(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា បន្ទាប់ពីបានតាមដានលើស្ថានភាព អាកាសធាតុរួចមកឃើញថា នៅថ្ងៃទី២៤-២៧ ខែមករា ឆ្នាំ២០១៩ ជ្រលងសម្ពាធខ្ពស់ នឹងបង្កើនឥទ្ធិពលខ្លាំងមកលើកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹង ស្តីពីការចុះត្រជាក់លើកទី២ របស់ក្រសួងធនធានទឹក ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។
សេចក្តីជូនដំណឹង បានបញ្ជាក់ថា «លក្ខណៈបែបនេះ នឹងបង្កឲ្យធាតុអាកាសនៅកម្ពុជា ចុះត្រជាក់ជាថ្មីម្តងទៀត ចាប់ពីថ្ងៃទី២៥-២៧ ខែមករា ពិសេសនៅតំបន់ជួរភ្នំខេត្តមណ្ឌលគិរី និងខេត្តព្រះវិហារ ដែលសីតុណ្ហភាពអប្បបរមា អាចនឹងធ្លាក់ចុះមក នៅក្នុងរង្វង់ពី១៧-១៩ អង្សាសេ»។
ជាមួយគ្នានោះ ក្រសួងធនធានទឹក ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសវីរកងទ័ព ដែលឈរជើងនៅតំបន់ជួរភ្នំដងរែក និងនៅខ្ពង់រាបភាគឦសាន ប្រុងប្រយ័ត្នចំពោះអាកាសធាតុ ដែលចុះត្រជាក់នេះ៕