(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនធាន បានលើកឡើងថា មានមូលហេតុចម្បងចំនួន៣ ដែលនាំឲ្យវិនិយោគិនចិនបោះទុនវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់។ មូលហេតុហេតុចម្បងទាំង៣នោះរួមមាន៖ ទំនាក់ទំនាក់ដ៏ល្អរវាងកម្ពុជា-ចិន, ស្ថេរភាពនយោបាយនៅកម្ពុជា និងបរិយាកាសវិនិយោគល្អប្រសើរ។
ក្នុងសន្និសីទព័ត៌មាននៅស្ថានទូតចិនក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ លោកឯកអគ្គរដ្ឋទូតចិន បានលើកឡើងថា មិត្តភាពដ៏ស៊ីជម្រៅរវាងកម្ពុជា និងចិន ជាកត្តាសំខាន់បំផុតដែលនាំឲ្យអ្នកវិនិយោគចិនកាន់តែច្រើនមកដាក់វិនិយោគទុននៅកម្ពុជា។ លោកឯកអគ្គរដ្ឋទូតបន្តថា មនោសញ្ចេតនាដ៏ជ្រាលជ្រៅកើតចេញពីទំនាក់ទំនងរវាងកម្ពុជា និងចិន ធ្វើឲ្យក្រុមហ៊ុនរបស់ចិនទាំងរដ្ឋ និងឯកជនចង់ដាក់វិនិយោគទុននៅកម្ពុជា ដើម្បីធ្វើឲ្យកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជាមានការអភិវឌ្ឍកាន់តែខ្លាំងក្លាថែមទៀត។
ក្រៅពីទំនាក់ទំនាក់ដ៏ស៊ីជម្រៅនេះទៅ ការរក្សាបានស្ថេរភាពនយោបាយ និងសន្តិភាពនៅកម្ពុជា ក៏ជាដើមចមចម្បងក្នុងការទាក់ទាញអ្នកវិនិយោគចិនផងដែរ។ លោក វ៉ាង វិនធាន បានគូសបញ្ជាក់ថា រាល់ក្រុមហ៊ុននៅពេលចង់ដាក់ទុនវិនិយោគនៅក្រៅប្រទេស គឺត្រូវគិតពីស្ថេរភាពនយោបាយ។
លោក វ៉ាង វិនធាន បានបញ្ជាក់យ៉ាងដូច្នេះ «ប្រសិនបើគ្មានស្ថេរភាពនយោបាយ គឺក្រុមហ៊ុននឹងទទួលផលប៉ះពាល់យ៉ាងច្រើន។ យើងក៏រីករាយផងដែរ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខ ធ្វើឲ្យកម្ពុជាមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំង និងមានស្ថេរភាពនយោបាយ ហើយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់។ នេះជាកត្តាដែលធ្វើឲ្យវិនិយោគិនចិនកាន់តែច្រើនដាក់វិនិយោគទុននៅកម្ពុជា»។
ចំណុចសំខាន់មួយទៀតដែលនាំឲ្យអ្នកវិនិយោគចិនដាក់ទុនវិនិយោគនៅកម្ពុជានោះ គឺបរិយាកាសល្អក្នុងការវិនិយោគនៅកម្ពុជា។ លោកឯកអគ្គរដ្ឋទូតចិន បានលើកឡើងថា រដ្ឋាភិបាលចិន និងកម្ពុជា បានយកចិត្តទុកដាក់ខ្លាំងទៅលើការទាក់ទាញអ្នកវិនិយោគចិនមកកម្ពុជា ដោយបានដាក់ចេញនូវគោលនយោបាយជាច្រើនពាក់ព័ន្ធវិស័យពន្ធ និងដីធ្លីជាដើម។
លោក វ៉ាង វិនធាន បានអះអាងថា ប្រទេសចិន បានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា។ មកដល់ឆ្នាំ២០១៨ ទុនវិនិយោគរបស់ក្រុមហ៊ុនចិននៅកម្ពុជាមានជាង ២០ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុនចិន ៧០ភាគរយ ជាក្រុមហ៊ុនផលិតសម្លៀកបំពាក់ និងស្បែកជើង ហើយបានផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជារាប់សែននាក់។ ក្នុងនោះគ្រាន់តែតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានផ្តល់ការងារជូនប្រជាពលរដ្ឋជាង ២ម៉ឺននាក់។
លោកឯកអគ្គរដ្ឋទូត បានថ្លែងថា រដ្ឋាភិបាលចិន តែងតែលើកទឹកចិត្តក្រុមហ៊ុនវិនិយោគរបស់ចិនទាំងរដ្ឋ និងឯកជន ឲ្យមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ដើម្បីជួយអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។
លោក វ៉ាង វិនធាន បានឲ្យដឹងផងដែរថា កាលពីប៉ុន្មានថ្ងៃមុន លោកបានជួបជាមួយក្រុមហ៊ុនឯកជនជាច្រើននៅក្នុងប្រទេសកម្ពុជា។ លោកថា ក្រុមហ៊ុនទាំងនេះសុទ្ធតែមានទំនុកចិត្តយ៉ាងល្អប្រសើរក្នុងការវិនិយោគនៅកម្ពុជា៕