(សៀមរាប)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយប្រតិភូរុស្ស៊ី ដឹកនាំដោយលោក អ៊ីលីយ៉ាស់ អ៊ូម៉ាកាណូវ (LIYAS UMAKHANOV) អនុប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសហព័ន្ធរុស្ស៊ី នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ នាទីក្រុងសៀមរាប ខេត្តសៀមរាប។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នៅក្នុងជំនួបនេះ លោក អ៊ីលីយ៉ាស់ បានគោរពជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ដែលបានទទួលស្វាគមន៍ យ៉ាងរាក់ទាក់ ចំពោះប្រតិភូរុស្ស៊ី ក្នុងពេលធ្វើដំណើរមកកាន់កម្ពុជា ដើម្បីចូលរួមក្នុងវេទិកាក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) និងកិច្ចប្រជុំសមាជិកសភាស្រ្តី នៃវេទិកាអាស៊ីប៉ាស៊ីហ្វិក (APPF)។
លោកបានសម្តែងនូវការអបអរសាទរ ចំពោះការរៀបចំយ៉ាងល្អឥតខ្ចោះ ចំពោះកម្មវិធី ACC និង APPF។ លោកបញ្ជាក់ថា នៅរុស្ស៊ីសម្រាប់ឆ្នាំ២០១៩នេះ បានចាត់ទុកថា គឺជាឆ្នាំវប្បធម៌របស់កម្ពុជា ក្នុងន័យនេះប្រតិភូរបស់លោក នឹងប្រឹងប្រែងធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍ ឆ្នាំវប្បធម៌កម្ពុជានៅរុស្ស៊ីនេះ ទទួលបានជោគជ័យ ហើយក៏ជាការរួមចំណែកដល់ជំរុញទំនាក់ទំនង រវាងប្រទេសទាំងពីរ ដែលមានទំនាក់ទំនងជាយូរលង់ណាស់មកហើយ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះលោក អ៊ីលីយ៉ាស់ និងប្រតិភូដែលបានមកចូលរួមក្នុងព្រឹត្តិការណ៍ ACC និង APPF។ សម្ដេចក៏បានមានប្រសាសន៍ផងដែរថា ក្រុមប្រឹក្សាវប្បធម៌អាស៊ីនេះ គឺត្រូវបានទទួលស្គាល់ ដោយអង្គការយូណេស្កូ។
ជាងនេះទៀត សម្ដេចតេជោ ហ៊ុន សែក ក៏បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងរុស្សី គឺជាទំនាក់ទំនងជាប្រវត្តិសាស្រ្ត មានជាយូរលង់ណាស់មកហើយ ហើយជាពិសេសរុស្ស៊ី បានជួយដល់កម្ពុជា នៅពេលដែលកម្ពុជាជួបការពិបាកបំផុត នៅពេលដែលកម្ពុជាទើបបានរំដោះចេញពីរបប ប៉ុល ពត។
ពីនោះទៅទៀត រុស្ស៊ីក៏បានបន្សល់នូវស្នាដៃប្រវត្តិសាស្ត្រជាច្រើនដែរ ដូចជាមន្ទីរពេទ្យរុស្ស៊ី និងសាលាតិចណូជាដើម ហើយរុស្ស៊ីក៏បានជួយដល់កម្ពុជា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសធនធានមនុស្ស ដែលបានបណ្ដុះបណ្ដាលនៅរុស្ស៊ី គឺសព្វថ្ងៃនេះបានបម្រើការងារជួយដល់កម្ពុជា ធ្វើឲ្យកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះរុស្ស៊ី ដែលបានជួយលើវិស័យផ្សេងៗទៀតជាច្រើន ហើយក៏បានជូនពរដល់ប្រតិភូ ឲ្យទទួលបានជោគជ័យក្នុងការស្នាក់នៅ ក៏ដូចេជាពេលវិលត្រឡប់ ទៅប្រទេសរុស្ស៊ីវិញផងដែរ៕