(ព្រះវិហារ)៖ ប្រភេទគ្រាប់ B52 ដែលជាគ្រាប់ទម្លាក់ពីលើយន្តហោះ កាលពីសម័យសង្គ្រាម និងជាកេរ្តិ៍មរតករបស់មហាអំណាចអាមេរិក ត្រូវបានរកឃើញនៅចំណុចអូរឈើទាល ក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារទៀតហើយ។ នៅពេលនេះ ត្រូវបានមន្ត្រីស៊ីម៉ាក់ សហការជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានធ្វើការដឹកជញ្ជូន យកទៅរក្សាទុកផងដែរ។
មន្ត្រីស៊ីម៉ាក់បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តព្រះវិហារលោក សេងឡុង នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះថា គ្រាប់ B52 មួយគ្រាប់នេះ ជាប្រភេទគ្រាប់ដែលទម្លាក់ ពីលើយន្តហោះ កាលពីសម័យសង្គ្រាម មានទំងន់រហូត២២៧គីឡូក្រាម។
មន្ត្រីដដែលបានបញ្ជាក់ទៀតថា គ្រាប់ B52 នេះត្រូវបានលោក នី គា និងលោក ចៀន ជិន ជាប្រជាពលរដ្ឋរស់នៅភូមិប្រា ឃុំឆែបពីរ ស្រុកឆែប ប្រទះឃើញនៅចំណុចខាងលើ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩។ បន្ទាប់មកក៏បានរាយការណ៍ទៅសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដើម្បីទាក់ទងឲ្យអង្គភាពស៊ីម៉ាក់ចុះទៅពិនិត្យ។
បន្ទាប់ពីពិនិត្យឃើញ ក៏បានរកមធ្យោយដើម្បីទៅដឹកជញ្ជូនគ្រាប់យកមករក្សាទុក។ តែដោយសារស្ថានភាពផ្លូវចូលពិបាកពេក រថយន្តចូលមិនដល់ ក៏ត្រូវប្រើរយៈពេលយូររហូត៣ថ្ងៃ ដើម្បីកាប់ឆ្ការព្រៃ ទើបនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ម្សិលមិញ ទើបអាចយកគ្រាប់នោះ និងបានដឹកជញ្ជូនយកទៅរក្សាទុកដោយសុវត្ថិភាពហើយ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ មានហេតុការណ៍ដ៏កក្រើកមួយ បានកើតឡើងនោះ គឺផ្ទុះក្បាលគ្រាប់១០៥មីល្លីម៉ែត្រ ដែលបន្សល់ពីសម័យសង្គ្រាម និងជាកេរ្តិ៍មរតករបស់ មហាអំណាចអាមេរិក ដោយបានបណ្ដាលឲ្យប្រជាពលរដ្ឋម្នាក់ស្លាប់ និង៩នាក់ផ្សេងទៀតរងរបួស ស្ថិតនៅចំណុចភូមិព្រែកតូច ឃុំជីរោទ៌ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ភ្លាមៗក្រោយទទួលបានព័ត៌មានដ៏តក់ស្លុតមួយនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានអាជ្ញាធរមីនកម្ពុជា សូមសម្តែងនូវមរណទុក្ខដ៏ក្រៀមក្រំបំផុត ជូនចំពោះគ្រួសារ នៃសព និងបញ្ជាឲ្យមន្រ្តីពាក់ព័ន្ធជួយសង្គ្រោះជនរងគ្រោះទាំង៩រូប ដែលរងរបួសដោយសារហេតុការណ៍នេះ៕