(ភ្នំពេញ)៖ បន្ទាប់ពីបង្ហាញជំហរដើរចេញពីអតីតគណបក្សសង្រ្គោះជាតិ ហើយគ្រោងនឹងទៅចូលរួមជាមួយគណបក្សឆន្ទៈខ្មែរនោះ លោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៉ី និងជាមនុស្សជំនិតរបស់ លោក សម រង្ស៉ី បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងសមាជិក អតីតគណបក្សសង្រ្គោះជាតិទាំងអស់ឱ្យទុកគណបក្សឆន្ទៈខ្មែរ គឺជាជម្រកថ្មីរបស់ខ្លួន។
សម្រាប់លោក គង់ គាំ, គណបក្សសង្រ្គោះជាតិ ដែលត្រូវតុលាការកាត់ទោសរំលាយអំពីបទល្មើសក្បត់ជាតិនោះ នឹងមិនអាចរស់ឡើងវិញ ដូចការលើកឡើងរបស់ លោក សម រង្ស៉ី និងបក្ខពួកមួយចំនួនរបស់លោកនោះឡើយ ហើយបើនៅតែរង់ចាំតទៅទៀត នឹងបាត់បង់ឱកាស។
លោក គង់ គាំ បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសផ្តាច់មុខជាមួយទូរទស្សន៍ Fresh News នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ យ៉ាងដូច្នេះថា៖ «ខ្ញុំច្បាស់ជា បន្ទាប់ពីទទួលបានសិទ្ធិនេះ ទៅជួយគណបក្សឆន្ទៈខ្មែរហើយ សូមឱ្យអតីតគណបក្សសង្រ្គោះជាតិ ទុកគណបក្សឆន្ទៈខ្មែរ ជាជម្រកថ្មី ជាឱកាសថ្មីរបស់ខ្លួន សូមប្រជាពលរដ្ឋដែលចង់ឱ្យមានការផ្លាស់ប្តូរហ្នឹង ជ្រើសរើសគណបក្សឆន្ទៈខ្មែរ»។
លោក គង់ គាំ បានប្រកាសជំហរទទួលយកសិទ្ធិធ្វើនយោបាយឡើងវិញ កាលពីចុងឆ្នាំ២០១៨ គ្រាដែលច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ មាត្រា៤៥ថ្មី (ស្ទួន១) ត្រូវបានរៀបចំដោយរដ្ឋសភា និងមុនច្បាប់នេះចូលជាធរមានម្ល៉េះ។ លោកបានដាក់ពាក្យស្នើសុំទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ដើម្បីសុំសិទ្ធិធ្វើនយោបាយនេះ បន្ទាប់ពីត្រូវតុលាការកំពូលហាមឃាត់សិទ្ធិធ្វើនយោបាយ ក្នុងរយៈពេល៥ឆ្នាំ ជាមួយអតីតថ្នាក់ដឹកនាំ នៃគណបក្សសង្រ្គោះជាតិ១១៧នាក់ផ្សេងទៀត។
បន្ទាប់ពីដាក់សំណើទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយនោះ លោក គង់ គាំ កំពុងរង់ចាំការពិនិត្យ និងព្រះរាជក្រឹត្យដែលផ្តល់នីតិសម្បទានយោបាយដល់រូបលើកឡើងវិញ។ ប៉ុន្តែលោកមានជំនឿថា លោកនឹងទទួលបានការផ្តល់នីតិសម្បទានេះ ដោយសារតែលោកបានអនុវត្តត្រឹមត្រូវតាមសាលដីកាតុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក គង់ គាំ ធ្លាប់បានអះអាងថា លោកនឹងក្លាយទៅជាទីប្រឹក្សាជាន់ខ្ពស់របស់គណបក្សឆន្ទៈខ្មែរដែលជាគណបក្សបង្កើតឡើងដោយកូនប្រុសពៅរបស់លោក គឺលោក គង់ មុនីកា។ ជាមួយគ្នានេះ លោកបញ្ជាក់ថា គណបក្សឆន្ទៈខ្មែរ នឹងរៀបចំពិធីទទួលលោកនៅពេលខាងមុខ ដោយអធឹកអធមផងដែរ។
លោកគង់ គាំ បានបញ្ជាក់ថា៖ «ខ្ញុំគាំទ្រដល់គណបក្សឆន្ទៈខ្មែរ ដែលជាគណបក្សដែលគ្រោងនឹងចុះឈ្មោះចូលរួមបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្តក្រុង នៅឆ្នាំ២០១៩ គឺនៅខែឧសភាខាងមុខនេះ ដើម្បីទាំងអស់គ្នា ទាំងអ្នកដែលចង់បានតំណែងជាប់ឆ្នោត ហើយរួមគ្នាបោះឆ្នោតឱ្យគណបក្សឆន្ទៈខ្មែរ ដើម្បីមានពហុបក្សចាប់ពីរាជធានី ខេត្តក្រុងស្រុកខណ្ឌ ហើយនៅឆ្នាំ២០២៣តទៅ មានពហុបក្សទាំងនៅរដ្ឋសភា និងព្រឹទ្ធសភាទៅបាត»។
សូមបញ្ជាក់ថា ក្រៅពីលោក គង់ គាំ ដែលទទួលយកសិទ្ធិធ្វើនយោបាយនោះ លោក គង់ បូរ៉ា កូនប្រុសម្នាក់ទៀតរបស់លោក ដែលជាអតីតតំណាងរាស្រ្ត អតីតគណបក្សសង្រ្គោះជាតិ ក៏បានដាក់សំណើស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញផងដែរ៕