(ភ្នំពញេ)៖ ប្រសិនបើស្តាប់មួយភ្លែតហើយមិនបានស៊ីជម្រៅ មនុស្សមួយចំនួនអាចគិតថា ការវាយបករបស់លោកហ៊ុន សែន កាលពីថ្ងៃទី១៤ មករា ២០១៩ ទៅលើបស្ចឹមប្រទេសដែលគំរាមជាបន្តបន្ទាប់ដាក់ទណ្ឌកម្មមកលើ កម្ពុជាថា ជាភាសាធ្ងន់ចំពោះមហាអំណាច ទាំងនោះដែលហាក់មិនចំណេញដល់ខ្មែរ។
ប៉ុន្តែសម្រាប់អ្នកយល់ស៊ីជម្រៅនៃបញ្ហានេះជាភាសាដ៏ត្រឹមត្រូវនិងទាន់សភាពការណ៍បំផុតសម្រាប់ទប់ទល់ជាមួយពួកបរទេសដែលចិញ្ចឹមមហិច្ឆតាយកកម្ពុជាជា ចំណាប់ខ្មាំងនៃផល ប្រយោជន៍ភូមិសាស្ត្រ នយោបាយរបស់ខ្លួន។
អ្នកសិក្សាអំពីវិទ្យាសាស្ត្រ នយោបាយ និងទំនាក់ទំនងអន្តរជាតិ ច្បាស់ជាធ្លាប់បានលឺពាក្យថា «គ្មានទេមិត្តគ្មានទេសត្រូវ គឺមានតែផលប្រយោជន៍» នេះម្យ៉ាង។ ម្យ៉ាងទៀត គេក៏ធ្លាប់បានលឺពាក្យមួយឃ្លាទៀតថា «គ្មានអ្វីអកតញ្ញូជាង ផលប្រយោជន៍ភូមិសាស្ត្រនយោបាយឡើយ»។ ទាំងពីរយ៉ាងនេះពិតជាបានបានឆ្លុះបញ្ចាំង យ៉ាងច្បាស់ក្រឡែតអំពីអ្វីដែលកើតមានចំពោះកម្ពុជាទាំងក្នុងអតីតកាល និងបច្ចុប្បន្នកាល។
ក្នុងអតីតកាល សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកជិត ៣ លានតោនស្រោចមកលើកម្ពុជា ហើយនៅទីបំផុត គាំទ្រកូនជឹងរបស់ខ្លួនគឺ លន់ នល់ ដើម្បីធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ពីព្រះប្រមុខរដ្ឋស្របច្បាប់ដោយសារតែសម្តេចសីហនុមិនព្រមធ្វើជារណបរបស់ខ្លួន។
បន្ទាប់មកទៀត សហរដ្ឋអាមេរិកចាប់ដៃជាមួយចិនគាំទ្រខ្មែរក្រហមសម្លាប់ពលរដ្ឋខ្មែររាប់លាននាក់។ លើសពីនេះ ដើម្បីទប់ទល់ឥទ្ធិពលអតីត សហភាពសូវៀតនៅក្នង សង្គ្រាមត្រជាក់ ពួក បស្ចឹមប្រទេស មានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបផងដែរ បានបន្តគាំទ្រអស់រយះពេល១២ឆ្នាំនូវអាសនៈពួកខ្មែរ ក្រហមនៅអង្គការសហប្រជាជាតិ ទាំងពួកនេះបានធ្វើទារុណកម្ម និងប្រល័យពូជសាសន៍ខ្មែរស្ទើរផុតពូជ។
បច្ចុប្បន្ននេះ ស្ថានភាព មិនសូវខុសពីអតីតកាល ប៉ុន្មានឡើយ។ ដោយសាររដ្ឋាភិបាលក្រុងភ្នំពេញដឹកនាំដោយលោក ហ៊ុន សែនមិនព្រមធ្វើជារណបភូមិសាស្ត្រ នយោបាយដល់ខ្លួន សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប បានប្រើវិធីចាស់ដដែល គឺការចិញ្ចឹមកូនជឹងដែលមាន ក្រុមប្រឆាំងដឹកនាំដោយសម រង្ស៊ីឲ្យក្រឡុកសភាពការណ៍ និងរកវិធីគ្រប់យ៉ាងដើម្បីផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់មួយដែលកើតចេញពីការបោះឆ្នោតតាមលិទ្ធិប្រជាធិប្បតេយ្យសេរីពហុបក្ស។
វិធីសាស្រ្តរបស់ពួកគេមានគ្រប់បែបយ៉ាង រាប់ទាំងការអនុវត្តន៍ ចលនា បដិវត្តន៍ពណ៌ និងការបង្ក ព្យុះភ្លៀងឥតឈប់ឈរ ដោយមានការគាំទ្រពីចៅហ្វាយនាយបរទេសក្រោមលេសនៃពាក្យពីរម៉ាត់គឺ «ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស»។
តើការទម្លាក់គ្រាប់បែក រាប់លានតោនស្រោចលើទឹកដីខ្មែរ និងបានសម្លាប់ពលរដ្ឋខ្មែររាប់សែន នាក់ ពួកគេដែល បាននិយាយពីសិទ្ធិមនុស្សទេ? ការគាំទ្រឲ្យខ្មែរ
ក្រហមសម្លាប់ខ្មែររាប់លាននាក់ និងបន្តឲ្យពួកនេះកាន់កាប់អានសៈកម្ពុជានៅអង្គការសហប្រជាជាតិ តើពួកបស្ចឹម ប្រទេសដែលនិយាយពីសិទ្ធិមនុស្សទេ?
