសម្តេច អញ្ជើញចូលរួមបើកកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៉ី-ប៉ាស៉ីហ្វិក លើកទី២៧ (APPF-27) ដែលប្រារព្ធធ្វើឡើងនៅ សណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ។

ប្រមុខដឹកនាំកំពូលកម្ពុជា មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តម ក្នុងការធ្វើជាម្ចាស់ផ្ទះជាលើកដំបូង សម្រាប់ការរៀបចំ កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៉ី-ប៉ាស៉ីហ្វិក ដើម្បីរួមគ្នាពិភាក្សាអំពីស្ថានភាពនយោបាយ សង្គមសេដ្ឋកិច្ច បញ្ហាប្រឈមសកល សំដៅធ្វើឲ្យកាន់តែប្រសើរឡើង នូវទំនាក់ទំនងអន្តរជាតិ និងការទូតសភា ជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ក្នុងតំបន់ ដើម្បីសម្រេចបានសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព»

សម្តេចតេជោ ហ៊ុន សែន ក៏សម្តែងការស្វាគមន៍ ចំពោះគណៈប្រតិភូ នៃបញ្ហាប្រទេសសមាជិកអង្គការ APPF ប្រទេសសង្កេតការណ៍ និងអង្គការដៃគូទាំងអស់ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកដល់ទឹកដីអង្គរ នៃខេត្តសៀមរាប ដែលជាតំបន់ប្រវត្តិសាស្ត្រដ៏ល្បីរបស់កម្ពុជាផងដែរ។

សូមជម្រាបថា សភាកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧ APPF ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូសភាដើម្បីសន្តិភាព សន្តិសុខ និងកាអភិវឌ្ឍប្រកបដោយចីរភាព»

វេទិកាសភាអាស៉ី-ប៉ាស៉ីហ្វិក ជាបណ្តុំស្ថាប័ននីតិប្បញ្ញត្តិមួយ ដែលបង្កើតឡើងក្នុងគោលបំណងជំរុញសុខសន្តិភាព និងការអភិវឌ្ឍដោយចីរភាព។ APPF បានបង្កើតនៅឆ្នាំ១៩៩៣ នៅក្នុងប្រទេសជប៉ុន បច្ចុប្បន្នមានសមាជិកចំនួន ២៧ប្រទេស៕