(សៀមរាប)៖ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ដោយមានប្រទេស២៦ចូលរួម ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) បានប្រកាសលើកកម្ពស់សសរស្តម្ភចំនួន៤ ដែលមានភាពប្រទាក់ក្រឡាគ្នា ទៅវិញទៅមក។ នេះបើតាមសេចក្តីថ្លែងការណ៍ របស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ។
សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា សសរស្តម្ភចំនួន៤ ដែលក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ប្រកាសលើកកម្ពស់នោះ រួមមាន៖
*ទី១៖ វប្បធម៌ និងសន្តិភាព៖ ប្តេជ្ញាលើកកម្ពស់វប្បធម៌សន្តិភាព ស្របតាមពាក្យស្លោករបស់ ACC ថា «ពិភពលោកមួយដែលមានវប្បធម៌ចម្រុះសម្បូរបែបជាមូលដ្ឋាន សម្រាប់ការកោតសរសើរ និងកិច្ចសហប្រតិបត្តិការ»។ វប្បធម៌គឺជាសូចនាករមួយ សម្រាប់អត្តសញ្ញាណជាតិ អធិបតេយ្យភាព និងឯករាជ្យភាព។
*ទី២៖ វប្បធម៌ និងការអភិវឌ្ឍដោយចីរភាព៖ គូសបញ្ជាក់ពីទំនាក់ទំនងរវាងវប្បធម៌ និងការអភិវឌ្ឍដោយចីរភាព តាមរយៈការលើកកម្ពស់ភាពទាក់ទងគ្នា រវាងគុណតម្លៃសង្គម និងវប្បធម៌ និងការធ្វើឲ្យប្រសើរឡើងនូវកុងសង់ស៊ុសអន្តរជាតិ កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដើម្បីកាត់បន្ថយនូវអសមភាពសេដ្ឋកិច្ច និងសង្គម ពង្រឹងសមត្ថភាពមូលដ្ឋាន ដើម្បីកាត់បន្ថយហានិភ័យ នៃបម្រែបម្រួលអាកាសធាតុ និងលើកកម្ពស់ការ ផ្សារភ្ជាប់សង្គម និងនិរន្តរភាពសង្គម។
*ទី៣៖ វប្បធម៌ និងការតភ្ជាប់មនុស្សជាតិ៖ អភិវឌ្ឍបន្ថែមទៀត នូវផែនការសកម្មភាពជាក់លាក់ ដើម្បីលើកកម្ពស់ការតភ្ជាប់មនុស្សជាតិ គុណតម្លៃរួមគ្នា និងផលប្រយោជន៍រួម និងដើម្បីលុបបំបាត់ រាល់ទម្រង់នៃភាពជ្រុលនិយម តាមរយៈការផ្លាស់ប្តូរវប្បធម៌ ការចែករំលែកចំណេះដឹង និងកិច្ចសន្ទនា និងការពិគ្រោះយោបល់ ដែលមានលក្ខណៈបើកទូលាយ និងប្រកបដោយបរិយាប័ន្ន។
*ទី៤៖ វប្បធម៌ និងនវានុវត្តភាព៖ គូសបញ្ជាក់នូវសារៈសំខាន់ នៃការលើកកម្ពស់វប្បធម៌ ជាមូលដ្ឋាននៃនវានុវត្តភាព ដែលប្រមូលផ្តុំលើមនុស្ស តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងការលើកកម្ពស់គុណតម្លៃមនុស្ស និងការផ្សារភ្ជាប់មនុស្សជាតិ។
សូមបញ្ជាក់ថា នៅថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននិងកំពុងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំដំបូងបង្អស់ របស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ បន្ទាប់ពីក្រុមប្រឹក្សានេះត្រូវបានបង្កើតកាលពីឆ្នាំមុន។ កិច្ចប្រជុំនេះ បានប្រព្រឹត្តិទៅនៅខេត្តសៀមរាប នៅក្នុងសណ្ឋាគារ និងសាលសន្និសីទសុខា ជាមួយនឹងវត្តមានរបស់ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ មកពី២៦ប្រទេសទូទាំងទ្វីបអាស៊ី។
ACC ត្រូវបានបង្កើតឡើងក្នុង ឆ្នាំ២០១៨ ដោយអង្គការសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ដែលមានតំណាងគណបក្សនយោបាយជាង ៣៥០ មកពី៥២ ប្រទេសក្នុងតំបន់។ ក្រុមប្រឹក្សានេះ ត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ បន្ទាប់ពីកិច្ចព្រមព្រៀងត្រីភាគី រវាងអង្គការអប់រំ វិទ្យាសាស្រ្ត និងវប្បធម៌ របស់អង្គការសហប្រជាជាតិ (UNESCO យូណេស្កូ) អង្គការ ICAPP និង ACC ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តសៀមរាប៕