បច្ចុប្បន្នទៀតសោត ខណៈដែលកម្ពុជាកំពុងបើកចំហរទៅរកប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ពួកបស្ចឹម ប្រទេសបែរជាចោទកម្ពុជាថា បាន បំពានលើគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ប៉ុន្តែ ពួកគេបែរទៅចាប់ដៃធ្វើសម្ព័ន្ធមិត្តជាមួយប្រទេសដែលគ្មានប្រជាធិបតេយ្យទាល់តែសោះទៅវិញ? នេះគឺជាភស្តុតាងមិនអាចក្រកែកបានឡើយដែល បង្ហាញថា ពាក្យប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ដែលបស្ចឹម ប្រទេសកំពុងដាក់សង្កត់មកលើកម្ពុជាគ្រាន់តែជាលេសដើម្បីចង់យកកម្ពុជាធ្វើជារណបបម្រើផលប្រយោជន៍ ភូមិសាស្ត្រនយោបាយរបស់ខ្លួនសុទ្ធសាធ។
ក្នុងន័យនេះ សាររបស់បុរសខ្លាំងកម្ពុជាដែលថា ការដាក់ទណ្ឌកម្មណា មួយមកលើកម្ពុជា មានន័យស្មើនឹងទណ្ឌកម្មទៅលើក្រុមប្រឆាំង គឺជារឿងដ៏ត្រឹមត្រូវ
បំផុតនិងជាសារប្រកប ដោយភាពឈ្លាសវៃរបស់មេដឹកនាំពីព្រោះសារនេះ បានវាយចំគោលដៅ «Knock-Out»របស់ពួកបរទេសដែលកំពុងប៉ុនប៉ងយកកម្ពុជាជា រណបដើម្បីបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់ខ្លួន។ សារនេះក៏ជាព្រួញមួយបាញ់បានសត្វពីរ៖
ទី១៖ គឺជាការព្រមានដល់ពួក បរទេសដែលជា ចៅហ្វាយនាយរបស់ក្រុមប្រឆាំងនៅកម្ពុជាថា ទណ្ឌកម្មរបស់ពួកគេមកលើកម្ពុជាស្មើនឹងច្រវ៉ាក់ខ្នោះឃ្នៀងសម្រាប់ដាក់កូនជឹងរបស់ខ្លួនយ៉ាងដូច្នោះដែរពីព្រោះរដ្ឋាភិបាលក្រុងភ្នំពេញនឹងមិនអត់ឱន ដល់ក្រុមប្រឆាំងទៀតឡើយក្នុងករណីដែល មានទណ្ឌកម្មមែន ដោយសារថា គ្មានអ្វីត្រូវខាតបង់ជាងនេះទៀតទេ។
ទី២៖ គឺជាសារបញ្ជូនទៅ ប្រាប់ក្រុមប្រឆាំងឲ្យដឹងខ្លួនថា ការណ៍ដែលពួកគេទៅបុករុកបរទេសឲ្យដាក់ទណ្ឌកម្មណា មួយ មកលើប្រទេសនិងប្រជាជនរបស់ខ្លួនមិនខុសពី
ការបង្កាត់ភ្លើងដើម្បីដុតផ្ទះខ្លួនឯងនោះឡើយ។ ជំហររឹងមាំដូចដែកថែប របស់បុរសខ្លាំងកម្ពុជាពិតជាគួរឲ្យសាទរនិងផ្តល់តម្លៃពីព្រោះកម្ពុជាមិនត្រូវយកអធិបតេយ្យជាតិ»ទៅប្តូរជាមួយផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់បរទេសណាមួយឡើយ។
មកដល់ចំណុចនេះ មនុស្សមួយចំនួនអាចចោទសួរបញ្ច្រាសមក វិញថា ហេតុអីកម្ពុជាចាប់យកចិន និងកំពុងបម្រើផលប្រយោជន៍ ភូមិសាស្ត្រនយោបាយឲ្យចិន? តាមពិត មិនមែន ដូច្នោះឡើយ។
កម្ពុជាប្រកាន់គោលនយោបាយអព្យាក្រឹត្យឥតលម្អៀងនិងនៅតែប្រកាន់គោលការណ៍នេះដោយឥតងាករេជាអចិន្ត្រ័យ ពោលគឺកម្ពុជាចងមិត្តជាមួយបណ្តាប្រទេសទាំងអស់ដោយស្មើមុខមាត់គ្នានិងស្មើសិទ្ធ។ ប៉ុន្តែប្រការដែលគេមើលឃើញថា កម្ពុជាហាក់កៀកកិតខ្លាំងជាមួយចិនគឺដោយសារពួកបស្ចឹម ប្រទេសខ្លួនឯងទេដែលធ្វើខ្លួនឲ្យកាន់តែឃ្លាតឆ្ងាយពីកម្ពុជាដោយសារតែជំនួយចងភ្ជាប់ជាមួយលក្ខខណ្ឌ«ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស»ដែលជា
