(សៀមរាប)៖ ក្នុងជំនួបសំណេះសំណាល និងពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ប្រតិភូជប៉ុន ដឹកនាំដោយលោក តាគុជិ យ៉ាណាជីម៉ូតុ (Takuji YANAGIMOTO) សមាជិកព្រឹទ្ធសភាជប៉ុន បានមើលឃើញថា សេដ្ឋកិច្ចកម្ពុជា កំពុងតែមានសន្ទុះរីកចម្រើនខ្លាំង ហើយជប៉ុននឹងគាំទ្រកម្ពុជាបន្ថែមទៀត។
នេះបើតាមការឲ្យដឹងពីលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ នាទីទឹកដីអង្គរ ខេត្តសៀមរាប។
នៅក្នុងជំនួបនេះ លោក តាគុជិ យ៉ាណាជីម៉ូតុ បានគោរពថ្លែងអំណរគុណ ជូនសម្ដេចតេជោ ហ៊ុន សែន ចំពោះការទទួលស្វាគមន៍យ៉ាងរាក់ទាក់ ដល់ប្រតិភូរបស់លោក មកកាន់កម្ពុជាពេលនេះ ហើយលោកសូមសម្ដែង នូវការអបអរសាទរ ចំពោះជោគជ័យដែលទទួលបាននាកិច្ចប្រជុំសមាជិកសភាស្ត្រី នៃវេទិការអាស៊ី-ប៉ាស៊ីហ្វិក (APPF) នៅទីក្រុងសៀមរាបនេះ។
លោកក៏បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ដោយបានកត់សម្គាល់ឃើញថា នៅពេលនេះអ្នកវិនិយោគជប៉ុន ក៏បានចាប់ផ្ដើមមកវិនិយោគ នៅប្រទេសកម្ពុជាកាន់តែច្រើន, ប្រជាជន និងប្រជាជន ក៏មានទំនាក់ទំនងល្អផងដែរ។ ពីនោះទៅទៀតសេដ្ឋកិច្ចកម្ពុជា ក៏កំពុងតែមានសន្ទុះ រីកចម្រើនយ៉ាងលឿន ដែលនេះជាការឆ្លុះបញ្ចាំង នូវកិច្ចប្រឹងប្រែងដ៏ល្អរបស់កម្ពុជាង។ ក្នុងន័យនេះ លោកក៏បានគោរពជម្រាបជូន សម្ដេចថាជប៉ុននឹងបន្តគាំទ្រកម្ពុជាថែមទៀត។
ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះលោក តាគុជី ព្រមទាំងគណៈប្រតិភូទាំងមូល ដែលបានមកចូលរួមកិច្ចប្រជុំ APPF នេះ ហើយក៏បានមានប្រសាសន៍ផងដែរថា ជប៉ុនបានដើរតួនាទីសំខាន់ណាស់ ក្នុងការស្វែងរកសន្តិភាពរបស់កម្ពុជា ដោយជប៉ុនបានបញ្ជូន កម្លាំងប្រតិបត្តិការថែរក្សា សន្តិភាព មកកម្ពុជាជាលើកដំបូង ហើយពីលើសនោះទៅទៀត បន្ទាប់ពីកម្ពុជាបោះឆ្នោត ឆ្នាំ១៩៩៣ ជប៉ុនក៏នៅតែបន្តជួយដល់កម្ពុជា ជាពិសេសលើ ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍប្រទេសកម្ពុជា៕