លក្ខខណ្ឌក្លែងក្លាយដើម្បីបន្លំភ្នែកតែប៉ុណ្ណោះ ខណៈដែលចិននៅតែអាចរក្សាបាននូវចំណងមិត្តភាពស្មើមុខ មាត់និងស្មើសិទ្ធជាមួយកម្ពុជាតាមរយៈគោលការណ៍មិនលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងនិងការគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមកបានយ៉ាងល្អ។ នេះជាហេតុផល សត្យានុម័តដែលជំរុញឲ្យកម្ពុជានៅកៀកជាមួយចិនជាងបស្ចឹមប្រទេស។
ប្រសិនបើ បស្ចឹមប្រទេសចង់បានភាពស្មើមុខមាត់ជាមួយកម្ពុជា និងឈរទន្ទឹមជាមួយចិន គឺពិតជាមិនពិបាកឡើយព្រោះវាគ្រាន់តែបោះបង់ចោលមហិច្ឆតាចង់យកកម្ពុជា ធ្វើជារណបដើម្បីបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់ខ្លួន ហើយបែរមកគោរព អធិបតេយ្យភាពរបស់កម្ពុជាដូចចិនដែរទៅគឺជាការស្រេច។
ប្រឈមមុខនឹងស្ថានភាពបច្ចុប្បន្ន កម្ពុជាគ្មានជម្រើសអ្វីក្រៅពីការការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពជាតិរបស់ខ្លួន ដើម្បីទប់ទល់ជាមួយពួកបរទេសដែលកំពុងព្យាយាមទាញកម្ពុជា ធ្វើជារណបនោះឡើយ។ ប្រសិនបើគ្មានភាព ម៉ឺងម៉ាត់នេះទេ កម្ពុជាអាចប្រឈមមុខនឹងគ្រោះថ្នាក់ធំដូចកាលពីអតីតកាលមិនខានឡើយ។
សម្រាប់អ្នកតាមដាន នយោបាយនៅកម្ពុជា ពីអំណឹះតទៅ ប្រសិនបើពួកបស្ចឹមប្រទេសមិនព្រមផ្លាស់ប្តូរនយោបាយរបស់ខ្លួនចំពោះកម្ពុជា ហើយនៅតែចិញ្ចឹមចិត្តប្រើក្រុមប្រឆាំង ដើម្បីធ្វើជាកូនជឹងក្នុងការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់តទៅទៀត នោះផ្លូវល្អបំផុតសម្រាប់កម្ពុជា ទំនងជាគ្មានអ្វីក្រៅពីយកគំរូតាមប្រទេសសិង្ហបូរីពោលគឺ ការអភិវឌ្ឍន៍ប្រទេសដោយយកសណ្តាប់ធ្នាប់ជាធំ ដោយមិនភ្លេចប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គឺសិទ្ធិរបស់ពលរដ្ឋខ្មែរពិតប្រាកដមិនមែនជាសិទ្ធិមនុស្សឡប់ឡែតាមខ្សែញាក់ ឬតាមមាត់ថារបស់បរទេសណាមួយឡើយ។
ក្នុងន័យនេះការលើកឡើងរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៤ មករា ពិតជាត្រឹមត្រូវ និងមានលក្ខណៈឡូហ្សិក បំផុតដើម្បីការពារផលប្រយោជន៍ខ្មែរ និងពង្រឹងឯករាជភាពរបស់ខ្មែរទាំងវិស័យនយោបាយ និងសេដ្ឋកិច្ច។ មានតែជំហររឹងមាំបែបនេះទេទើបអាចទប់ទល់ជាមួយមហិច្ឆតាបរទេសដែលកំពុងចង់លេប
ត្របាក់កម្ពុជាដើម្បីធ្វើជារណបនៃភូមិសាស្ត្រ នយោបាយរបស់ខ្លួន។ ដូច្នេះប្រសិនបើគ្មានអ្វី អកតញ្ញូជាងផលប្រយោជន៍ភូមិសាស្ត្រ នយោបាយមែន ក៏គ្មានអ្វីដែលកតញ្ញូជាងការការពារអធិបតេយ្យភាពជាតិឲ្យចេញផុតពីការធ្វើរណបភូមិសាស្ត្រនយោបាយរបស់បរទេសនោះដែរ៕
ដោយ៖ សាស្ត្រាចារ្យ វិទ្យាសាស្ត្រសង្គម
សាកលវិទ្យាល័យកំពង់ចាម